ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ស្រវឹងស្រាបានដើរទៅរករឿងគេ ហើយបបួលគេវាយគ្នាមួយទល់នឹងមួយបង្កជាជម្លោះប្រវ៉ាយប្រតប់គ្នារហូតភាគីម្ខាងទៀតទ្រាំលែងបានស្ទុះទៅយកកាំបិតកកុកមកកាប់ចំនួន៣កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៤ មីនា ២០១៤ នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។
លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះមុត ដន ភេទប្រុស អាយុ២៩ឆ្នាំ ឯជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ុន ប៊ុនធឿន ហៅអ៊ីង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
ស្ត្រីឈ្មោះឡាយ ផាន់ណា ភរិយាជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ប្តីរបស់នាងឈ្មោះហ៊ុន ប៊ុនធឿន មកពីផឹកស្រាស្រវឹង ហើយបានរករឿងខ្លួន និងកូនផ្អើលពេញផ្ទះ ឃើញដូច្នេះនាងបានយកកាំបិត និងពូថៅទៅលាក់ទុកអស់ ព្រោះប្តីរបស់នាងពេលស្រវឹងស្រាម្តងៗកាចសាហាវណាស់។ មួយសន្ទុះក្រោយមកគាត់ក៏ដើរចេញទៅណាបាត់ទៅ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានរៀបរាប់ថា នៅរសៀលនោះឈ្មោះហ៊ុន ប៊ុនធឿន បានដើរចូលក្នុងរបងផ្ទះរបស់ខ្លួនទាំងអាការស្រវឹងស្រា ហើយបានបបួលខ្លួនវាយគ្នាមួយទល់នឹងមួយ។ ឃើញដូច្នេះម្តាយក្មេក និងប្អូនថ្លៃបាននិយាយលួងលោម និងអូសដៃឱ្យទៅផ្ទះ មួយសន្ទុះក្រោយមកស្រាប់តែហ៊ុន ប៊ុនធឿន ដើរមកទៀត ហើយបានក្របួចកអាវខ្លួនច្រានទៅច្រានមកក៏កើតជារឿងប្រវ៉ាយប្រតប់គ្នា ខណៈនោះខ្លួនខឹងខ្លាំងពេកក៏ស្ទុះទៅយកកាំបិតកកុកមកកាប់ហ៊ុន ប៊ុនធឿន ចំពីលើក្បាល១កាំបិត និងចំហៀង២កាំបិតបណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោកវរសេនីយ៍ត្រី ស៊ីង សុភ័ក្ត្រ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ករណីនេះជាអំពើឃាតកម្ម ហើយជនដៃដល់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ មីនា ២០១៤ ។
គួរបញ្ជាក់ថា ករណីឃាតកម្មនេះជាការស្វាគមន៍លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញទើបតែងតាំងថ្មីបានមួយថ្ងៃ៕
ចែករំលែកព័តមាននេះ