ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី​មាន​តាំងពី​ព្រះសម្មាសម្ពុទ្ធ ! ទ្រង់​គង់នៅ​ជា​ធរមាន​មក​ម្ល៉េះ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​ខ្មែរ​យើង​តែងតែ​ប្រារព្ធ​ធ្វើ​នូវ​ពិធី​ក្រុង​ពាលី​នៅ​ពេល​មាន​ពិធីបុណ្យ​មួយ​ចំនួន​ដូច​ជា បុណ្យចម្រើនព្រះជន្ម ឬ​បុណ្យ​គម្រប់​ខួប​៧​ថ្ងៃ ១០០​ថ្ងៃ ពិធី​បញ្ចុះ​បឋមសិលា និង​ពិធីបុណ្យ​ជា​ច្រើន​ទៀត ព្រមទាំង​ពិធី​មង្គលការ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សង្គម​ខ្មែរ​យើង​តែងតែ​ប្រារព្ធ​ធ្វើ​នូវ​ពិធី​ក្រុង​ពាលី​នៅ​ពេល​មាន​ពិធីបុណ្យ​មួយ​ចំនួន​ដូច​ជា បុណ្យចម្រើនព្រះជន្ម ឬ​បុណ្យ​គម្រប់​ខួប​៧​ថ្ងៃ ១០០​ថ្ងៃ ពិធី​បញ្ចុះ​បឋមសិលា និង​ពិធីបុណ្យ​ជា​ច្រើន​ទៀត ព្រមទាំង​ពិធី​មង្គលការ​ផង​ដែរ ។ ដែល​ជា​ទូទៅ​មុន និង​ចូល​ដល់​កម្មវិធី​ទាំងអស់​ខាងលើ គឺ​មានការ​ធ្វើ​ពិធីសែនក្រុងពាលី​នេះ​ជា​មុន​សិន ដើម្បី​រម្លឹក​នឹក​ដល់​ស្ដេច​ក្រុង​ពាលី​ដែល​ជា​ម្ចាស់​ទឹកដី​សង់រោង​បុណ្យ រោងការ រោងផ្កាស្លារ រោង​ចុងភៅ ជាដើម ។

បើ​តាម​«​គម្ពីរ​សព្វ​សូត្រ​» ដែល​បោះពុម្ពផ្សាយ​នៅ​ក្នុង​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​របស់​ក្រុម​ទំនៀមទម្លាប់​ខ្មែរ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​គង់នៅ​ជា​ធរមាន​មក​ម្ល៉េះ ប៉ុន្តែ​កាលនោះ​ព្រះ​អង្គ​ត្រឹមតែ​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​ដែល​មានចិត្ត​សទ្ធា​ជ្រះថ្លា​និង​ថ្វាយ​មហាទាន​ចំពោះ​ព្រះ​អង្គ​ក្ដី ឬ​អគ្គសាវ័ក​ក្ដី ភិក្ខុ សាមណេរ និង​ប​ថុ​ជ្ជ​ន​ក្ដី សូម​ជួយ​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ស្ដេច​ក្រុង​ពាលី​ប៉ុណ្ណោះ ព្រះ​អង្គ​មិន​បាន​បង្គាប់​ឲ្យ​សែនព្រេន​ដោយ​រណ្ដាប់​ផ្សេង​ៗ​ឡើយ​ស្ដេច​ក្រុង​ពាលី​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​ព្រ​សម្មាសម្ពុទ្ធ​ទ្រង់​យាង​ចូល​ព្រះ​បរិ​និ​ព្វា​ន្ត​ទៅ​យូរ​បន្តិច អ្នក​កាន់​ព្រះពុទ្ធ​សាសនា​បាន​យក​សាសនា​ផ្សេង​ធ្វើ​ពិធី​ច្រឡូកច្រឡំ ហើយ​មិន​ត្រឹមតែ​ឧទ្ទិស​កុសលផល​បុណ្យ​ឲ្យ​ស្ដេច​ក្រុង​ពាលី​ប៉ុណ្ណោះ​ទេ បាន​ជ្រុល​ទៅ​រៀប​សែនព្រេន​ឲ្យ​ស្ដេច​ក្រុង​ពាលី​ទៀត​ផង ហើយ​ទំនៀមទម្លាប់​នេះ​បាន​ធ្វើ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ មិនតែប៉ុណ្ណោះ​ពិធីសែនក្រុងពាលី​នេះ​ក៏​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​សាម​ណៈ​គោតម​កាលពី​អង្វែង​ជាតិ​ដែល​ព្រះ​អង្គ​យោង​យកកំណើត​កើតជា​ស្ដេច​ស្វា​ខ្មៅ រីឯ​តួអង្គ​ស្ដេច​ក្រុង​ពាលី​កើតជា​ស្ដេច​ស្វា ស មក​ផង​ដែរ ។

លោកគ្រូ​អាចារ្យ ឃុ​ត ឃី​ម រស់នៅ​ក្នុងភូមិ​ស្នោរ​ខាងកើត សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដែល​ជា​អាចារ្យវត្ត​ភ្នៀ​ត​សិម្ពលី​ផង និង​ជា​អាចារ្យកាន់ពេលា​មង្គលការ​ផ្សេង​ៗ​ផង​បាន​ឲ្យ​ដឹង​ថា ពិធី​ក្រុង​ពាលី​នេះ បើ​តាម​ដែល​លោក​ធ្លាប់​សិក្សា​មក គឺ​ពិតជា​មាន​ជាប់​ទាក់ទង​ជ្រៅ​ទៅ​នឹង​ព្រះ​សាសនា​មែន ។ គឺ​តាំងពី​ព្រះ​បរម​ពោធិសត្វ​យោង​យកកំណើត​ជា​ជា​ស្ដេច​ស្វា​ខ្មៅ រីឯ​ស្ដេច​ក្រុង​ពាលី​កើតជា​ស្ដេច​ស្វា ស មក​ម្ល៉េះ ហើយ​រឿងរ៉ាវ​នោះ គឺ​វែង​ឆ្ងាយ​ណាស់ ។

មិនតែប៉ុណ្ណោះ​ពិធី​នេះ​ខ្មែរ​យើង​តែង​ធ្វើ​នៅ​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​រួម និង​ពិធី​មង្គលការ​ផង​ដែរ ហើយ​មានការ​បួងសួង​ដូច​តែ​គ្នា និង​ប៉ុន្តែ​ខុស​ត្រង់​ថា សែន​ក្រុង​ពាលី​ក្នុង​ពិធីបុណ្យ​គេ​ប្រើ​បាន​ទាំង​ភ្លេងពិណពាទ្យ និង​ភ្លេង​ប្រពៃណី​ប្រគុំ​នៅ​ក្នុង​ពេល​បួងសួង​ចប់​១​វគ្គ​ៗ​បាន ចំណែក​ការ​សែន​ក្រុង​ពាលី​នៅ​ក្នុង​ពិធី​មង្គលការ គឺ​ប្រគុំ​បាន​តែ​ភ្លេង​ប្រពៃណី​មួយ​មុខ​ប៉ុណ្ណោះ ។ លោកគ្រូ​អាចារ្យ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ចំពោះ​គ្រឿង​រណ្ដាប់​សម្រាប់​ពិធី​មួយ​នេះ គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ការ​រៀប​គ្រឿង​រណ្ដាប់ គឺ​ធ្វើ​ឡើង​ទៅ​តាម​ធនធាន និង​លទ្ធភាព​របស់​ម្ចាស់​កម្មវិធី​រៀង​ៗ​ខ្លួន ។ ដែល​អ្នកមាន​ធ្វើ​តាម​មាន រីឯ​អ្នក​ក្ស​ត់​ធនធាន គឺ​ធ្វើ​តាម​ដែល​ស្ទុះ​ទៅ​រួច ហើយ​ការ​បួងសួង​ក៏​មាន​ច្រើន​បែប និង​ការ​ប្រគុំ​ភ្លេង​ក៏​មាន​ច្រើន​បទ​ទៅ​តាម​នោះ​ដែរ ។

ម្យ៉ាង​នៅ​ពេល​បួងសួង​ចប់​១​វគ្គ គឺ​ភ្លេង​ប្រគុំ​១​បទ​ហើយ​សម្រាប់​លោក​អាចារ្យ​នានា​មិនដឹង​ថា និយម​ឲ្យ​ភ្លេង​ប្រគុំ​បទ​អ្វីខ្លះ​នោះ​ទេ ប៉ុន្តែ​សម្រាប់​រូប​លោកគ្រូ​វិញ បើ​ពិធីបុណ្យ គឺ​ឲ្យ​ភ្លេង​ពិណ​ពា​ឡ​ប្រគុំ​ដូច​ជា បទ​សាធុកា ,​ត្រាក់​ធំ ,​ទេពរំជួល ,​ទេពនិមិត្ត ,​កងសោយ ,​មហា​ជ័យ ,​និង​អុំទូក​ជាដើម ។ ចំណែក​ក្នុង​ពិធី​មង្គលការ​ឲ្យ​ភ្លេង​ប្រពៃណី​ប្រគុំ​ដូច​ជា បទ​ហោមរោង ,​ស្ដេច​យាង , គោ​ព័ទ្ធ​ស្នឹង ,​នគររាជជើងព្រៃ ,​សែនក្រ​យារ ,​ជ័យ ,​និង​សំពៅថយ ជាដើម ។

បើ​យោង​តាម​ការ​និទាន​នៅ​ក្នុង «​គម្ពីរ​សព្វ​សូត្រ​» ដែល​បោះពុម្ពផ្សាយ​នៅ​ក្នុង​សៀវភៅ «​ប្រជុំរឿងព្រេង​ខ្មែរ​» របស់​ក្រុម​ទំនៀមទម្លាប់​ខ្មែរ​បាន​ដំណាល​មក​ថា ៖ នៅ​ក្នុង​គ្រា​អង្វែង​សាសនា​ព្រះ​សមណគោតម​បរម​ពោធិសត្វ​ជា​ម្ចាស់​បាន​អន្ទោល​យោង​យកកំណើត​ជា​ស្ដេច​ស្វា​ខ្មៅ ឯ​ស្ដេច​ក្រុង​ពាលី​កើតជា​ស្ដេច​ស្វា ស នៅ​ទី​បាងសមុទ្រ​ម្ខាង​ម្នាក់ ។ ពពួក​ស្វា​ទាំង​២​កង​នេះ​មិន​ត្រូវ​ធាតុ​គ្នា​ទេ នៅ​ពេល​ដើរទៅ​រកស៊ី​ជួប​មុខ​គ្នា តែងតែ​ប្រខាំ​គ្នា​យកឈ្នះ​ចាញ់ ស៊ូស្លាប់​រៀង​ៗ​ខ្លួន ។ ហ្វូង​ស្វា​ខ្មៅ​ក៏​បាន​លើកគ្នា​ទៅ​ប្ដឹង​ស្ដេច​ស្វា​ខ្មៅ (​តួអង្គ​ព្រះ​បរម​ពោធិ៍សត្វ​) ជា​ចៅហ្វាយនាយ​សូម​ឲ្យ​ជម្រះ​ចែក​ព្រៃ​គ្នា​រកស៊ី ព្រោះ​ហ្វូង​ស្វា ស កាច​ព្រហើន​ណាស់ ចេះ​រុករាន​ទន្ទ្រានទី ហើយ​បង្កហេតុ​ឈ្លោះប្រកែក ខាំ​គ្នា​ស្លាប់​អន្តរាយ​ព្រាត់ប្រាស់​កូនចៅ​តូចតាច មិន​ដែល​ដាច់ ។ ពេល​នោះ​ព្រះ​ពោធិ៍សត្វ​បាន​សួរ​វិញ​ថា «​តើ​ពួក​ស្វា ស មាន​នាយ​កើយ​ត្រួតត្រា​ដែរ​ទេ0x017d7​» ។ ស្វា​ទាំងអស់​ជម្រាប​សេចក្ដី​ថា «​គ្រាន់តែ​ឮ​គេ​ថា មាន តែ​ពុំដែល​ប្រទះ​ឃើញ​ស្ដេច​ស្វាស​នោះ​ទេ​» ។ ចំណែក​ព្រះ​ពោធិ​ឭ​សត្វ​ព្រម​ទទួល​បណ្ដឹង ហើយ​ប្រាប់​ពួក​ស្វា​ជា​បរិស័ទ​របស់​ខ្លួន​ថា «​ចាំ​យើង​ទៅ​ជម្រះ​ឲ្យ​» ។

បន្ទាប់​មក​ស្ដេច​ស្វា​ខ្មៅ​ដែល​ជា​តួអង្គ​ព្រះ​ពោធិ៍សត្វ​ក៏​បាន​អធិដ្ឋាន​នូវ​បារមី​ដែល​ព្រះ​អង្គ​បាន​កសាង​គ្រប់​ៗ​ជាតិ​មក​ថា «​សូម​ឲ្យ​អាត្មាអញ​ហោះ​រួច​ក្នុង​ឱកាស​នេះ​!» លុះ​ចប់​ការ​អធិដ្ឋាន​ក៏​បាន​ហោះ​ទៅ​បាន​ដូច​ប្រាថ្នា​មែន ។ ដោយឡែក​ពួក​ស្វា ស ទាំង​ប៉ុន្មាន​ឃើញ​លោក​ហើយ​ក៏​ភ័យ​ផ្អើល​រត់​ចែកផ្លូវ​គ្នា​ប្រសាច ខ្លះរ​ត់ទៅ​ប្រាប់​ស្ដេច​ស្វា ស ជា​ចៅហ្វាយនាយ​ថា «​មាន​ស្វា​ខ្មៅ​១​ធំ​ណាស់ មិនដឹង​មកពីណា​ទេ មាន​ឫទ្ធានុភាព​ពូកែ​ចេះ​ហោះហើរ​ដើរ​លើ​អាកាស​បាន ឥឡូវ​មក​ចុះ​នៅ​កណ្ដាល​ហ្វូង​ស្វា ស ហើយ​ស្វា ស ទាំង​ប៉ុន្មាន​ប្រហែលជា​ចុះចូល​ជាមួយ​គេ​អស់ហើយ​ក៏​មិនដឹង0x017d7​» ។ ស្ដេច​ស្វា ស ឮ​ដូច្នោះ​ក៏​ក្រេវក្រោធ លោត​ហក់​ក្អេងក្អាង​កាង​ក្រទា​ឡើង​ថា «​ទី​នេះ​មាន​តែ​អង្គ​អញ​ជា​ធំ ចុះ​មាន​អាណា​ក៏​កាច​ហ៊ាន​ម្ល៉េះ ? អាង​វា​ចេះ​ហោះហើរ​បាន មក​សង្កត់សង្កិន​យក​ពល​អញ​តាម​អំពើ​ចិត្ត​» ។

ស្ដេច​ស្វា ស កំពុង​ក្រេវក្រោធ ដូច្នេះ​ទទួល​ស្វា​ជា​បម្រើ​ព្រះ​ពោធិ៍សត្វ (​ស្ដេច​ស្វា​ខ្មៅ​) ទៅ​ដល់​ប្រាប់​ថា «​ស្ដេច​ស្វា​ខ្មៅ​នៅ​ទី​ព្រៃ​បាងសមុទ្រ​ម្ខាង​នោះ​សុំ​ចូល​មក​ជួប​ស្ដេច​ស្វា ស ដោយ​ស្លូតត្រង់​ទេ កុំ​ឲ្យ​ស្ដេច​ស្វា ស ចាប់ទោស​អូស​ដំណើរ​» ។ លុះ​ឮ​ស្វា​បម្រើ​ប្រាប់​សេចក្ដី​សព្វគ្រប់​ហើយ​ស្ដេច​ស្វា ស តប​ថា «​បើ​ដូច្នេះ​ទេ​ឲ្យ​ស្ដេច​ចូល​មក​ចុះ​!» ។ ស្ដេច​ស្វា ស ឲ្យ​ទៅ​អញ្ជើញ​ព្រះ​ពោធិ៍សត្វ​ចូល​មក​ធ្វើការ​គារវកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក តាម​របៀប​ភាព​ជា​សត្វ ។

ថ្លែង​ពី​ព្រះ​ពោធិ៍សត្វ (​ស្ដេច​ស្វា​ខ្មៅ​) បាន​និយាយ​ទៅ​កាន់​ស្ដេច​ស្វា ស ថា​«​អ្នក​អើយ ! ខ្ញុំ​ឮ​គេ​ហៅ​ឈ្មោះ​អ្នក​ពិ​រោះ​ក្រអួន​ទៅ​ដល់​ខ្ញុំ ជា​ញឹកញយ​ណាស​ថា អ្នកជា​ស្ដេចសត្វ​ចិត្តសប្បុរស​ល្អ មិន​ដែល​ព្យាបាទ​អាឃាត​ចងពៀរ​ចំពោះ​សត្វ​ផង​គ្នា​ឡើយ ខ្ញុំ​ឮ​ល្បី​ដូច្នោះ​ហើយ​ទើប​ខ្ញុំ​ប្រឹង​ស្វែង​មក ដើម្បី​ធ្វើ​ជា​មិត្តសម្លាញ់ និង​អ្នក​ព្រោះ​យើង​ជា​ស្ដេចសត្វ​ដូច​គ្នា គ្រាន់​មានទុក្ខ​ធុរៈ​អ្វី​ជួយ​ការពា​រដោះទុក្ខ​គ្នា​» ។ លុះ​ពេល​ឮ​ពាក្យ​ពោល​ស​សើរ​បែប​នេះ ស្ដេច​ស្វា ស ក៏​យល់ព្រម​ធ្វើ​ជា​មិត្តសម្លាញ់ ។

បន្ទាប់​មក​ព្រះ​បរម​ពោធិសត្វ​ក៏​សម្ដែង​សេចក្ដី​ពី​កល្យាណមិត្ត​ឲ្យ​ស្ដាប់ ហើយ​ស្ដេច​ស្វា ស ក៏​ទន់​ចិត្ត​ចុះសម្រុង​តាម​ឱវាទ​ដំបូន្មាន និង​បាន​លើក​ស្ដ​ច​ស្វា​ខ្មៅ​ជា​គ្រូ​លែង​រំលោភ​ដី​ព្រៃ​រកស៊ី​ដូច​មុន​ទៀត ហើយ​ប្រាប់​ពួក​ស្វា ស ឲ្យ​រាប់អាន​ពួក​ស្វា​ខ្មៅ​ដូច​បងប្អូន​បង្កើត​នឹង​គ្នា ។ គ្រានោះ​ស្ដេច​ស្វា ស បាន​តាំង​សញ្ញា​និង​ព្រះ​ពោធិសត្វ​ថា «​បើ​សម្លាញ់​ជា​គ្រូ​បាន​ត្រាស់​ដឹង​ជា​នូវ​សម្ពោធិញាណ​ទៅ​អនាគត ក៏​សូមកុំ​ឲ្យ​ផុត​ពី​សេចក្ដី​ទំនុកបម្រុង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ​» ។ នឹង​មាន​ផ្សាយ​ជូន​នៅ​វគ្គ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ