ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​មួយ​រូប​បង្ហាញ​ថា គ្មាន​ពេល​ណា​ដែល​ខ្មែរ​បោះបង់​ចោល​អង្គរ​ឱ្យ​ក្លាយ​ជា​ព្រៃ​រហោឋាន​ទេ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បាឋកថា​ស្ដី​ពី «​ប្រវត្តិ​សង្ខេប​តំបន់​អង្គរ​» ដែល​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក​សាស្ដ្រាចារ្យ អាំង…

ខេត្តសៀមរាប ៖ បាឋកថា​ស្ដី​ពី «​ប្រវត្តិ​សង្ខេប​តំបន់​អង្គរ​» ដែល​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា អង្គរ​ជាម​រត​វប្បធម៌​គ្មាន​អ្វី​ប្រៀបផ្ទឹម​នៃ​ប្រជាជាតិ​ខ្មែរ កេរដំណែល​បុរាណ​ដ៏​មាន​សារសំខាន់​នេះ​បាន​ឆ្លងកាត់​ច្រើន​សតវត្ស​មក​ហើយ រហូត​ដល់​បង្កើត​ជា​គ្រឹះ​នៃ​អត្ត សញ្ញាណ​ខ្មែរ​ទាំងមូល ដែល​ធ្វើ​ឲ្យ​ខ្មែរ​មាន​ស្មារតី​ចង​ចាំ​ពី​អតីតកាល​របស់​ខ្លួន​មិន​ដែល​ដាច់ ព្រមទាំង​ផ្តល់​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត​ផង ហើយ​អង្គរ​មិន​ត្រឹមតែ​ជា​តំបន់​ភូមិសាស្ត្រ និង​វត្ថុ​បុរាណ​គ្រប់​បែប​យ៉ាង​ដែល​មាននៅ​សល់​ដល់​បច្ចុប្បន្ន​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត​អង្គរ​សំដៅ​ទៅ​លើ​អារ្យធម៌​ដ៏​ធំធេង​មួយ​ដែល​លាតសន្ធឹង​ហួស​ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​ផង ដោយ​បាន​ជ្រួតជ្រាប​និង​ចាក់ ឫស​គ្រប់​ទិ​ដ្ធ​ភាព​នៃ​សង្គម​ខ្មែរ ហើយ​កង្វល់ និង​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា​មរតក​អង្គរ​ឲ្យ​គង់វង្ស​នោះ តែង​មាន​ក្នុង​ចិត្តគំនិត​ខ្មែរ​តាំងពី​បុរាណកាល​មក​ម្ល៉េះ ។

លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​បញ្ជាក់​បន្ថែម​ថា ថ្វី​ត្បិត​ថា ព្រះមហាក្សត្រ​សម័យ​នោះ​បាន​បោះបង់​ចោល​ក្រុង​អង្គរ​ក៏​ពិតមែន តែ​មិនមែន​មាន​ន័យ​ថា គ្មាន​មនុស្ស​រស់នៅ​នោះ​ដែរ​គឺ​នៅ​មាន​មនុស្ស​នៅ​គោរព និង​ថែរក្សា​ជាប់​រហូត​មក ដូច្នេះ​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​គោរព​បុរាណ​ដ្ឋា​ន​របស់​យើង​ទាល់តែ​យើង​បង្ហាញ​ដូច​ករណី​នៅ​អង្គរវត្ត ដែល​ជាង​៤០០​ឆ្នាំ​ក្រោយមក​ហើយ ខ្មែរ​នៅ​តែ​គោរព​បុរាណ​ដ្ឋា​ន​របស់​ខ្លួន​ឲ្យ​ដូច​បុរាណ ទាល់តែ​យើង​កុំ​មាន​អាកប្បកិរិយា​ផ្តេសផ្តាស់​នៅ​តាម​ទីកន្លែង​បុរាណ​ដ្ឋា​ន ព្រោះ​យើង​ជា​ម្ចាស់ផ្ទះ​ត្រូវធ្វើ​ឲ្យ​ត្រឹមត្រូវ និង​ជា​គំរូ​ដល់​ទេសចរ​ទាំងនោះ ហើយ​ពេល​ឃើញ​មាន​គេ​ធ្វើ​ផ្តេសផ្តាស​យើង​ត្រូវ​ហ៊ាន​ថា និង ណែនាំ​ដល់​ពួក​គេ​ទាំង​អស់នោះ ។

ក្នុង​បទ​បង្ហាញ​នោះ​ដែរ​លោក​សាស្ត្រាចារ្យ​បាន​រៀបរាប់​ពី​សម័យ​ប្រវត្តិសាស្ដ្រ​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា​គឺ​ចាប់ពី​សម័យ​មុន​អង្គរ សម័យ​អង្គរ សម័យ​កណ្ដាល និង​ដើម​សម័យ​បច្ចុប្បន្ន ដោយ​បាន​លើក​បរិយាយ​អំពី​សារសំខាន់​ភូមិសាស្ត្រ​តំបន់​អង្គរ ការ​កកើត​ដំបូង​នៃ​អាណាចក្រ​ខ្មែរ ការ​រៀបចំ​ទឹកដី និង​កែប្រែ​ធម្មជាតិ​របស់​ព្រះមហាក្សត្រ​ខ្មែរ ចាប់ពី​ភ្នំ​គូលែន (​ឬ​ម​ហេ​ន្ទ្រ ប​វ័ត​) ដែល​ជា​ប្រភព និង​ក្បាល​ម៉ាស៊ីនទឹក ចុះ​មក​អាង​ទឹក​គឺ​ទន្លេសាប ។

គួរ​រំលឹក​ថា តាម​រយៈ​នៃ​បាឋកថា​នេះ​បាន​ទាក់ទាញ​មហាជន​ជា​ខ្លាំង ដោយ​មាន​អ្នកចូលរួម​ស្ដាប់​ដោយ​ផ្ទាល់​ប្រមាណ​២០០​នាក់ និង​មាន​អ្នក​តាមដាន​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ជិត​១.០០០​នាក់​បន្ថែម​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ