រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានដេកស្លាប់នៅលើចិញ្ចើមផ្លូវ ខណៈពេលដើរហាត់ប្រាណ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ មីនា នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បែរស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែវ ភិន អាយុ៧៣ឆ្នាំ មានប្រពន្ធឈ្មោះនួន សារិន អាយុ៥២ឆ្នាំ និងមានកូនស្រីម្នាក់ឈ្មោះសោម សាវឿន អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទី៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា គេឃើញបុរសរងគ្រោះធ្វើដំណើរម្នាក់ឯង ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុក៏បានឃើញបុរសរូបនេះអង្គុយ មួយសន្ទុះក៏ដួលផ្ងារក្រោយតែម្តង។
តាមសម្តីស្រ្តីជាប្រពន្ធបានប្រាប់ឱ្យដឹងថា ប្តីរបស់គាត់មានជំងឺលើសឈាមប្រចាំកាយ ហើយតែងព្យាយាមធ្វើលំហាត់ប្រាណដោយដើរជារៀងរាល់ថ្ងៃ។ នៅព្រឹកថ្ងៃកើតហេតុនេះដែរ ប្តីរបស់គាត់បានប្រាប់ថាគាត់មិនស្រួលខ្លួន ហើយរូបគាត់ប្រាប់ថានៅផ្ទះចុះកុំទៅណា តែប្តីរបស់គាត់នៅតែព្យាយាមដើរហាត់ប្រាណដដែល រហូតដួលស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ