រាជធានីភ្នំពេញ ៖ ការបាត់ព្រះបរមសារីរិកធាតុពីក្នុងព្រះមហាសក្យមុនីចេតិយលើកំពូលភ្នំព្រះរាជទ្រព្យរហូតរកឃើញត្រឡប់មកវិញ មិនទាន់ទាំងបានដង្ហែទៅតម្កល់កន្លែងដើមវិញផង ស្រាប់តែប្រភពព័ត៌មានច្បាស់ការណ៍មួយទៀតបានឱ្យដឹងថា វត្ថុមានតម្លៃជាច្រើនត្រូវបានចោរលួចចេញពីសុគន្ធកុដិ ដែលស្ថិតនៅខាងត្បូងមហាកុដិសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្នុងវត្តឧណ្ណាលោម ។
ការបាត់បង់នេះបានកើតមានកាលពីវេលាទៀបភ្លឺ ថ្ងៃ១១ មីនា ដោយក្រុមចោរបានកាត់ដែកចម្រឹងបង្អួចចូលលួច ប៉ុន្តែព័ត៌មាននានា ទើបតែបានបែកធ្លាយនៅថ្ងៃ១២ មីនា ។ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃនៅមិនទាន់អាចកំណត់មុខសញ្ញាក្រុមចោរដែលបានលួចកាត់ចម្រឹងដែកបង្អួចសុគន្ធកុដិ ចូលទៅលួចនោះនៅឡើយទេ ។ ក្រោយពីក្រុមចោរធ្វើសកម្មភាពគួរឱ្យភ្ញាក់ផ្អើលនេះ នៅព្រឹកថ្ងៃទី១២ មីនា កម្លាំងនគរបាលចម្រុះមកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ នគរបាលខណ្ឌដូនពេញ និងដឹកនាំដោយមន្ត្រីសាលាដំបូងរាជធានី បានបន្តបើកការស៊ើបអង្កេតលើករណីនេះ ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានរំឭកថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ មីនា មានចោរចូលកាត់ចម្រឹងដែកបង្អួចកុដិលេខ៣ ឬសុគន្ធកុដិ លួចយកកោដ្ឋដាក់ធាតុចំនួន១ ធ្វើអំពីស្ពាន់ កោដ្ឋមានអដ្ឋិធាតុមួយចំនួនដែលមានតម្លៃ ក្រឡធ្វើអំពីប្រាក់ចំនួន១ និងព្រះបដិមាស្រោបមាសចំនួន៥អង្គ ដោយក្នុងមួយអង្គមានស្រោបមាស២តម្លឹង ក្រៅពីនេះក៏មានបាត់ភ្លុកដំរី១គូ ប្រវែង៨តឹក ទម្ងន់ប្រហែល១០គីឡូក្រាមដែរ ។
ព័ត៌មានលម្អិតនៃការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ច តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រសួង មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ចំពោះករណីចោរចូលលួចរបស់មានតម្លៃនៅក្នុងវត្តឧណ្ណាលោម ទីដែលសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស គង់នៅ ។ រសៀលថ្ងៃទី១២ មីនា នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមប្រភពព័ត៌មានច្បាស់ការណ៍ឱ្យដឹងថាកំពុងសាកសួរតាមជំនាញទៅលើសិស្ស និស្សិត និងព្រះសង្ឃ មួយចំនួននៅក្នុងវត្តឧណ្ណាលោម ដើម្បីឈានទៅរកកំណត់មុខសញ្ញាចោរដែរលួច ។ មន្ត្រីដែលស្និទ្ធនឹងការស៊ើបអង្កេតនេះ បានបន្លុយឱ្យដឹងថា នគរបាលព្រហ្មទណ្ឌក្រសួង បានហៅមនុស្ស៣នាក់ មកសាកសួរជុំវិញករណីនេះ តែពួកគេបានបដិសេធ ។ ទោះបីជាបែបណា សមត្ថកិច្ចកំពុងត្រួតពិនិត្យស្នាមខ្ចៅដៃដែលចោរបានបន្សល់ទុកក្នុងសុគន្ធកុដិ ខណៈពេលចូលទៅលួចនោះ ហើយបើផ្ទៀងជាមួយខ្ចៅដៃជនសង្ស័យទាំង៣នាក់ មិនដូចគ្នាទេនោះពួកគេក៏មានសេរីភាពវិញដែរ ។
អ្នកដែលមានការភ្ញាក់ផ្អើលបានហៅថា នេះជាសកម្មភាពរបស់ចោរទមិឡ ដែលបានរៀនសូត្រពីចោរទមិឡដែលបានលួចព្រះបរមសារីរិកធាតុ និងព្រះបដិមាស្រោបមាស មានតម្លៃជាច្រើនអង្គ ពីក្នុងព្រះបរមសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ឬប្រៀបដូចចោរទមិឡកើតកូន ។ ទោះបីជាបែបនេះក្តី ដោយសារបារមីរបស់ព្រះដ៏មានព្រះភាគ ចោរទមិឡជាមេនោះក៏ត្រូវអស់លក្ខណ៍ ។ លើកនេះក៏ត្រូវសង្ស័យមិនខុសគ្នានោះទេ ដែលចោរទមិឡទាំងអស់នឹងត្រូវវែកមុខមិនខានឡើយ ។ អ្នកតាមដានបាននិយាយថា ចោរពីខាងក្រៅពិតជាមិនអាចដឹងថា មួយណាជាវត្ថុមានតម្លៃ ព្រោះព្រះបដិមាមួយអង្គៗសុទ្ធតែលាបពណ៌មាសស្ទើរតែទាំងអស់នោះ ។ ដោយសារតែពេលនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅបំផុតនោះ ទើបមិនអាចរកការបំភ្លឺបែបណាមួយឱ្យច្បាស់ជាងនេះ ជុំវិញករណីខាងលើបាននៅឡើយទេ ៕
ចែករំលែកព័តមាននេះ