ខេត្តក្រចេះ ៖ ស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះវិញ បន្ទាប់ពីមានសន្ធឹកទឹកជន់ឡើងខ្លាំង នាអំឡុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយជាប់ៗគ្នានេះ គិតត្រឹមថ្ងៃទី៦ កញ្ញា បានជន់ឡើងដល់កម្រិតប្រកាសអាសន្នហើយ គឺកំពស់២២ម៉ែត្រ ។
ជំនន់ទឹកជន់ឡើងខ្លាំងតាមរយៈការរងនូវឥទ្ធិពលព្យុះ បង្កជាគ្រោះហន្តរាយធ្ងន់ធ្ងរ ដូចជាប៉ះពាល់ដល់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន បាក់ដីច្រាំទន្លេ លិចលង់ លំនៅឋានពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះបង្កនិងប៉ះពាល់ដល់អាយុជីវិតកុមារ២នាក់ផងដែរ ដែលបានស្លាប់ដោយលង់ទឹកព្រែក និងទឹកស្រែ នៅខាង
ក្រោមផ្ទះ។
ដោយសារតែការជោរជន់ឡើងនៅមិនទាន់ថមថយ អាជ្ញាធរខេត្តក្រចេះ នៅថ្ងៃទី៥ កញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នលើប្រភេទរថយន្តធុនធំដឹកទំនិញ មិនឱ្យបើកបរលើកំណាត់ផ្លូវជាតិលេខ៧៣ ស្រុកឆ្លូង ក្រចេះ-ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយសារតែកំពុងតែរងការជន់លិច ចំណីផ្លូវអាចប្រឈមនិងគ្រោះថ្នាក់ និងប៉ះពាល់បង្កឲ្យខូចខាត។
ស្រុកចំនួន៤និងក្រុង១នៅទូទាំងខេត្ត រួមមានស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកចិត្រ បុរី ស្រុកឆ្លូង និងក្រុងក្រចេះ ដែលជាតំបន់ងាយនិងលិចលង់ ព្រោះស្ថិតជាប់ដងទន្លេមេគង្គ បានកំពង់តែប្រឈមនិងការលិចលង់ខ្លាំង ខណៈលំនៅឋានពលរដ្ឋជាច្រើនរយគ្រួសារ បានរងការប៉ះពាល់ និងគោក្របីជាច្រើនពាន់ក្បាល ក៏ត្រូវាចាត់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំទុក។
បើតាមរបាយការណ៍របស់សាលាខេត្តក្រចេះ បានបង្ហាញពីផលប៉ះពាល់ដោយទឹកជំនន់ នេះថា គិតត្រឹមថ្ងៃទី៦ កញ្ញានេះ ការលិចលង់បង្កឲ្យប៉ះពាល់ដល់ស្រូវវស្សាចំនួន១៤៥៩ ហិកតា ប៉ះពាល់ដំណាំរួមផ្សំចំនួន២២៨ហិកតា លិចផ្លូវលំ១២ខ្សែរ ទំនប់២កន្លែង ប្រវែង១៣៥០ មែត្រ បាំងច្រាំងទន្លេចំនួន៩កន្លែង នៅក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ប៉ះពាល់លំនៅ ឋានប្រជាពលរដ្ឋ៥៣២៤ខ្នងផ្ទះ ប៉ះពាល់អណ្តូងស្នង១០០អណ្តូង ប៉ះពាល់សាលារៀន២៣ កន្លេង មណ្ឌលសុខភាពចំនួន២ ប៉ះពាល់វត្ត៣កន្លែង និងសាលាឃុំ២កន្លែង។
ក្នុងគ្រោះធម្មជាតិទឹកជំនន់នេះ ក៏បានបង្កឲ្យមានក្មេងស្រី២នាក់ បានស្លាប់បន្ទាប់ពីជួប ហេតុការណ៍លង់ទឹកជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី៤ កញ្ញា ។ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រស់នៅ ស្រុកឆ្លូង បានស្លាប់ដោយសារលង់ទឹកព្រែកនៅខាងក្រោយភូមិ និងម្នាក់ទៀតអាយុជាង ១ឆ្នាំ បានស្លាប់ ដោយសារលង់ទឹកស្រែនៅខាងក្រោយផ្ទះ នៅស្រុកសំបូរ។
មន្ត្រីសាលាខេត្តក្រចេះនិយាយថា ស្ថានភាពទឹកជំនន់បានបន្តជន់លិចចូលក្នុងទីប្រជុំជន់ក្រុងក្រចេះ ខណះដែលអាជ្ញាធរខេត្តក្រចេះ កំពុងតែសម្រុកការបូមទឹក រំដោះចេញពីក្នុងក្រុង។ ក្រុមមន្ត្រីបាននិយាយទៀតថា អភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅថ្ងៃទី៦ កញ្ញា ដដែល បានដឹកនាក្រុមការងារគ្រប់វិស័យជំនាញដូចជា មន្ទីរសុខាភិបាល មន្ទីរសិកម្ម កាកបាទក្រហម បានចុះទៅពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋ ដែលកំពុងតែរស់នៅតាមតំបន់លិចលង់ និងពិនិត្យស្ថានភាពសុខភាពសត្វពាហនៈ ដែលត្រូវបានជម្លៀសនៅលើទីទួលសុវត្ថិភាព ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ