ខេត្តតាកែវ ៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលហ៊ុំព័ទ្ធទៅដោយតូបលក់ដូររាប់រយតូបក្នុងបរិវេណផ្សារព្រៃល្វា ព្រមទាំងផ្ទះថ្មល្វែងជាច្រើននៅជុំវិញត្រូវអគ្គិភ័យឆាបឆេះបានតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក៏រលត់ទៅវិញបណ្តាលឱ្យរលាកស្ត្រីជាប្រពន្ធ និងកូនស្រីថៅកែស្ថានីយប្រេងផងដែរ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ មីនា ២០១៤ នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។ ជុំវិញហេតុការណ៍នេះ បុរសចំណាស់ឈ្មោះស៊ុន ហៀក អាយុ៥៥ឆ្នាំ ជាថៅកែស្ថានីយប្រេងឥន្ធនៈនេះបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនមួយបានបើកចេញពីខេត្តព្រះសីហនុមានចំណុះ៣២.០០០លីត្រមកដាក់នៅតាមស្ថានីយប្រេងចំនួន៣កន្លែង ក្នុងនោះកន្លែងគាត់ដាក់ក្រោយគេជាប្រភេទប្រេងសាំង ដោយបង្ហូរស្ទើរតែអស់នៅសល់តែក្នុងស៊ីទែនប្រហែលជា២ពាន់លីត្រប៉ុណ្ណោះក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញពីត្រង់មាត់បំពង់ប្រេងកប់ក្នុងដី។
ថៅកែស្ថានីយប្រេងនោះបានបន្តទៀតថា ក្នុងពេលដែលមានអណ្តាតភ្លើងឆាបឆេះឡើងនោះបណ្តាលឱ្យរលាកប្រពន្ធគាត់ឈ្មោះអ៊ុន សុខខេង អាយុ៥៣ឆ្នាំ និងកូនស្រីពៅឈ្មោះស៊ុន ធារី អាយុ២៧ឆ្នាំ តែមិនធ្ងន់ធ្ងរទេ ខណៈនោះអ្នកបើកបររថយន្តដឹកប្រេងបានបិទប្រេងសាំង ព្រមទាំងមួលទុយោប្រេងទម្លាក់ចុះដី ហើយបានបើករត់ទៅរកកន្លែងសុវត្ថិភាពដើម្បីការពារកុំឱ្យភ្លើងឆាបឆេះដល់រថយន្ត ចំណែកលោកក៏ស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទៅលើភ្លើងអស់មួយបំពង់កន្លះ រួមទាំងអ្នកដំណើរម្នាក់មកពីចម្ងាយបានមកជួយបាញ់អស់ជិត១បំពង់ដែរ ទើបភ្លើងរលត់ទៅវិញ ជាមួយនោះធ្វើឱ្យសំបកបាវមួយចំនួនបានឆេះខូច និងដំបូលសំណាញ់ក៏ត្រូវឆេះធ្លុះធ្លាយផងដែរ ។
ក្រោយពីភ្លើងរលត់កម្លាំងនគរបាលក៏បានចុះទៅដល់ ព្រមទាំងបានជួយការពាររបស់ទ្រព្យក្រែងមានជនខិលខូចឆ្លៀតឱកាសលួច។ លោកថៅកែបានលើកឡើងថា កាលពីជាង៥ខែមុននេះ ស្ថានីយប្រេងរបស់លោកធ្លាប់ផ្ទុះកុងទ័របូមប្រេងម្តងដែរ តែមិនបណ្តាលឱ្យមានការខូចខាតអ្វីនោះទេ ហើយលោកបានហៅអ្នកជំនាញមកជួសជុលដំណើរការជាធម្មតាវិញ៕
ចែករំលែកព័តមាននេះ