ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​បញ្ជូន​ទាហាន​ក្រោម​ឆ័ត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ​ជាង​២​០០​នាក់ ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ក្នុង​អំឡុង​ខែ​មេសា​ខាង​មុខ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កម្ពុជាបាន​ត្រៀម​ទាហាន​ការ​ពារ​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រមាណ​ជាង​២​០០​នាក់ រួច​ជាស្រេច សម្រាប់​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​អំឡុង​ខែ​មេសា ឆ្នាំ២០១៤ ខាង​មុខនេះ ។

ឧត្តមសេនីយ៍​ទោ តាំង សំប៊ន នាយ​ក​វិទ្យា​ស្ថាន​ជាតិ​ហ្វឹក​ហ្វឺន​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិ​ភាព​ បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម

ខេត្ត​កំពង់​ស្ពឺ ៖ កម្ពុជាបាន​ត្រៀម​ទាហាន​ការ​ពារ​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រមាណ​ជាង​២​០០​នាក់  រួច​ជាស្រេច សម្រាប់​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​អំឡុង​ខែ​មេសា  ឆ្នាំ២០១៤ ខាង​មុខនេះ ។

លោកឧត្តមសេនីយ៍​ទោ តាំង សំប៊ន នាយ​ក​វិទ្យា​ស្ថាន​ជាតិ​ហ្វឹក​ហ្វឺន​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិ​ភាព​ បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម​បាន​ឱ្យ​ដឹងថា ទាហាន​ការពារ​សន្តិ​ភាព​របស់​កម្ពុជា​ដែល​ត្រៀម​បញ្ជូន​នា​ពេល​ខាង​មុខ​នេះ គឺ​ត្រូវបាន​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​វិស្វ​កម្ម​ពី​​យោធា​ចារ្យ​របស់​ប្រទេស​​ជប៉ុន​ប្រមាណ​១៥​នាក់ មុន​ពេល​ពួក​គេ​ត្រូវ​នឹង​បញ្ជូន​ទៅ​ប្តូរ​វេន​​នៅប្រទេស​ស៊ូដង់​ខាង​ត្បូង ។

​លោក​ឧត្តម​សេនីយ៍​បាន​បញ្ជាក់​ថា នា​ពេល​នេះ ​វិទ្យា​សា្ថន​របស់​លោក​កំពុង​តែ​ហ្វឹក​ហ្វឺន​មន្ត្រី​ជំនាញ​ចំនួន​៣​ក្រុម គឺ​មួយ​ផ្នែក​វិស្វ​កម្ម​របស់​ក្រសួង​ការ​ពារ​ជាតិ មក​ពី​កង​រាជអាវុធហត្ថ​ និង​មក​ពី​មន្ទីរពេទ្យ​កំរិត​ពីរ ហើយ​ពួក​គេ​នឹង​ទៅ​ប្តូរ​វេន​ពី​ក្រុម​ចាស់​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង នៅ​មុន​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខនេះ​។

លោក​ឧត្តម​សេនីយ៍​​បាន​បន្ថែម​ថា នាពេល​បច្ចុ​ប្បន្ន​នេះ ប្រទេស​​កម្ពុជា មាន​ជំនាញចំនួន​បី ហើយ​សម្រាប់​ទៅបំពេញ​បេសក​កម្ម​ក្រៅ​ប្រទេស​ក្រោម​ឆ័ត្រ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ គឺ​មាន​ជំនាញ​ដោះមីន ជំនាញពេទ្យ និង​ជំនាញ​​វិស្វ​កម្ម ដែល​ជំនាញទាំង​នេះ​ត្រូវ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​​ប្រទេស​មហា​អំណាច​ជាច្រើន​មាន​ដូចជា ជប៉ុន ចិន អាមេរិក បារាំង ឥណ្ឌា និង​អូស្ត្រាលី ហើយ​នៅ​ពេលខាង​មុខនេះ នឹង​មាន​ប្រទេស​អាល្លឺម៉ង់ចូល​រួម​ជួយបណ្តុះ​បណ្តាល​ផង​ដែរ ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តម​សេនីយ៍​ទោ តាំង សំប៊ន រហូតមក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា បាន​បញ្ជូន​កង​កម្លាំង​មួក​ខៀវ ទាហាន​កម្ពុជា​ក្រោម​ឆ័ត្រ​ អង្គ​ការ​សហ​ប្រជាជាតិ​នេះ បាន​ចំនួន​ជិត​មួយ​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​កម្ពុជាបាន​បញ្ជូន​ទៅ​ប្រទេស​ដូចជា ស៊ីរី, ឆាដ, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និង​ប្រទេស​លីបង់​ជាដើម ៕