រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ បានត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ មីនា ២០១៤ តាមបណ្តោយផ្លូវ២៦១កែងផ្លូវលេខ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ខណៈពេលដែលជននោះជិះម៉ូតូតាមដងផ្លូវហើយរក្សាទុកគ្រឿងញៀនសម្រាប់ប្រើប្រាស់។ នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ និងម៉ូតូចំនួន០២គ្រឿង។
ជនដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះរិម សារ៉េម ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករស្នាក់នៅក្នុងខណ្ឌសែនសុខ ,ទី២-ឈ្មោះ សំ ចរិយា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ,ទី៣-ឈ្មោះ នូវ វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ,ទី៤-ឈ្មោះ យឹម វណ្ណៈ អាយុ២៦ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី៥-ឈ្មោះសួស សុភ័ក្រ ភេទប្រុស ជាកម្មករ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដកហូត ធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខឌ-៥៣៦៣ភព០១ មួយគ្រឿង និងម៉ូតូស៊ូហ្គូនពណ៌ខ្មៅ (Shogun) ស្លាកលេខភ្នំពេញ 1M-9985 មួយគ្រឿង។
តាមមន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោកបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យទាំង០៥នាក់ខាងលើកំពុងតែជិះម៉ូតូតាមដងផ្លូវ ដោយមានការសង្ស័យក៏ហៅ ត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅជាប់ខ្លួន រួចឃាត់ខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីសាកសួរ និងបញ្ជូនបន្តទៀតទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ