ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៤ មីនា ២០១៤ ពីបទប្រើហិង្សាដោយចេតនាទៅលើមីងបង្កើត។
លោកវរសេនីយ៍ទោ ស៊ុំ សោភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះកិ បាច ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិទិ៩ ឃុំស្រែសង្គម ស្រុកកោះញែក កាលពីថ្ងៃទី១៣ មីនា ២០១៤ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនជនសង្ស័យមកសាកសួរ ។
លោកនាយការិយាល័យបានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះតាល់ ប៊ីន ភេទប្រុស អាយុ២១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានយកដំបងប្ញស្សីវាយទៅលើមីងឈ្មោះកិ បាច ពិតមែន ព្រោះខឹងគាត់ជេរប្រមាថមកលើខ្លួន។
បច្ចុប្បន្នជនសង្ស័យដែលប្រើហិង្សាដោយចេតនាលើមីងបង្កើតត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ