ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលធ្លាប់លែងលះប្រពន្ធចំនួន២នាក់រួចទៅហើយ លុះបានប្រពន្ធទី៣រស់នៅពុំចុះសម្រុងគ្នាទៀត ក៏សម្រេចចិត្តផឹកថ្នាំកក់ដើម្បីប៉ងផ្តាច់ជីវិត ខណៈដែលប្រពន្ធក្រោយបានចុះចោល និងសុំលែងលះគ្នាជាថ្មីទៀត ។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ មីនា នៅលំនៅឋានបុរសគិតខ្លីរូបនោះ ស្ថិតក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ទោះយ៉ាងណាបុរសរូបនោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។
យោងតាមបុរសជាប្អូនប្រុសបង្កើតដែលបានយកបងមកមន្ទីរពេទ្យដើម្បីសង្គ្រោះបានប្រាប់ឱ្យដឹងថា បងប្រុសគេដែលលេបថ្នាំកក់ប៉ងសម្លាប់ខ្លួនរូបនោះមានឈ្មោះ អាក់ ជឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ តែម តឹម អាយុ៣០ឆ្នាំ និងមានកូន៤នាក់ ។ ប្រភពដដែលបានបន្តថា បងប្រុសគេរូបនេះមានទីលំនៅភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៏ តែបានប្រពន្ធទី៣ និងមករស់នៅភូមិត្រពាំងរាំងនេះមានកូន៤នាក់ ។ គាត់ធ្លាប់មានប្រពន្ធចំនួន២រួចមកហើយ ប៉ុន្តែយកលែងៗ ។
ចំពោះមូលហេតុនៃការប៉ងសម្លាប់ខ្លួនរបស់បុរសខាងលើនេះត្រូវបានលោកមេភូមិត្រពាំងរាំងអះអាងថា គឺបណ្តាលមកពីមានជម្លោះជាមួយប្រពន្ធហើយប្រពន្ធបានចុះចោល ។ ប្រភពដដែលបានបន្តថា មុនពេលមានជម្លោះនោះ ប្តីបានប្រើប្រពន្ធឱ្យទិញថ្នាំបាញ់សម្លាប់សត្វកណ្តុរស៊ីស្រូវ ពេលត្រឡប់មកវិញ ប្តីរករឿងថាទិញថ្នាំខុស ហើយបានធ្វើការស្តីបន្ទោសនិងមានជម្លោះ ពេលនោះប្រពន្ធបានចុះចោលប្តី ហើយប្តីក៏បានមកប្តឹងលោកមេភូមិឱ្យជួយសម្រួលអង្វរករប្រពន្ធមកផ្ទះវិញ តែលោកមេភូមិថា បើចង់ឱ្យប្រពន្ធមកផ្ទះទៅតាមអង្វរដោយខ្លួនឯងទៅ ។ លុះដល់ម៉ោងប្រហែល៨ព្រឹកថ្ងៃទី១២ មីនា បុរសជាប្តីបានទៅលួចផឹកថ្នាំបាញ់កក់នៅក្រោយផ្ទះ ហើយត្រឡប់មកដេកនៅផ្ទះវិញ តែពេលប្រកាច់បែកពពុះមាត់ស្គុលទើបដឹងថាបុរសរូបនោះផឹកថ្នាំកក់ ទើបនាំគ្នាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះកំពុងស្ថិតក្នុងការជួយសង្គ្រោះនៅឡើយ ព្រោះឥទ្ឋិពលថ្នាំបានជ្រាបចូលក្នុងខ្លួន និងមានរយៈពេលយូរទម្រាំបានមកដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ៕
ចែករំលែកព័តមាននេះ