ប្រភពពី AFP ផ្សាយថា រដ្ឋាភិបាលហ្គំប៊ី ត្រៀមឈប់ប្រើភាសាអង់គ្លេសជាភាសាយាន ដែលជាផ្នែកមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតី យ៉ាយ៉ា ចាមម៉េ ដែលមិនចង់បង្ហាញឱ្យឃើញពីសារសំខាន់របស់អតីតអាណានិគមអង់គ្លេសបន្តទៀត ។ លោក ចាមម៉េ អាយុ៤៨ឆ្នាំ ដែលមានរឿងអាស្រូវពីការល្មើសលើសិទ្ធិរបស់ពលរដ្ឋ និងដាក់គំនាបផ្នែកសារព័ត៌មាន បានថ្លែងថា «យើងនឹងនិយាយភាសារបស់ជាតិជាផ្លូវការ ដោយមិនប្រើភាសាអង់គ្លេសជាភាសាយានតទៅទៀតឡើយ» ។
សេចក្តីថ្លែងការណ៍របស់លោក បានដាក់សម្ពាធលើភាសាអង់គ្លេស ដែលជាភាសាបច្ចុប្បន្ននៅក្នុងពិធីចូលស្បថរបស់ព្រះរាជអាជ្ញាថ្មី កាលពីថ្ងៃទី៦ មីនា កន្លងមក បានចុះផ្សាយតាមប្រព័ន្ធយូធូប ។ហ្គំប៊ី ជាប្រទេសតូចមួយនៅអាហ្វ្រិកខាងលិច មានព្រំប្រទល់ជាប់ជាមួយប្រទេសសេណេហ្គាល់ ឯភាគខាងលិចជាប់មហាសមុទ្រអាត្លង់ទិក និងមានភាសាពីជនអម្បូរជាច្រើនអាចជ្រើសមកប្រើជាភាសាយានជំនួសអង់គ្លេស ។
ប្រជាពលរដ្ឋហ្គំប៊ី ប្រហែល២ភាគ៤ និយាយភាសា «ម៉ានឌីងហ្គា» ខណៈពេលភាសាហ្វូ៊ឡា និងវ៉ូឡូហ្វ ក៏មានមនុស្សប្រើច្រើនគឺដល់ទៅ៣៤%។ ចំណែកលោកប្រធានាធិបតីចាមម៉េ ជាជនអម្បូរជូឡា បាននិយាយភាសា «ម៉ានឌីងហ្គា» ជាភាសាស្រដៀងនឹងភាសា «បាមបារ៉ា» ដែលប្រើច្រើនក្នុងប្រទេសម៉ាលី ។លោក ចាមម៉េ បានគូសបញ្ជាក់ដោយធ្វើការព្រមានដល់អង់គ្លេសថា «គ្មានគុណធម៌»គ្រប់គ្រាន់ក្នុងការនិយាយពីសិទ្ធិមនុស្សនៅគ្រប់ទីកន្លែងនៅលើពិភពលោក ។ អង់គ្លេសបានចូលគ្រប់គ្រងហ្គំប៊ី ជាលើកដំបូងដើម្បីស្វែងរកប្រយោជន៍ពីការជួញដូរភ្លុកដំរី ព្រោះហ្គំប៊ី មានដំរីច្រើន ។
ជាលទ្ធផល ពួកអង់គ្លេសបានសម្លាប់ដំរីស្ទើរតែអស់ និងបានជាន់ឈ្លីលើជាតិសាសន៍នេះ ដោយបន្សល់ទុកតែភាសាអង់គ្លេសនៅក្នុងប្រទេសហ្គំប៊ី ។ការបោះបង់ភាសាអង់គ្លេសជាភាសាយាននាពេលនេះ កំពុងឃ្លាតឆ្ងាយពីដំណើរការសាកលភាវូបនីយកម្ម ហើយអាចមិនមែនជាការត្រឹមត្រូវនោះទេ ព្រោះភាសាអង់គ្លេសជាភាសាសាកលដែលគេបានប្រើប្រាស់ជាអន្តរជាតិរួចទៅហើយ ៕
ចែករំលែកព័តមាននេះ