រាជធានីភ្នំពេញ ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅសាលាដំបូង កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥ មីនា ២០១៤ នេះ ដោយយោងតាមដីកាបង្គាប់ចាប់ខ្លួនពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ (ចេញសែកអត់សាច់ប្រាក់) ចំនួន៩ម៉ឺន៦ពាន់ដុល្លារអាមេរិក ។
ប្រភពបានឱ្យដឹងថា ស្ត្រីជាប់សង្ស័យខាងលើឈ្មោះអ៊ុក សុខន អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ២០៣, ផ្លូវ៣០៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ការប្រព្រឹត្តរបស់ស្ត្រីខាងលើ គឺកាលពីថ្ងៃទី១ មិថុនា ២០១១ កន្លងមក ស្ត្រីសង្ស័យរូបនេះបានអះអាងថា មានដីមួយកន្លែងទៅលក់ឱ្យបុរសទី២ ក្នុងតម្លៃ១០ម៉ឺនដុល្លារអាមេរិក ខណៈដែលដីនោះបានទៅលក់ឱ្យបុរសទី១រួចហើយ ។ លុះបុរសទី២ដឹង ក៏សុំទារប្រាក់មកវិញ ហើយស្ត្រីខាងលើក៏បានចេញសែកអត់សាច់ប្រាក់មួយសន្លឹកដែលតម្លៃ (៩ម៉ឺន៦ពាន់ដុល្លារ) ហើយស្ត្រីនោះក៏បានគេចខ្លួនរហូតមក ។
ការអនុវត្តដីកាចាប់ខ្លួននេះ គឺរបស់លោកកោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងលេខ១១០ ត.រ ចុះថ្ងៃទី១៩ កុម្ភៈ ២០១៤ ។
ចែករំលែកព័តមាននេះ