ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​​ខេត្ត​សៀម​រាប​​បើក​សវនាការ​វិនិច្ឆ័យ​​មន្ត្រី​ពន្ធ​ដារ​ម្នាក់​ពុក​រលួយ​

11 ឆ្នាំ មុន

ខេត្ត​​សៀម​រាប​ ៖​​​ សំណុំ​​រឿង​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​ជួរ​មន្រ្តី​​អង្គ​ភាព​សាខា​​ពន្ធ​ដា​រ​​ខេត្ត ​​​​ដែល​ត្រូវ​បាន​វែក​មុខ និង​ចាប់​ខ្លួន​ដោយ​កម្លាំង​អង្គ​ភាព​ប្រឆំាង​អំពើ​ពុក​រលួយ​​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​​២០១៣​​ ​​​បាន​ឈាន​ទៅ​ដល់​ដំណាក់​កាល​បើក​សវនា​ការ​​ហើយ​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​១៣ មីនា ​​​។​ ​​ប៉ុន្តែ​តុលា​ការ​មិន​បាន​កំណត់​ឲ្យ​មាន​ទោស​ភ្លាមៗ​នៅ​ឡើយ​ទេ ​​​ហើយ​ក៏​ពុំ​បាន​កំណត់​ថ្ងៃប្រកាស​

ខេត្ត​​សៀម​រាប​ ៖​​​ សំណុំ​​រឿង​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​ជួរ​មន្រ្តី​​អង្គ​ភាព​សាខា​​ពន្ធ​ដា​រ​​ខេត្ត ​​​​ដែល​ត្រូវ​បាន​វែក​មុខ និង​ចាប់​ខ្លួន​ដោយ​កម្លាំង​អង្គ​ភាព​ប្រឆំាង​អំពើ​ពុក​រលួយ​​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​​២០១៣​​ ​​​បាន​ឈាន​ទៅ​ដល់​ដំណាក់​កាល​បើក​សវនា​ការ​​ហើយ​​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​១៣ មីនា ​​​។​ ​​ប៉ុន្តែ​តុលា​ការ​មិន​បាន​កំណត់​ឲ្យ​មាន​ទោស​ភ្លាមៗ​នៅ​ឡើយ​ទេ ​​​ហើយ​ក៏​ពុំ​បាន​កំណត់​ថ្ងៃប្រកាស​សាល​ក្រម​ដែរ​ ខ​ណៈ​ជន​ជាប​់ចោទ​បន្ទាប់​ពី​ឃុំ​ខ្លួន​បណ្ដោះ​​អាសន្ន​​​ក្នុង​ពន្ធ​នា​គារ​​​ពុំ​មាន​វត្ត​មាន​នៅ​ក្នុង​សវ​នា​កា​​រ​ទេ​ ។

យោង​​តាម​មន្រ្តី​សាលា​ដំបូង​ខេត្ត​​​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃទី​១៣​ មីនា នោះ​​ថា​ សវនា​កា​រ​​សំណុំ​រឿង​​​នេះ​​​​​​​​​​​​​ត្រូវ​បាន​ធ្វើឡើង​​​ដោយ​​​មានលោក គី​ រិទ្ធី​ ជា​ចៅ​ក្រម​ជំ​នំ​ុ​ជម្រះ ​​​​លោក​ហេង​ ផេង​​ ជា​តំណាង​អយ្យ​ការ​ និង​លោក​មេធា​វី​ ទេព​ មន្នីជា​តិ​ ជាអ្នក​​ការ​ពារ​​ក្តី​ឲ្យ​​ជន​ជាប់​ចោទ​​ ​។ ​​លោក​ គឺ​ រិទ្ធី​ បាន​មាន​ប្រសាស​ន៍​​នៅ​រសៀល​ថ្ងៃទី​១៣​ មីនា​ ​ថា​ សវនា​ការ​បាន​បញ្ចប់​ទៅ​តាម​នី​តិវិធី​សព្វ​គ្រប់​ហើយ​ ​ប៉ុន្តែ​​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​អំពី​ទោស​ទណ្ឌ​នៅ​ឡើយ​ ដោយសារ​តែ​ពុំ​មាន​វត្ត​មាន​ជន​ជាប់​ចោទ​​​នៅ​ក្នុងបន្ទប់​សវនា​ការ។​

គួរ​បញ្ជាក់​​​ថា​ ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​នេះ​មាន​ឈ្មោះ​ លីវ​ ប៊ុន​ថន​ ជា​អតីត​ប្រធាន​​ផ្នែក​គ្រប់​គ្រងអ្នក​ជាប់​ពន្ធ​​នៃ​​សាខា​ពន្ធ​ដារ​ខេត្ត​សៀម​រាប​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៨​ ធ្នូ ២០១៣ កន្លង​ទៅ​​ ដោយ​កម្លាំង​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដឹក​នាំ​ដោយ​លោក​ឱម យិុន​ទៀង​ ក្នុង​អគារ​​​សាខា​ពន្ធដារ​ខេត្ត​ ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ក្នុង​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀម​រាប​ ។ ​ក្រោយ​​ពី​ចាប់​ខ្លួន​ ក៏​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តនិង​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ​ធ្នូ ឆ្នាំ​២០១៣ ​ក្រោម​​បទ​ចោទ​​ប្រកាន់​ «វិតិ​ក្រម»​ ដែល​ជាបទ​ល្មើស​មានចែង​នៅ​ក្នុង​មាត្រា​៥៩២​ និង​៥៩៣​ នៃក្រម​​ព្រហ្ម​ទណ្ឌ​ ។​

យោងតាម​ឯកសារ​ថត​ចម្លង​មួយ​ច្បាប់​ដែល​បាន​ផ្តល់​ជូន​ដោយ​មន្ត្រី​អង្គភាព​ប្រឆាំង​​អំពើ​​ពុក​​រលួយ​ កាល​ពី​ពេល​កន្លង​ទៅ​​​​បង្ហាញថា​ អង្គ​​ភាព​​នេះ​រកឃើញ​ថា​ សណ្ឋាគារនិង​ក្រុម​ហ៊ុន​កម្រិត​មធ្យម​ជា​ច្រើន​នៅ​ខេត្ត​សៀម​រាប​​ ត្រូវ​បាន​ផ្នែក​នេះ​របស់​សាខា​ពន្ធ​ដារ​ខេត្ត​ ធ្វើ​ឯកសារ​កំណត់​ពន្ធ​ឡើង​វិញ​ ដោយ​បំប៉ោង​តួលេខ​ខ្ពស់​ដើម្បី​ឱ្យ​ម្ចាស់​សណ្ឋាគារ​ ម្ចាស់​ក្រុម​ហ៊ុន​ភ័យ​ខ្លាច​ ​​ហើយ​​​បង់​លុយ​ក្រោមតុ​​​​ឱ្យ​ខ្លួន ។​ ករណី​ម្ចាស់​សណ្ឋា​​គារ​ ឬ​ក្រុម​ហ៊ុន​ធុន​មធ្យម​ណា​មួយ​មិន​ព្រម​ដោះ​ស្រាយ​​​លុយ​​ក្រោម​តុ​ឱ្យ​ប្រធាន​ផ្នែក​​ឈ្មោះ​​លីវ ប៊ុន​ថន​ ទេ ក្រុ​មហ៊ុន​ ​និង​សណ្ឋា​គារ​​នោះ​ត្រូវ​​រង​នូវ​ការ​បង់​ពន្ធ​យ៉ាងខ្ពស់ ។​

ក្នុង​របាយ​ការណ៍ដដែល​បាន​បង្ហាញ​ពី​ឧទា​ហរណ៍​ខ្លះៗ​​ដូច​ជា ​«សណ្ឋាគារ​ធុន​មធ្យម​​ត្រូវ​បង់​ពន្ធ​កំណត់​ឡើង​វិញ​តែ​២០០​ដុល្លារ​អាមេរិក​ទៅ​៥០០​ដុល្លារអាមេរិក​ ​​លោក​លីវ​ ប៊ុនថន​ បាន​ធ្វើ​បែបបទ​ដើម្បី​ឱ្យ​សាខា​​​ពន្ធ​ដារ​ទារ​៧​ពាន់​ដុល្លារ ឬ​១​ម៉ឺន​ដុល្លារ​ ហើយ​បើ​ម្ចាស់​សណ្ឋាគារ​ធុន​មធ្យម​ទាំង​នោះព្រម​​បង់​លុយ​ឱ្យ​គាត់​១.០០០ ​ដុល្លារ​​ទៅ​៣.០០០​ដុល្លារអាមេរិក​ ទើប​សណ្ឋាគារ​នោះ​អាច​បង់​ពន្ធ​តាម​ការ​កំណត់​ត្រឹម​តែ​​២០០​ ដុល្លារ​​ទៅ​៥០០​ដុល្លារ​អាមេរិក​វិញ ។​ ចំពោះ​អ្នក​រឹង​ទទឹង​មិន​ព្រម​បង់​ឱ្យ​លោក​លីវ​ ប៊ុន​ថន​ ​នោះ​ នឹង​ត្រូវ​ចាប់​ឱ្យ​បង់​ពន្ធ​ដល់​​​១​ម៉ឺន​ដុល្លារ​អាមេរិក​ដ៏​អយុត្តិ​ធម៌​ » ​។​

នេះ​ជា​សវនាការ​ទី​២ ហើយ​សម្រាប់​សាលា​ដំបូង​ខេត្ត​សៀម​រាប​ ដែល​បាន​កាត់​ទោស​បុគ្គល​ជា​មន្ត្រី​​​​រាជ​ការ​នៅ​​ក្នុង​រយៈ​ពេល​ដើម​ឆ្នាំ​២០១៤ នេះ​​។ ​សាល​ក្រម​ទី​១​ ​បាន​ប្រកាស​ជា​សា​ធារ​​ណៈ​​កាលពី​២​ខែ​មុន​ ដោយ​បាន​ផ្តន្ទា​ទោស​អនុ​ប្រធាន​​ទី​​ស្នាក់​ការ​គយ និង​រដ្ឋាករ​ច្រក​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ម្នាក់​ឈ្មោះ​ ជ័យ​ ច័ន្ទ​តារា​ ឱ្យ​មាន​ទោស​រយៈ​ពេល​៣ឆ្នាំ​ តែ​ទោស​ព្យួរ​ក្រោម​បទ​ចោទ​ប្រកាន់ «វិតិ​ក្រម»​ ដូច​គ្នា ។​

តើ​និយម​ន័យ​នៃ​វីតិ​ក្រម​​មាន​ន័យ​យ៉ាង​​ដូច​ម្តេច ?​ ​មាត្រា​៥៩២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែង​ថា វិតិ​ក្រម​គឺជា​អំពើ​របស់​អ្នក​រាជការ​សាធារណៈ​ ឬ​ពលរដ្ឋ​ទទួល​​​​​​​អាណត្តិ​សាធារណៈ​ដែល ១-​ទាម​ទារ​ ឬទទួល​​ជា​​សិទ្ធិ​ ជាពន្ធ​​ ជា​​អាករ​ ​នូវ​ចំនួន​ប្រាក់​​​ដែល​​ខ្លួនបានដឹង​ថា​មិន​ត្រូវបង់ ឬ​ដែល​លើស​ពី​ចំនួន​ដែល​គេ​ត្រូវ​​បង់ ។ ​២-​យល់​ព្រម​ក្រោម​រូប​ភាព​​ណា​មួយ​ និង​ដោយ​មូល​ហេតុ​ណា​មួយ​ក៏​ដោយ​ ធ្វើ​ការ​លើក​លែង​ ឬ​ការ​លោះ​ចំពោះ​ការ​បង់​ពន្ធ​ ឬ​អាករ​ដែល​ខ្លួន​ដឹង​ថា​ខុស​ច្បាប់ ។​ទាក់​ទិន​ទៅ​នឹង​ទោស​ទណ្ឌ​ មាត្រា​៥៩៣​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ដដែល​បាន​កំណត់​ថា​ បទ​វិតិ​ក្រម​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២​​​​ទៅ​៥​​​​​​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី​៤.០០០.០០០​​រៀល​ ទៅ​១០.០០០.០០០​​រៀល ៕​
 ​