ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដឹង​អត់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីណែនាំ​អ្វីខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​រៀបចំ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទាន ដែល​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​របស់​ពុទ្ធសាសនិកជន​ខ្មែរ​គ្រប់​ៗ​រូប​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​រៀបចំ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទាន ដែល​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​របស់​ពុទ្ធសាសនិកជន​ខ្មែរ​គ្រប់​ៗ​រូប​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។ ពិធីបុណ្យ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មានគុណ​ទាំងឡាយ​ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ ។

យោង​តាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន ឱ្យ​កាន់តែ​មាន​ភាព​អធិកអធម​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

១-​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុន​ឯកជន​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​តុបតែង​លម្អ​រចនា​ដោយ​ភ្លើងពណ៌ ចង​បដា​ពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​ត្រូវ​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​ពិធីបុណ្យ​ខាងលើ ឱ្យ​បាន​ជ្រួតជ្រាប​ទូលំទូលាយ ជា​ពិសេស ត្រូវ​បំផុស​លើកទឹកចិត្ត បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ ជា​ពុទ្ធសាសនិក​បាន​ចូលរួម​បំពេញ​កុសល​ជា​ប្រពៃណី​នៅ​តាម​វត្ត​អារាម ឬ​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ព្រមទាំង​បាន​ជួបជុំ​ឪពុក​ម្តាយ បងប្អូន ជីដូន​ជីតា តាម​បំណងប្រាថ្នា ។

២-​គ្រប់​រដ្ឋបាល​ខណ្ឌ ត្រូវ​ធ្វើការ​ណែនាំ និង​អប់រំ​យុវជន យុវនារី កុមា​រា កុមារី ដែល​ចូលរួម​ដង្ហែ​អង្គ​កឋិនទាន ឱ្យ​បាន​យល់​អំពី​តម្លៃ​នៃ​ពិធីបុណ្យ​ដ៏​ឧត្តុង្គឧត្តម​នេះ ដោយ​មិន​បង្ក​ជា​សកម្មភាព​ណាមួយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា ដូច​ជា ការ​គប់​ស្បោង​ទឹក ជះ​ទឹក គប់​អំពៅ គប់​ផ្លែ​ឈើ និង​គប់​វត្ថុ​រឹង​ផ្សេង​ៗ ធ្វើ​ឱ្យ​ខូច​របៀបរៀបរយ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​សង្គម និង​អាច​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ ។

៣- មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ត្រូវ ៖ ណែនាំ​ត្រប់​វត្ត​អារាម​ឱ្យ​បោសសម្អាត​បូជ នីយដ្ឋាន ម្ហូប កន្លែង​តម្កល់​អដ្ឋិធាតុ​បងប្អូន ជនរួមជាតិ​ដែល​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ និង​រៀបចំ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជនរួមជាតិ និង​បុព្វបុរស​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ព្រមទាំង​រៀបចំ​តុបតែង​ទង់ជាតិ ទង់សាសនា​ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក និង​បំភ្លឺ​ភ្លើងពណ៌​ឱ្យ​បាន​សមរម្យ ។

ណែនាំ​ដល់​អ្នក​ផ្តួចផ្តើម​បុណ្យកឋិន​ទាន ត្រូវ​ត្រួតពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ នូវ​ប្រភេទ​មនុស្ស​ដែល​បាន​ចូលរួម​ដង្ហែ​អង្គ​កឋិនទាន ព្រោះ​អាច​មាន​មនុស្ស​ទុច្ចរិត​បង្ក​សកម្មភាព​នាំ​ឱ្យ​មាន​ទំនាស់ រវាង​ក្រុម​មួយ​ទៅ​ក្រុម​មួយទៀត ធ្វើ​ឱ្យ​ខូច​តម្លៃ​នៃ​ពិធីបុណ្យ ។

៤- មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​រាជធានី​ភ្នំពេញ ចុះ​យក​ព័ត៌មាន ធ្វើការ​តាមដាន​ស្វែង​យល់ ស្រាវជ្រាវ​ប្រវត្តិ ខ្លឹមសារ និង​សកម្មភាព នៃ​ពិធីបុណ្យ​ប្រពៃណី និង​អំពី​របៀបរបប​ស្លៀកពាក់ អាកប្បកិរិយា ដែល​ត្រូវ​ប្រកាន់​យក​ក្នុង​ពេល​ចូលរួម​ពិធីបុណ្យ​ទាំង​ពីរ​នេះ ជា​ពិសេស​នៅ​ក្នុង​ទី​វត្ត​អារាម និង​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ​ក្នុង​រយៈពេល​ប្រារព្ធ​ពិធីបុណ្យ​ទាំង​ពីរ ។

៥- ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ត្រូវ​មាន​ផែនការ ការពារ​ជាក់ស្តែង សម្រាប់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ទាំង​ពីរ​នេះ ។

ទទួល​បាន​សេចក្តីណែនាំ​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ គ្រប់​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ