គូស្នេហ៍​តារា​ជួប​-​ព្រាត់ ខ្លះ​ល្វីងមុខ​ដាក់​គ្នា


រាជធានី​ភ្នំពេញ​៖ តារា​ច្រើន​គូ​មក​ហើយ​បាន​ប្រកាស​កាត់​ផ្តាច់ចំណង​ស្នេហ៍​របស់​ពួក​គេ​យ៉ាង​កក្រើក​ពិភព​សិល្បៈ ខណៈ​តារា​ខ្លះ​មានកូន​ជាមួយ​គ្នា ។ ទោះជា​យ៉ាងណា​ក្ដី​តារា​ខ្លះ​បន្ទាប់​ពី​បែកបាក់​គ្នា​ហើយ​នោះ នៅ​តែ​រក្សា​ការ​រាប់អាន​គ្នា​ជា​ធម្មតា តែ​ខ្លះ​ទៀត​មើល​មុខ​គ្នា​មិន​ចំ​ទេ ។

បើ​និយាយ​ពី​តារាចម្រៀង​សុគន្ធ និសា និង​លោក​សុខ ជំនោរ បាន​កាត់​ផ្តាច់​ការ​ទាក់ទង​គ្នា​ទាំង​ស្រុង ក្រោយ​ពេល​អ្នក​ទាំង​ពីរ​សម្រេច​ចែកផ្លូវ​គ្នា​ដើរ រៀង​ៗ​ខ្លួន​កាលពី​អំឡុង​ឆ្នាំ ២០១២ ។ បើ​គិត​មក​ដល់​ឆ្នាំ​២០១៩ នេះ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ដែល​អ្នក​ទាំង​ពីរ​មិន​ស្ដី​រកគ្នា សូ​ម្បី​តែ​ពួក​គេ​រៀប​ការ​ក៏​មិន​បាន​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ចូលរួម​ដែរ ។

តារ​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​លែងលះ​ជាមួយ ភិន សុ​ដា​លី​ស ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ មេ​សា ឆ្នាំ​២០១៦ ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។ តុលាការ​ក៏​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​លែងលះ​គ្នា បន្ទាប់​ពី​ផ្សះផ្សា​ច្រើន​លើក​។ ក្រោយ​ចែកផ្លូវ​គ្នា​មក ពួក​គេ​មើល​មុខ​គ្នា​មិន​ចំ​ទេ ក្នុង​ពេល​ដែល​ពួក​គេ​មានកូន​ស្រី​ម្នាក់ ។ យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ​ទាំង​លោក ប៉ែន ចំ​រ៉ុ​ង និង​នាង​ភិន សុ​ដា​លី​ស បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី រៀង​ៗ​ខ្លួន ។

តារា​សម្តែង​លោក​យ៉ែ​ម សំ​អូន បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​ភរិយា​គឺ​អ្នក​នាង​យ៉ា​ន លី​ន​ដា កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៥ ។ ដើមហេតុ​នៃ​ការ​បែកបាក់​គ្នា​នេះ​ដោយសារ​តែ​នាង​លី​ន​ដា ចោទ​ថា​បាន​តាម​ទាន់​ស្វាមី​ទាក់ទង​ស្នេហា​ភេទ​ដូច​គ្នា ហើយ​រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​កាត់​ផ្ដាច់​ការ​ទាក់ទង​ទាំងស្រុង លែង​ជា​អ្វី​ជាមួយ​គ្នា​តទៅ​ទៀត សូ​ម្បី​តែ​ចំណងមិត្តភាព​ក៏​គ្មាន​ដែរ ខណៈ​ពេល​ដែល​អ្នក​នាង​យ៉ា​ន លី​ន​ដា គឺជា​អ្នក​ទទួល​បីបាច់​ថែរក្សា​កូនស្រី​ដែល​ជា​តំណក់ឈាម​រួម​គ្នា ។

ចំណងអាពាហ៍ពិពាហ៍​រវាង​តារ​សម្តែង​នាង ឈិ​ន សុធា​រី និង​លោក​សុវណ្ណ មក​រា បាន​ដល់​ផ្លូវបំបែក បន្ទាប់​ពី​ពួក​គេ​បាន​សម្រេច​ចូល​រោងការ​កាលពី​ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០១៥ និង​បង្កើត​បានកូន​ភ្លោះ​ប្រុស​ស្រី កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០១៦ ។ បើ​ទោះបីជា​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​បាន​ឈាន​ដល់ទី​បញ្ចប់ ដោយ​ហេតុផល​លោក​សុវណ្ណ មក​រា បាន​លប​លួច​ទៅ​មាន​ស្រី​ថ្មី​នោះ​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ជួប​មុខ​គ្នា​ម្តងម្កាល ពោល​គឺ​ថ្ងៃ​ដែល​រៀបចំ​ខួបកំណើត​កូនភ្លោះ​របស់​ពួក​គេ​។

តារាចម្រៀង និង​សម្តែង​អ្នក​នាង​ឆ័​យ​លី​ដា​ឡែ​ន បាន​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​ស្វាមី​ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា គឺ​លោក​រិ​ទ្ធី ឧត្តម​ស៊ី​ដា​រ៉ា កាលពី​ពេល ថ្មី​ៗ​នេះ​បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៥ ដោយ​មានកូន​ប្រុស​ម្នាក់ ។

ដំណឹង​ពី​ការ​បែកបាក់​ស្នេហ៍​របស់​អ្នក​នាង​ឆ័​យ​លី ដា​ឡែ​ន ត្រូវ​គេ​ដឹង​ថា បាន​កើតឡើង​ប្រមាណ​ជាង​មួយ​ខែ​នេះ ហើយ​អ្នក​ទាំង​ពីរ​នៅ​តែ​រង់ចាំ​ពី​ការ​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ ក្រោយ​ពី​បាន​ផ្សះផ្សា​គ្នា​ជា​ច្រើន​ដង ហើយ​មិន​ទទួល​បាន​លទ្ធផល​ល្អ ។

ចំណែក​គូ​អាពាហ៍ពិពាហ៍​លោក​យុ​ត្ថា​រ៉ា ឆា​នី និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ចែកផ្លូវ​គ្នា​ដែរ តែ​អ្នក​ទាំង​ពីរ​នៅ​រាប់អាន​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ