រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់ ម្នាក់ខូចចិត្តរឿងប្តីលែង និងម្នាក់ទៀតប្រចណ្ឌប្តីនិយាយទូរស័ព្ទច្រើនពេកបានលេបថ្នាំងងុយដេកអស់៣៥គ្រាប់ធ្វើអត្តឃាតនៅទីតាំងផ្សេងគ្នា ចំណែកយុវជនម្នាក់ទៀតខឹងម្តាយមិនដណ្តឹងប្រពន្ធឱ្យផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតក្អួតច្រងាប់ច្រងិល។
ករណីទី១ ស្ត្រីម្នាក់ឈ្មោះឡោ ស្រីវី អាយុ២៦ឆ្នាំ ជាស្ត្រីមេម៉ាយ ធ្វើការផ្នែកអនាម័យនៅព្រលានយន្តហោះពោធិ៍ចិនតុង ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ តាមក្រុមគ្រួសារបានឱ្យដឹងថា បន្ទាប់ពីធ្លាក់ខ្លួនជាស្ត្រីមេម៉ាយប្តីលែងមក នាងតូចចិត្តក្នុងជីវិតបានផឹកស្រាបៀរស្រវឹងនឹកឃើញអនុស្សាវរីយ៍ចាស់បានលេបថ្នាំងងុយដេកអស់១៥គ្រាប់ ធ្វើអត្តឃាតកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ មីនា ត្រូវគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
ករណីទី២ ស្ត្រីឈ្មោះរិន វ៉ាន់ឌឿន ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅស្រុកស្អាង ខេត្តកណ្តាល ខឹងប្តីពូកែនិយាយទូរស័ព្ទពេកប្រចណ្ឌខ្លាចប្តីមានស្រីចេះតែសួរនាំប្តីធ្វើឱ្យមានទំនាស់តូចចិត្តលេបថ្នាំងងុយដេកអស់២០គ្រាប់ តែត្រូវសាច់ញាតិជួយឃាត់ទាន់ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ។
ករណីទី៣ យុវជនម្នាក់បានលេបថ្នាំបាញ់ស្មៅក្អួតច្រងាប់ច្រងិល បន្ទាប់ពីខឹងម្តាយមិនព្រមទៅដណ្តឹងប្រពន្ធឱ្យ។ យុវជនរូបនេះឈ្មោះវង្ស មករា អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ។
ចែករំលែកព័តមាននេះ