ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​វិនិយោគ​​ជាង​៧២០​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន CDC អនុម័ត​ដែល​​គម្រោង​សណ្ឋាគារផ្កាយ៥មាន​ពីរនៅខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល​តែ​១​ខែ ពោល​គឺ​ក្នុង​ខែសីហា ឆ្នាំ ២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​ចុះ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ​នៅ​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល​តែ​១​ខែ ពោល​គឺ​ក្នុង​ខែសីហា ឆ្នាំ ២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​ចុះ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ​នៅ​កម្ពុជា នូវ​ទឹកប្រាក់​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​១​ម៉ឺន​៦​ពាន់​នាក់ នៅ​ពេល​គម្រោង​វិនិយោគ​នេះ​ដំណើរការ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុង​ខែសីហា​នេះ​គឺ​មាន​គម្រោង​វិនិយោគ​របស់​ចិន​សាងសង់​សណ្ឋាគារ​កម្រិត​ផ្គា​យ ៥ ចំនួន​ពីរ​ផង​ដែរ ។ នេះ​បើ​តាម​ការ​សេចក្តី​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា ។

ប្រភព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា​ក្នុង​១​ខែ​ពេញ​នៃ​ខែសីហា​កន្លង​ទៅ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ២១​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៧២៤​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​បាន​ជាង​១​ម៉ឺន​៦​ពាន់​នាក់​តាម​ការ​ប៉ាន់ស្មាន​ដំបូង ។ នៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​ដែរ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​វិនិយោគ​ដែល​មាន​ទឹកប្រាក់​ច្រើន​ជាងគេ​ក្នុង​ខែសីហា​នេះ គឺជា​គម្រោង​វិនិយោគ សណ្ឋាគារ​ផ្កាយ​៥​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​គម្រោង​នេះ មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ ២២៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប៉ាន់​ស្មានថា អាច​ផ្ដល់​ការងារ​ប្រមាណ ១៦៦៨​នាក់​នៅ​ពេល​គម្រោង​រួចរាល់ ។ គម្រោង​ធំ​ទី​២​ក្នុង​ខែសីហា គឺជា​គម្រោង​វិនិយោគ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ដូច​គ្នា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដដែល ដែល​មាន​ទុន​វិ​ន​យោគ​ប្រមាណ ១៥៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​ផ្ដល់​ការងារ​ប្រមាណ ៩៨១​នាក់ នៅ​ពេល​ដែល​វា​រួចរាល់ ។

តាម​រយៈ​ការ​អនុម័ត​គម្រោង​វិនិយោគ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​សបញ្ជាក់​អោយ​ឃើញ​ថា កម្ពុជា នៅ​តែ​មាន​សក្ដានុពល​សម្រាប់​ទាក់ទាញ​វិនិយោគិន​នានា មក​កាន់​កម្ពុជា ខណៈ​កម្ពុជា​កំពុង​សម្របសម្រួល​នូវ​រាល់​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី ទាំងអស់​ដែល​មាន​បំណង​បណ្ដាក់ទុន​វិនិយោគ លើ​វិស័យ​ផ្សេង​ៗ​ដែល​មាន​អាទិភាព ។

សូម​រំលឹក​ថា កាលពី​ចុងខែ​សីហា ២០១៩​នេះ​ដែរ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត បង្ហាញ​ពី​គម្រោង​ចំនួន​៤ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​បាន​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ។​គម្រោង​ទាំង​៤​នេះ​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជិត​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ទីតាំង​នៅ​ខេត្ត​ព្រះ​សីហ​នុ​២​គម្រោង ដែល​ជា​គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ​៥ ខេត្តពោធិ៍សាត់​មួយ​គម្រោង ជា​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី និង​ខេត្តកំពង់ឆ្នាំង​មួយ​គម្រោង​ជាក​ម្រោ​ង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី ដូច​គ្នា​។

​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា​ស្ថានភាព​វិនិយោគ​របស់​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ពោល​គឺ​រាប់​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ គឺ​មាន​ភាពល្អ​ប្រសើរ ដោយ​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៩៥៩​គម្រោង ក្នុង​នោះ​ទុន​វិនិយោគ​សរុប​ចំនួន ២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​បាន​ប្រមាណ​១​លាន​កន្លែង ។ នេះ​គឺជា​មោទនភាព មួយ​របស់​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​នូវ​ស្វាគមន៍​ការ​បណ្ដាក់ទុន​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​លើក​ពិភពលោក ។

ផ្អែក​តាម​របាយការណ៍​មួយ​បាន​បង្ហាញ​ថា វិនិយោគិន​ជាប់​ចំណាត់ថ្នាក់​ទី​១​នៅ​កម្ពុជា គឺជា​ជនជាតិ​ចិន ក្នុង​នោះ​ដែរ រួម​មាន​ទៅ​លើ​វិស័យ​អចលនទ្រព្យ កសិកម្ម និង​ផ្សេង​ៗ​ទៀត វិនិយោគិន​លំដាប់​ទី​២ គឺជា​វិនិយោគិន​ក្នុងស្រុក​ផ្ទាល់​តែ​ម្ដង ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​កាន់តែ​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ជីវភាព​ធូរ​ជាង​មុន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ