រាជធានីភ្នំពេញ ៖ មកដល់ថ្ងៃនេះជិត១សប្ដាហ៍ហើយក្នុងការតាមប្រមាញ់ដើម្បីវែកមុខចោរទមិឡឥតសាសនាដែលបានលួចវត្ថុមានតម្លៃពីក្នុងសុគន្ធកុដិ ក្នុងវត្តឧណ្ណាលោម តែលទ្ធផលយ៉ាងណានោះកំពុងស្ថិតក្នុងការសើុបអង្កេតរបស់សមត្ថកិច្ចនៅឡើយ ដែលកំពុងប្រមូលភស្ដុតាងនានាតាមការស្រាវជ្រាវប៉ុន្មានថ្លៃកន្លងមកនេះ ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប៉ូលិសរាជធានីភ្នំពេញ និងប៉ូលិសខណ្ឌ បានសហការគ្នាយ៉ាងក្ដៅគគុករួមជាមួយមន្ត្រីសាលាដំបូងរាជធានីផងដែរ ធ្វើការឆែកឆេរជាបន្តបន្ទាប់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៣ មីនា ក្រុមមន្ត្រីនានាបានធ្វើការឆែកឆេរកុដិលេខ៧ ដើម្បីស្វែងរកខ្ចៅដៃជនសង្ស័យ ។ ក្នុងការឆែកឆេរមួយឈុតនោះ ម៉ូតូ១គ្រឿងរកម្ចាស់មិនឃើញក៏ត្រូវបានយកទៅរក្សាទុកនិងរកឃើញដែកកាត់និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមលើការឃាត់ខ្លួនមនុស្ស៣នាក់រួចទៅហើយកាលពីថ្ងៃទី១១ មីនា ។ ទោះបីជាមានការឃាត់ខ្លួនមនុស្សទាំងអស់៤នាក់ហើយក្ដី ក៏ជន៣នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ និងនៅសល់តែម្នាក់ទេដែលមានការសង្ស័យច្រើនជាងគេ ប៉ុន្តែជនសង្ស័យនោះនៅតែប្រកែក ។
អ្នកតាមដានជុំវិញបញ្ហានេះនិយាយថា មិនមាននរណាម្នាក់ដឹងថាវត្ថុមានតម្លៃដាក់តាំងនៅកន្លែងណា ទីណានោះទេ ក្រៅពីអ្នកនៅក្នុងវត្តនេះ។ អ្នកតាមដានដដែលនៅតែមានការសង្ស័យថា ចោរទមិឡដែលបានលួចវត្ថុមានតម្លៃនានានោះនឹងត្រូវអស់លក្ខណ៍ដូចចោរទមិឡលួចព្រះបរមសារីរិកធាតុនោះដែរ ។ ការបាត់បង់រតនវត្ថុទាំងនេះបានបង្ហាញឱ្យឃើញថា សីលធម៌សង្គមបានធ្លាក់ចុះយ៉ាងច្បាស់ដែលដើម្បីលុយអ្វីៗក៏ហ៊ានធ្វើដែរ ។
គួររំលឹកថា វត្ថុមានតម្លៃជាច្រើនត្រូវបានចោរលួចចេញពីសុគន្ធកុដិ ដែលស្ថិតនៅខាងត្បូងមហាកុដិសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្នុងវត្តឧណ្ណាលោម ។ ការបាត់បង់នេះបានកើតមានកាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ មីនា ដោយក្រុមចោរបានកាត់ដែកចម្រឹងបង្អួចចូលលួច ។ ចោរមិនស្គាល់មុខបានលួចយកកោដ្ឋដាក់ធាតុចំនួន១ ធ្វើអំពីស្ពាន់ កោដ្ឋមានអដ្ឋិធាតុមួយចំនួនដែលមានតម្លៃ ក្រឡធ្វើអំពីប្រាក់ចំនួន១ និងព្រះបដិមាស្រោបមាសចំនួន៥អង្គ ដោយក្នុងមួយអង្គមានស្រោបមាស២តម្លឹង ។ ក្រៅពីនេះក៏មានបាត់ភ្លុកដំរី១គូ ប្រវែង៨តឹក ទម្ងន់ប្រហែល១០គីឡូក្រាម ។
ព័ត៌មានលម្អិតនៃការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រសួង មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ចំពោះករណីចោរចូលលួចរបស់មានតម្លៃនៅក្នុងវត្តឧណ្ណាលោម ទីកន្លែងដែលសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស គង់នៅ ។មន្ត្រីដែលស្និទ្ធនឹងការស៊ើបអង្កេតនេះ បានបន្លុយឱ្យដឹងថា នគរបាលព្រហ្មទណ្ឌក្រសួង បានហៅមនុស្សដែលសង្ស័យ មកសាកសួរជុំវិញករណីនេះ តែពួកគេបានបដិសេធ ។ ទោះបីជាបែបណា សមត្ថកិច្ចកំពុងត្រួតពិនិត្យស្នាមខ្ចៅដៃដែលចោរបានបន្សល់ទុកក្នុងសុគន្ធកុដិ ខណៈពេលចូលទៅលួចនោះ ហើយបើផ្ទៀងជាមួយខ្ចៅដៃជនសង្ស័យទាំង៣នាក់ មិនដូចគ្នាទេនោះពួកគេក៏មានសេរីភាពវិញដែរ ។
អ្នកដែលមានការភ្ញាក់ផ្អើលបានហៅថា នេះជាសកម្មភាពរបស់ចោរទមិឡ ដែលបានរៀនសូត្រពីចោរទមិឡដែលបានលួចព្រះបរមសារីរិកធាតុ និងព្រះបដិមាស្រោបមាស មានតម្លៃជាច្រើនអង្គ ពីក្នុងព្រះបរមសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ឬប្រៀបដូចចោរទមិឡកើតកូន ។ ទោះបីជាបែបនេះក្តី ដោយសារបារមីរបស់ព្រះដ៏មានព្រះភាគ ចោរទមិឡជាមេនោះក៏ត្រូវអស់លក្ខណ៍ ។ ចំណែកលើកនេះក៏សង្ស័យមិនខុសគ្នានោះទេ ដែលចោរទមិឡទាំងអស់នឹងត្រូវវែកមុខ ៕
ចែករំលែកព័តមាននេះ