ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រជា​ជន​​ស្វាគមន៍​សំណើ​​បក្ស​សង្គ្រោះ​ជាតិ ​បន្ត​ចរចា​ថ្ងៃទី​១៧ មីនា លើករណី​​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ បាន​ស្វាគមន៍​ និង​ស្នើ​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​តំណាង​របស់​ខ្លួន​ជួប​ចរចា​ជាមួយ​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​រៀប​ចំ​យន្ត​ការ​មួយ​សម្រាប់​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​​ តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​

រាជធានីភ្នំពេញ​ ៖ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ បាន​ស្វាគមន៍​ និង​ស្នើ​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចាត់​តំណាង​របស់​ខ្លួន​ជួប​ចរចា​ជាមួយ​តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​រៀប​ចំ​យន្ត​ការ​មួយ​សម្រាប់​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​​ តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ ។​ ការ​ប្រកាស​ស្វាគមន៍​នេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ចរចា​ស្តីពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​បង្ហាញ​ថា​ កាល​ពី​ថ្ងៃ​ទី​១២​ កុម្ភៈ​ ឆ្នាំ​២០១៤​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជុំវិញ​ការ​បង្កើត​គណៈ​កម្ម​ការ​របស់​រាជ​រដ្ឋា​ភិបាល​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​ កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ជា​កិច្ច​ដំណើរ​ការ​ដែល​ធ្លាប់​បាន​អនុវត្ត​ជា​បន្ត​បន្ទាប់​កន្លង​ទៅ​ និង​ជា​កំណែ​ទម្រង់​ដ៏​ស្មុគ​ស្មាញ​ ដែល​ទាម​ទារ​ពេល​វេលា​ ដោយ​មិន​អាច​អូស​បន្លាយ​ពេល​វេលា​តទៅ​ទៀត​បាន​ឡើយ​ ។​ ក្នុង​ការ​ជួប​ចរចា​កន្លង​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ផ្លាស់​ប្តូរ​ប្រធាន​បទ​ និង​លក្ខខណ្ឌ​នៃ​ការ​ទាម​ទារ​ជា​បន្ត​បន្ទាប់​ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ពិភាក្សា​អំពី​កិច្ច​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ។​

ការ​បង្កើត​គណៈ​កម្ម​ការ​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​កើត​ចេញ​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជម្រើស​នានា​ ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ គឺ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​ពិត​ប្រាកដ​របស់​ខ្លួន​ ក្នុង​ការ​បន្ត​កិច្ច​ដំណើរ​ការ​​កំណែ​ទម្រង់​ដ៏​មាន​សារ​សំខាន់​នេះ។​ លោក​ សុន​ ឆ័យ​ ប្រធាន​គណៈ​កម្ម​ការ​ចម្រុះ​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៣​ មីនា​ បាន​ផ្ញើ​លិខិត​ជូន​លោក​ ប៊ិន​ ឈិន​ ប្រធាន​គណៈ​កម្ម​ការ​ចម្រុះ​ តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។ ខ្លឹម​សារ​លិខិត​នោះ​ បាន​ទាម​ទារ​ឱ្យ​មាន​ការ​បញ្ជាក់​ពី​របៀប​វារៈ​ សម្រាប់​កិច្ច​ប្រជុំ​បន្ត​នៅ​ថ្ងៃ​ទី​១៧​ មីនា​ ព្រោះ​តែ​ការ​ពិភាក្សា​មិន​ទាន់​សម្រេច​បាន​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ថ្ងៃ​ទី​១០​ មីនា​ កន្លង​ទៅ​ លើ​ប្រធាន​បទ​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត ។​

លិខិត​របស់​លោក​ សុន​ ឆ័យ​ បាន​បន្ត​ទៀត​ថា​ ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ ឱ្យ​ទៅ​ជា​ស្ថាប័ន​ធម្ម​នុញ្ញ​ដែល​ឯក​រាជ្យ​ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​តាម​សំឡេង​ពីរ​ភាគ​បី​ នៃ​សមា​ជិក​សភា​ទាំង​មូល​ គឺ​មាន​លក្ខណៈ​ចាំ​បាច់​ជា​អាទិភាព​ សម្រាប់​ការ​ងារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មិន​អាច​រំលង​បាន​ ។​ លិខិត​ដដែល​ បាន​សុំ​ឱ្យ​លោក​ ប៊ិន​ ឈិន​ បញ្ជាក់​ពី​ជំហរ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លើ​សំណើ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ថា​ តើ​យល់​ព្រម​ ឬ​យ៉ាង​ណា​ ឬ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ជុំវិញ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ ដើម្បី​គណៈ​កម្ម​ការ​ចម្រុះ​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​១៧​ មីនា​ ខាង​មុខ​ ។​

ជាមួយ​គ្នា​នេះ​ លោក​ សុន​ ឆ័យ​ សុំ​ឱ្យ​ពិនិត្យ​ផង​ដែរ​លើ​លទ្ធ​ភាព​នៃ​ការ​រៀប​ចំ​សិក្ខា​សាលា​រួម​គ្នា​មួយ​ឱ្យ​បាន​ឆាប់​ ដើម្បី​បើក​ទូលាយ​ឱ្យ​មាន​ការ​ចូល​រួម​យោបល់​ និង​ផ្តល់​អនុសាសន៍​ពី​សំណាក់​អ្នក​ជំនាញ​ជាតិ​ និង​អន្តរ​ជាតិ​ រួម​ទាំង​អង្គ​ការ​សង្គម​សុីវិល​ ដែល​មាន​ជំនាញ​លើ​ការ​ងារ​បោះ​ឆ្នោត​ លើ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ​ ។​ ក្នុង​សារ​លិខិត​ឆ្លើយ​តប​របស់​លោក​ប៊ិន ឈិន​ ប្រធាន​គណៈ​កម្មការ​ចម្រុះ​ខាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ បានបញ្ជាក់​ជូន​លោក​ សុន ឆ័យ​ ថា ក្នុង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ គឺ​ជា​សំណុំ​នៃ​បញ្ហា​ដែល​គណៈ​កម្ម​ការ​ចម្រុះ​រៀប​ចំ​បាន​ប្រធាន​បទ​មួយ​ចំនួន​ហើយ​ដូច​ជា​ ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដើម្បី​ធានា​ និង​ការ​ពារ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ គណ​បក្ស​នយោ​បាយ​ ។​

ប្រធាន​បទ​កំណែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​អព្យា​ក្រឹត​ភាព​ និង​សុចរិត​ភាព​នៃ​សង្គម​សុីវិល​ក្នុង​ការ​បោះ​ឆ្នោត​ គណៈ​កម្ម​ការ​ចម្រុះ​បាន​និង​កំពុង​ពិភាក្សា​មិន​ទាន់​បាន​សម្រេច​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត​នៅ​​ឡើយ​ទេ​ ។​ គណៈ​កម្ម​ការ​ចម្រុះ​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ ឯក​ភាព​យក​ប្រធាន​បទ​ «កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​» បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។ រីឯ​បញ្ហា​សិក្ខា​សាលា​រួម​គ្នា​ គឺ​ជា​បញ្ហា​ដែល​គណៈ​កម្ម​ការ​ចម្រុះ​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​គណៈ​កម្ម​ការ​នេះ​បាន​កសាង​នូវ​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ ។​

គណៈ​កម្ម​ការ​ចម្រុះ​ «ដើម្បី​សិក្សា​ និង​រៀប​ចំ​ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​» ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​សុទិដ្ឋិ​និយម​ បន្ត​ការ​ពិភាក្សា​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ថ្ងៃ​ទី​១០​ មីនា​ ឆ្នាំ​២០១៤​ ។​ សូម​បញ្ជាក់​ថា​ គណបក្ស​ទាំងពីរ​ដែល​មាន​ការ​ឆ្លើយ​ឆ្លង​លិខិតដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ គឺ​បន្ទាប់​ពី​េម​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ ​និង​លោក​ កឹម សុខា​ បាន​ប្រកាស​ព្រមាន​ឈប់​ចរចា​ជា​មួយ​គណបក្សប្រជាជន​កម្ពុជា​ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​បាន​យក​ការ​ស្នើ​សុំ​លើ​ប្រធាន​បទ​ពាក់​ព័ន្ធ​នឹង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឱ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ឯក​រាជ្យ​ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​ ដែល​មាន​សំឡេង​ពីរ​ភាគ​បី​ និង​ព្រមាន​ថា​ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុ​កម្ម​សា​ជា​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ។ បុ៉ន្តែ​អ្វីដែល​ជា​ការ​ឆ្លើយ​តប​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឱ្យ​មាន​ការ​ធូរស្រាល​វិញ​ខ្លះ​ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​នៅ​ថ្ងៃ​ទី​១៧​ មីនា​ ខាង​មុខ​ គណបក្ស​ទាំងពីរ​សន្យា​ជួបគ្នា​ដើម្បី​ចរចា​ជា​ថ្មី ៕​