ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អភ័យ​វង្ស​»…​ជា​ត្រកូល​ដែល​ត្រួតត្រា​ខេត្តបាត់ដំបង​រយៈ​១១២​ឆ្នាំ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ត្រកូល​អភ័យ​វង្ស​ច្រើន​ដំណរ ដែល​បាន​ត្រួតត្រា​ខេត្តបាត់ដំបង​រយៈពេល​១១២​ឆ្នាំ កាលពី​២២៤​ឆ្នាំ​មុន​ បើ​និយាយ​អំពី​សាវតា​នៃ​ខេត្តបាត់ដំបង (​សៀម​បាន​ប្រែ​ឈ្មោះ​ជា​ខេត្ត​ព្រះ​ដំបង ) ដែល​ធ្លាប់​​​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សៀម​អស់​ជា​ច្រើន​ឆ្នាំ គឺ​ត្រូវ​និយាយ​ទាក់ទង​នឹង​សាវតា​ដែល​ខេត្ត​នេះ…

ខេត្តបាត់ដំបង ៖ ត្រកូល​អភ័យ​វង្ស​ច្រើន​ដំណរ ដែល​បាន​ត្រួតត្រា​ខេត្តបាត់ដំបង​រយៈពេល​១១២​ឆ្នាំ កាលពី​២២៤​ឆ្នាំ​មុន​ បើ​និយាយ​អំពី​សាវតា​នៃ​ខេត្តបាត់ដំបង (​សៀម​បាន​ប្រែ​ឈ្មោះ​ជា​ខេត្ត​ព្រះ​ដំបង ) ដែល​ធ្លាប់​​​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សៀម​អស់​ជា​ច្រើន​ឆ្នាំ គឺ​ត្រូវ​និយាយ​ទាក់ទង​នឹង​សាវតា​ដែល​ខេត្ត​នេះ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល«​អភ័យ​វង្ស​»​។ ​

ត្រកូល​អភ័យ​វង្ស​នេះ ជា​ត្រកូល​មួយ​ធ្លាប់​គ្រប់គ្រង​ខេត្តបាត់ដំបងអស់​ជា​ច្រើន​ជំនាន់ ​ដែល​​ខណៈនោះ ខេត្ត​នេះ ​ត្រូវ​ដាក់​ស្ថិត​ក្នុង​មណ្ឌលបូព​៌ា របស់​រាជា​អាណាចក្រ​សៀម ​។ បើ​យោង​តាម​ឯកសារ និង​រូបភាព
​ខ្លះ​ៗ ​នៅ​ក្នុង​មន្ទីរពេទ្យ​អភ័យ​ភូ​បេ​ត្ស​ ប្រទេស​ថៃ ព្រមទាំង​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «​បាត់ដំបង​សម័យ​លោក​ម្ចាស់​» និពន្ធ​ដោយ​លោក តូច ឈួ​ង បោះពុម្ព​លើក​ទី​២ ឆ្នាំ​១៩៩៤ បាន​រៀបរាប់​ថា ៖ ត្រកូល «​អភ័យ​វង្ស​» ដើម​នាមត្រកូល​អភ័យ​វង្ស គឺ​ឧកញ៉ា​យមរាជ (​បែន​) ជា​ពូជពង្ស​ត្រកូល​ខ្មែរ​មួយ​ដែល​បាន​ចុះចូល​ជាមួយ​សៀម ​។

ត្រកូលអភ័យ​វង្សបាន​គ្រប់គ្រង ខេត្តបាត់ដំបង ​ដល់​ទៅ​៦​ជំនាន់រៀង​ត​ៗ​គ្នា​ជា​លំដាប់​រហូត​មក ចាប់ពី​ឆ្នាំ​១៧៩៥ ដល់​ឆ្នាំ​១៩០៧ គឺ​រយៈពេល​យូរ​ជាង​អាណានិគមនិយម​បារាំង ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដែល​មាន​រយៈកាល​ត្រឹម៩០​ឆ្នាំ​ ។ ជន​ទី​មួយ​ដែល​គ្រប់គ្រង​ខេត្ត​នេះ​ ឈ្មោះ បែន ងារ​ជា​ឧកញ៉ា​យមរាជ ​។ ខេត្ត​ខណ្ឌ​នោះ ​ក៏​ក្លាយ​ខេត្ត​មួយ​ស្ថិត​ក្នុង​មណ្ឌល​បូព​៌ារបស់​សៀម ​ចាប់ពី​ពេល​នោះ​ ជា​ដរាប​រៀង​មក រហូត​ដល់​បារាំង​ទាមទារ​យក​ពី​សៀមវិញ​ តាម​រយៈ​សន្ធិសញ្ញា​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​១៩០៧ ។

គ្រួសារ​អភ័យ​វង្ស​រស់នៅ​ក្នុង​បរិវេណ​កំផែង​ដ៏​ស្កឹមស្កៃ​ ។ កំផែង​នេះ ​ហាក់ដូចជា​ស្ថានសួគ៌​សម្រាប់​គ្រួសារ​ស្ដេចត្រាញ់​មួយ​នេះ​អ​ញ្ចឹ​ង ​។ បែន ដែល​បាន​កាន់​អំណាច​ជា​ស្ដេចត្រាញ់​ដំបូង បាន​ស្លាប់​នៅ​ឆ្នាំ​១៨០៩ ឈ្មោះ ប៉ែន ជា​កូន​ក៏​ឡើង​បន្តការងារ​នេះ​ទៀត​បាន​កាល៧​ឆ្នាំ​ក៏​ស្លាប់​បាត់​ទៅ ​។ បន្ទាប់​មក រស់​ជា​កូន​របស់ប៉ែន ក៏​ឡើង​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ​១៨៣៥ ​។ លុះ​អស់ពី​ឈ្មោះរស់ ទៅ កូន​របស់រស់ ឈ្មោះ ន​ង ក៏​ឡើង​បន្ត​ទៀត ​។

គេ​មិនដឹង​ថា ន​ងស្លាប់​នៅ​ឆ្នាំ​ណា​នោះ​ទេ តែ​ក្រោយមក​កូន​របស់ ន​ង ឈ្មោះ យារ ហៅ ញ៉ុញ បាន​គ្រប់ គ្រង​ខេត្តបាត់ដំបង រហូត​ដល់​ឆ្នាំ១៨៩៤ ​។ កូន​របស់យារឈ្មោះ ឈុំ ក៏​បាន​ឡើង​បន្ត​ដំណែង​ពី​ឪពុក​ខ្លួន​ដោយ​សម្លាប់​បងថ្លៃ​របស់​ខ្លួន​ជា​សាសន៍​សៀម​ព្រោះ​ឮ​ថា ព្រះ​ចៅ​សៀម ចង់​លើក​នាយ​បងថ្លៃ​នោះ​ឲ្យ​ឡើង​គ្រង​ខេត្ត​បន្ត​ពី​ឪពុក​របស់​ខ្លួន ។

ឈុំ អភ័យ​វង្ស នេះ​គេ​ចាត់ទុកជា​មនុស្ស​សាហាវឃោរឃៅ ប្រហាក់ប្រហែល​ទៅ​នឹង​ជីតា​ជំនាន់​ទី​១ បែន របស់​ខ្លួន​ដូច្នោះ​ដែរ​។ ឈុំ អភ័យ​វង្ស បាន​គ្រប់គ្រង​ខេត្តបាត់ដំបង ពី​ឆ្នាំ​១៨៩៥ រហូត​ដល់​ឆ្នាំ​១៩០៧​។ នៅ​ពេល​ដែល​បារាំង​យក​ខេត្ត​នេះ​មក​វិញ ឈុំ ក៏​រើ​ផ្ទះសម្បែង​ទាំង​ប៉ុន្មាន​នៅ​បាត់ដំបង (​សាលាខេត្ត​ចាស់​រាល់ថ្ងៃ​) ហើយ​ដឹក​ទ្រព្យសម្បត្តិ ប្រពន្ធ និង​កូនចៅ​ប្រហែលជា ១០០ រទេះគោ​ទៅ​រស់នៅ​ឯប​ស្ចឹ​ម​បុរី (​ធ្វើ​ផ្ទះ​ដូច​នៅ​បាត់ដំបង​ដែរ ដែល​សព្វ​ថ្ងៃជា​មន្ទីរពេទ្យ​អភ័យ​វង្ស​ក្នុង​ខេត្ត​ប្រា​ជី​ន​បូ​រី​) ។

ក្រោយមក ឈុំ ក៏​ស្លាប់​កំឡុង​ឆ្នាំ​១៩២២​។ ឯកសារ​ខ្លះ​ទៀត​ថា បារាំង​បាន​យល់ព្រម​ផ្តល់​លុយ​អោយ ឈុំ អភ័យ​វង្ស​ចាប់ពី​ឆ្នាំ​១៩០៧ រហូត​ដល់​គាត់​ស្លាប់ ក្នុង​១​ឆ្នាំ ១​សែន​បាត ដែល​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​របស់​គាត់​។ បុត្រ​របស់ ឈុំ អភ័យ​វង្ស ម្នាក់​ឈ្មោះ ខួង (​គួ​ង​/​ខួង អភ័យ​វង្ស​) ដែល​ជា​អ្នក​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​ដំបូង​បំផុត​របស់​ប្រទេស​សៀម ធ្លាប់​បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​សៀម​ដល់​ទៅ​៣​ដង​។ ខួង អភ័យ​វង្ស កើត​ឆ្នាំ​១៩០២ នៅ​ខេត្តបាត់ដំបង ​។

តាំងពី​កា​រត​វង្ស​ត្រកូល​មក​ពី​រជ្ជកាល​ទី​១ រហូត​ដល់​ចុង​រជ្ជកាល​ទី​៥ ដែល​ការ​ផ្សំផ្គុំ​រវាង​ត្រកូល​សៀម ជា​មួយ​ខ្មែរ​របស់​អ្នក​រួម​ត្រកូល​អភ័យ​វង្ស​នេះ រហូត​ដល់​ថ្នាក់​មិន​អាច​បែងចែក​ឲ្យ​បាន​ច្បាស់លាស់​ ។ គ្រាមួយ​នៅ​ពេល​មានការ​បោះ​ឆ្នោត ខួង អភ័យ​វង្ស ត្រូវ​បាន​បក្ស​ម្ខាង​ទៀត​ចោទប្រកាន់​ថា​ខ្លួន​មាន​បុព្វបុរស​មិនមែន​ជនជាតិ​សៀម តែ​ជា​ជនជាតិ​ខ្មែរ ឆ្លើយ​តប​ចំពោះ​ការ​ចោទប្រកាន់​នេះ ខួង អភ័យ​វង្ស បាន​អះអាង​ក្នុង​ឆ្នាំ​១៩៦៣ ពី​កំណើត​ត្រកូល​នេះ​ឲ្យ​អ្នក​ស្ដាប់​ពិចារណា និង​កាត់សេចក្ដី​ដោយ​ខ្លួនឯង ដោយសារ​ខ្លួនឯង​មិន​អាច​សម្រេច​បាន​។​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ