ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ មីនា ២០១៤ នៅភូមិឫទ្ធិសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈជននេះកំពុងយួរគ្រឿងញៀនចេញពីភូមិរបស់ខ្លួនបំណងយកទៅឱ្យមនុស្សផ្សេងទៀត ។
លោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើសន្និសីទសារព័ត៌មានមួយដែលមានការចូលរួមពីលោកអៀង គឹមថុល ប្រធានសាលាដំបូង លោកជា ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រឡាបញ្ជីផងនោះ បានប្រគល់ឱ្យមន្ត្រីអាវុធហត្ថដែលជាអ្នកឯកទេសពិសោធន៍គ្រឿងញៀនធ្វើតេស្តរកសារធាតុញៀន ។
ជាក់ស្តែងថ្នាំញៀនដែលកម្លាំងជំនាញពិសោធន៍ឃើញនោះមានប្រភេទមេតំហ្វេតាមីន (ប្រភេទគ្រាប់) ចំនួន១៣.៩៨៧គ្រាប់ និងប្រភេទម្សៅពណ៌ស មួយចំនួនមិនទាន់បានថ្លឹងនៅឡើយ ។
លោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបន្តថា ជនសង្ស័យខាងលើឈ្មោះសាយ ម៉ាយ ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិកររស់នៅភូមិឫទ្ធិសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
នៅចំពោះមុខសមត្ថកិច្ច និងតុលាការជនសង្ស័យបានឆ្លើយសារភាពថា គេមិនមែនជាម្ចាស់របស់ទាំងអស់នេះទេ គឺមានបុរសម្នាក់ទៀតនៅភូមិជាមួយគ្នាពឹងពាក់ឱ្យយកទៅឱ្យមនុស្សម្នាក់ទៀត ដោយឱ្យថ្លៃឈ្នួលតិចតួច ។
គួររំលឹកថា នេះជាករណីជួញដូរថ្នាំញៀនធំមួយទៀត បន្ទាប់ពីកម្លាំងអាវុធហត្ថបង្ក្រាបបានចំនួន៣ករណី កន្លងមកនេះ ដែលមិនបានរាប់បញ្ចូលករណីតូចៗផង ហើយក្នុងនោះដែរ បានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចំនួន៨នាក់ មានជនជាតិឡាវ២នាក់ និងស្រីម្នាក់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីសាកសួរបន្តរកអត្តសញ្ញាណមុខសញ្ញាជួញដូរនៅពីក្រោយខ្នង ៕
ចែករំលែកព័តមាននេះ