រាជធានីភ្នំពេញ ៖ កំប៉ុងហ្គាសចំនួន៣កំប៉ុងត្រូវបានផ្ទុះជាបន្តបន្ទាប់ ហើយបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះឡើងមួយឈុលក៏រលត់ទៅវិញដោយសារម្ចាស់ផ្ទះមានឧបករណ៍សម្រាប់បាញ់ពន្លត់អណ្តាតភ្លើង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ មីនា ២០១៤ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោដល់អ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍យកបំពង់បាញ់ពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពង់ធ្វើឱ្យភ្លើងរលត់ទាំងស្រុងមិនឆាបឆេះរាលដាលធំដុំឡើយ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកំប៉ុងហ្គាសខាងលើនេះផ្ទុះឡើងដោយសាររដូវនេះជារដូវក្តៅ ហើយផ្ទះកើតហេតុនោះជាផ្ទះលក់ដូរឥវ៉ាន់ចាប់ហួយ ដូច្នេះម្ចាស់ផ្ទះបានបញ្ចូលហ្គាសកំប៉ុងតូចៗសម្រាប់ប្តូរ លុះពេលព្រះអាទិត្យបញ្ចេញកម្តៅខ្លាំងពេកក៏ផ្ទុះឡើងតែម្តង។
ជាមួយនឹងបាតុភាពខាងលើនេះជាសញ្ញាមួយដល់ម្ចាស់អាជីវកម្មដទៃទៀតដែលលក់ដូរកំប៉ុងហ្គាសត្រូវប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕
ចែករំលែកព័តមាននេះ