រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្មការិនីម្នាក់ស្លាប់ និងជាង១០នាក់ទៀតដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រមួយ ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តែពុំទាន់ដឹងថា នៅក្នុងរោងចក្រខេមបូខូថប ឬរោងចក្រហែនសាំនោះទេ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៣ មីនា ២០១៤ ។
សេចក្តីរាយការណ៍បន្តថា មូលហេតុដែលបណ្តាលឱ្យមានកម្មករស្លាប់ និងដួលសន្លប់ជាបន្តបន្ទាប់នោះ គឺមុនដំបូងឡើយមានកម្មករម្នាក់មិនស្រួលខ្លួន(ខ្យល់គរ) ហើយត្រូវថៅកែរោងចក្របញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏ស្លាប់បាត់ទៅ ។ បន្ទាប់ពីទទួលដំណឹងថា កម្មការិនីខាងលើស្លាប់ ស្រាប់តែកម្មករជាង១០នាក់នៅក្នុងរោងចក្រនោះភ័យតក់ស្លុតដួលសន្លប់ជាបន្តបន្ទាប់តែម្តង ។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ជឹង សុខងីម ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិព្រៃឈើទាល ឃុំស្រង៉ា ស្រុកទ្រាំង ខេត្តតាកែវ ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ