ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​មុជ​ទឹក​៣​លើក​មិន​ស្លាប់ ​លើកទី​៤​ស្លាប់​ដូច​បំណង

11 ឆ្នាំ មុន

ខេត្ដ​បាត់​ដំបង​ ៖ ដោយ​សារ​តូច​ចិត្ដ​នឹង​ជំងឺ​ប្រចាំ​កាយ​ នាង​ក្រមុំ​ម្នាក់​បាន​ចុះ​មុជ​ទឹក​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច​ជា​លើក​ទី​៤​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ មីនា​ នៅក្នុង​ស្ទឹង​សង្កែ​ ក្នុង​ភូមិ​វត្ដ​លៀប​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់ដំបង​ បន្ទាប់​ពីព្យាយាម​ប៉ង​សម្លាប់​ខ្លួន​៣​លើកកន្លង​មក​ តែ​មិន​បាន​ដូច​បំណង​ ។

ខេត្ដ​បាត់​ដំបង​ ៖ ដោយ​សារ​តូច​ចិត្ដ​នឹង​ជំងឺ​ប្រចាំ​កាយ​ នាង​ក្រមុំ​ម្នាក់​បាន​ចុះ​មុជ​ទឹក​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច​ជា​លើក​ទី​៤​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ មីនា​ នៅក្នុង​ស្ទឹង​សង្កែ​ ក្នុង​ភូមិ​វត្ដ​លៀប​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់ដំបង​ បន្ទាប់​ពីព្យាយាម​ប៉ង​សម្លាប់​ខ្លួន​៣​លើកកន្លង​មក​ តែ​មិន​បាន​ដូច​បំណង​ ។

សមត្ថកិច្ច​និយាយ​ថា​ នាង​ក្រមុំរូប​នេះ​ឈ្មោះ​ ធា​ ជូពីន អាយុ១៨​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​-សង្កាត់​​ខាង​លើ ។ នាង​បាន​ធ្វើ​អត្ដឃាត​សម្លាប់​ខ្លួន​ដោយ​ប្រើ​វិធី​ចុះមុជ​ចូល​ទឹក​ជ្រៅ​ ក្នុង​ស្ទឹង​សង្កែ​ ដែល​សាច់ញាតិ​មិនបាន​ដឹង​មុន​ ។ សមត្ថ​កិច្ច​បន​្ដ​ថា​ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សកម្ម​ភាព​របស់នាង​ពេល​ដើរ​ចុះ​ទៅ​ក្នុង​ស្ទឹង​ តែ​គ្មាន​អ្នក​ណា​បាន​ដឹង​ថា​ នាង​ប្រើវិធី​នេះ​ដើម្បីធ្វើ​អត្ដ​ឃាត​ទេ​ ។ លុះ​ពេល​បាត់​នាង​យូរ​មិន​ឃើញ​ឡើង​ពី​ក្នុង​ស្ទឹង​ ទើប​ដឹង​ថា​ នាង​មុជ​ទឹក​សម្លាប់​ខ្លួន​និង​ភ្ញាក់​ផ្អើល​ដល់សាច់ញាតិ​តែ​ម្ដង​ ។

នៅ​កន្លែង​កើត​ហេតុ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា​ នាង​​ធា​ ជូពីន​ មាន​ជំងឺ​ប្រចាំ​កាយ​ ពិសេស​នាង​កើត​រោគ​សរសៃ​ប្រសាទ​ផង​ ។​ សាច់​ញាតិ​បញ្ជាក់​ថា​ នាង​បាន​ព្យាយាម​ធ្វើ​អត្ដឃាតចំនួន​៣​លើក​មក​ហើយ​ តែ​មិន​បាន​សម្រេច​ ដោយ​សារ​បងប្អូន​ជួយ​សង្គ្រោះ​ទាន់​ ។​ ក្រោយ​មក បងប្អូន​តែង​តែ​ឃ្លាំ​មើល​សកម្ម​ភាព​នាង​ជា​ប្រចាំ​ ក្រែង​នាង​ធ្វើ​អត្ដឃាត​ តែ​លើកនេះ​គ្រា​ដែល​បងប្អូន​ភ្លេច​ខ្លួន​មួយ​ភ្លែត​ នាង​​ចុះមុជ​ទឹក​រហូត​ដល់​ស្លាប់​ ។​ សាច់​ញាតិ​របស់​នាង​បាន​បន្ថែម​ថា​ ក្រោយ​ពេល​ដឹង​ថា​ នាង​ពីន​ចុះ​មុជ​ទឹក​បាត់មិន​ឃើញ​ងើប​ ពួក​គេ​រួម​ទាំង​អ្នក​ភូមិ​ជា​ច្រើននាក់​ផង​បានចុះមុជ​ទឹក​រាវ​រក​នាង​ ហើយ​ក៏​ប្រទះ​ឃើញ​នាង​ភ្លាមៗ​ដែរ​ តែ​នាង​បាន​ស្លាប់​ទៅ​ហើយ​ បើ​ទោះ​ជា​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​ជួយ​សង្គ្រោះ​យ៉ាង​ណា​ក្ដី​ ។

ទោះជា​យ៉ាង​ណា​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏អកុសល​នេះ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព​នាង​ក្រមុំ​ភ្លាមៗ​ដែរ​ ដើម្បី​ស្វែង​រក​ពី​មូល​ហេតុ​ពិត​ប្រាកដ​ ។ សមត្ថកិច្ច​និយាយ​ថា​ តាម​ការ​បំភ្លឺ​ពី​សាច់​ញាតិ​ និង​សាក្សី​នានា​បាន​បង្ហាញ​ថា​ នារី​រង​គ្រោះ​ពិត​ជា​មាន​​ចេតនា​ ដោយ​ប្រើ​វិធី​មុជ​ទឹក​ធ្វើ​អត្ដឃាត​​សម្លាប់​ខ្លួន​ឯង​មែន​ ព្រោះ​បើ​តាម​ប្រវត្ដិ​ដែល​ក្រុម​គ្រួសារ​នាង​បាន​បញ្ជាក់​ប្រាប់​គឺ​នាង​ធ្លាប់​ប៉ង​សម្លាប់​ខ្លួន​៣​លើក​មក​ហើយ​ ។​

រហូត​មក​ដល់​លើក​ទី​៤នេះ​ ទើប​បាន​សម្រេច​ ដែលក្រុម​គ្រួសារ​របស់​នាង​និយាយ​ថា​ ដោយ​សារ​តែ​នាង​តូច​ចិត្ដ​នឹង​ជំងឺ​ប្រចាំ​កាយ ​​។​ សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ហើយ​ បន្ទាប់​ពី​បញ្ចប់​ការ​សួរ​នាំ​ និង​ធ្វើ​កំណត់​េហតុ​រួច​រាល់​ ៕​