ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​ការ​ចរ​​ចា​​​​ដែល​មិន​​​ជឿន​លឿន​​​ទៅ​មុខ គណ​​បក្ស​ទាំង​​2​​ចេញ​​​សេចក្តី​​ថ្លែង​​ការណ៍​​​​រៀងៗ​​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ជំនួប​​ចរចា​​រវាង​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​​​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​​ ​មិន​ទទួល​បាន​ផ្លែ​ផ្កា​​​ជា​ដុំ​កំភួន​​នោះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​​របស់​ខ្លួន​បដិ​សេធ​​​ការ​ស្នើ​សុំរ​បស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​អំពី​ស្ថាប័ន​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជា​ស្ថាប​័ន​ធម្ម​នុញ្ញ ​ហើយ​អនុ​ម័ត​សមា​សភាព​ស្ថា​ប័ន​នេះ​ដោយ​សំឡេង​​២/​៣ ​នៃ​សមា​ជិក​រដ្ឋ​សភា​ទំាង​មូល ។

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ជំនួប​​ចរចា​​រវាង​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​​​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​​ ​មិន​ទទួល​បាន​ផ្លែ​ផ្កា​​​ជា​ដុំ​កំភួន​​នោះ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍​​របស់​ខ្លួន​បដិ​សេធ​​​ការ​ស្នើ​សុំរ​បស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​អំពី​ស្ថាប័ន​រៀប​ចំ​ការ​​បោះ​ឆ្នោត​ជា​ស្ថាប​័ន​ធម្ម​នុញ្ញ ​ហើយ​អនុ​ម័ត​សមា​សភាព​ស្ថា​ប័ន​នេះ​ដោយ​សំឡេង​​២/​៣ ​នៃ​សមា​ជិក​រដ្ឋ​សភា​ទំាង​មូល ។

​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណប​ក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ថ្ងៃ​ទី​១០​ មីនា ​​​ហើយ​ដែល​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទទួល​​​បាន​​នា​ថ្ងៃទី​១១ មីនា ​​មាន​​ខ្លឹមសារ​​ថា ​ជំនួប​របស់​គណៈ​កម្ម​ការ​ចម្រុះ​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​វិមាន​ព្រឹទ្ធ​សភា​​ ​កាល​ពីថ្ងៃទី​១០ មីនា ​មិន​បាន​ឈាន​​ដល់​ការ​ធ្វើ​សេច​ក្តីប្រកាស​រួម​ឡើយ ។ គណៈ​កម្ម​ការ​ចម្រុះ​ដើម្បី​សិក្សា និង​​​រៀប​​ចំ​​ក្រប​​ខណ្ឌ​កំណែ​ទម្រង់​​កា​របោះ​ឆ្នោត ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ឯក​ភាព​ឲ្យ​ដាក់ប្រធា​នបទ​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត តែ​មិន​ឯក​ភាព​​លើ​ការ​ចែង​អំពី​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​​ធម្ម​នុញ្ញ ​ហើយ​អនុ​ម័ត​សមា​សភាព​ស្ថាប័ន​​នេះ​ដោយ​សំឡេង​២/៣ ​នៃ​សមា​ជិក​រដ្ឋ​សភា​ទំាង​មូល​នោះ​ទេ​ ។

សេច​ក្តី​ថ្លែង​ការណ៍​ដដែល​បាន​លើក​ឡើង​ទៀត​ថា​ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​សោក​ស្តា​យ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​លក្ខ​ខណ្ឌ ដែល​អាច​​​បង្ក​ការរំាង​ស្ទះ​​ដល់​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។ ទោះ​បី​ជា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​ការ​សោយ​ស្តាយ​និង​មិន​ឯក​ភាព​ចំពោះ​ការ​ស្នើ និង​លើក​ឡើង​របស់​គណៈ​​កម្ម​ការ​​ចម្រុះ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​បាន​​ប្រកាន់​ជំហរ​បន្ត​ការ​ចរ​ចា​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​នា​ថ្ងៃ​ទី​១០ មីនា​ កន្លង​មក ​។

​ទាក់​ទង​នឹង​​​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ពី​កា​រសោក​​ស្តាយ​និង​បដិ​សេធ​ចំពោះ​​​ការ​​លើក​ឡើង​ និង​​​ប្រកាន់​ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ លោក​ យ៉ែម បុញ្ញ​​ឫទ្ធ​ិ​​ អ្នក​​នំា​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ និង​ជា​សមា​ជិក​មួយ​រូប​នៃ​គណៈ​កម្ម​ការ​ចម្រុះរ​បស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​កោះ​សន្តិ​ភាព​តា​​ម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​១១ មីនា​ ថា ការ​ស្នើសុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ដែល​​បាន​លើក​ឡើង​​នោះ ​​គឺ​​ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​រៀ​ប​ចំ​​ការ​បោះ​ឆ្នោត​មួយ​​​មាន​លក្ខ​ខណ្ឌ​ឯក​រាជ្យ ដែល​តំណាង​ឲ្យ​គណ​បក្ស​នយោ​បាយ​ទំា​ង​អស់​ទទួល​យក​បាន​ ពិសេស​នោះ​ប្រជា​ពល​រដ្ឋ​តែ​ម្តង ។

លោក​យ៉ែម ​បុញ្ញ​ឫទ្ធិ ​បន្ត​​ថា ​អ្វី​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​​នោះ​គឺ​គួរ​ដាក់​ស្ថាប័ន​រៀប​ចំ​ការ​​បោះ​ឆ្នោ​ត​នេះ​ឲ្យ​ទៅ​ក្នុង​រដ្ឋធ​ម្ម​នុញ្ញ​តែ​ម្តង ​និង​សមាស​ភាព​គណៈ​កម្មា​ធិការ​​​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ចង់​ឲ្យ​មាន​​ការ​អនុ​ម័ត​ពី​សមា​ជិក​រដ្ឋ​សភា​​ចំនួន​២​/៣ ​ព្រោះ​ថា​សមា​ជិក​សភា​២/៣ ​តំណាង​ឲ្យ​មាន​កា​​រ​ឯក​ភាព​គ្នាពី​គណ​បក្ស​នយោ​បាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ។ ចៀស​វាង​ស្ថាប័ន​ឯក​រាជ្យ​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​នយោ​បាយ​ណា​មួយ ព្រោះ​ថា​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​មួយ​ដែល​មា​នមូល​ដ្ឋានគ្រឹះក្នុងការ​ប្រតិ​បត្តិ​ផង ​និង​ទទួល​ខុស​ត្រូវ​​​ចំពោះ​ការ​រៀប​ចំការ​បោះ​ឆ្នោត​​ជាតិ​ផង​ ។

​លោក យ៉ែម បុញ្ញ​ឫទ្ធិ​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​យើង​លើក​ឡើង​​និង​ស្នើ​នោះ ព្រោះ​ថា​យើង​ចង់​មាន​ការ​គិត​​គូរ​ពី​ផល​ប្រយោជន៍​ជាតិ ដើម្បី​ចៀស​​វាង​រាល់​លើក​មាន​ការ​បោះ​ឆ្នោត តែង​តែ​មាន​បញ្ហា​នោះ ។ បញ្ហា​ទាម​ទារ​ពី​ភាគី​ម្ខាង​ ​និង​ភាគី​ម្ខាង​​ទៀត​​បដិ​សេធ​នោះ​ ត្រូវ​បាន​លោក យ៉ែម ​បុញ្ញ​ឫទ្ធិ ចោទ​ទៅ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ថា គ្មាន​បំណង​ក្នុង​ការ​ចរចា​​គ្នា​​ស្តី​ពី​​​កំណែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត​នោះ​ទេ​ ​ព្រោះ​គាត់​ចង់​ទុក​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប )​​​​ហ្នឹង​​ ដើម្បី​លួច​សន្លឹក​ឆ្នោត​នៅ​លើក​ក្រោយ​ទៀត​ ឬ​យ៉ា​ង​ណា? ប្រជា​ពល​រដ្ឋបាន​ដឹង​ច្បាស់​លាស់​និង​យល់​ដឹង​ខ្លួន​គាត់​បាត់​ទៅ​ហើយ ​។ ​លោក​​យ៉ែម បុញ្ញ​ឫទ្ធិ បន្ថែម​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​​ប្រកាន់​ជំហរ​​​​ចរចា និង​រក​ដំណោះ​ស្រាយ​បន្តទៀត ប៉ុន្តែ​បំណង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ភាព​យុត្តិ​ធម៌​មិន​ប្រកាន់​ថា​បក្ស​ណា​មួយ​នោះ​ទេ គឺចង់ឲ្យ​ស្មើ​ភាព​ត្រឹម​ត្រូវយុត្តិ​ធម៌ សេរី …។

លោក​យ៉ែម ​បុញ្ញ​ឫទ្ធិ​​ បាន​​សម្តែង​​​ការ​​សោក​ស្តាយ​ចំពោះ​​​សេចក្តី​​​ថ្លែង​ការ​​​ណ៍​នៅ​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​បាន​លើក​ឡើង​ថា​​ កាល​ពី​កិច្ច​ប្រជុំ​នា​ថ្ងៃ​ទី​១០ មីនា ​ហេតុ​​អ្វី​​បាន​ជា​ភាគី​គណ​បក្ស​ប្រជា​ជន​កម្ពុជា លើក​​យក​បញ្ហា​សង្គម​ស៊ី​វិល​ទៅ​វិញ ដែល​ខុស​នឹង​លក្ខ​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​ជា​ប្រធាន​បទ​ត្រូវ​ដោះ​ស្រាយ ។ ការ​លើក​ឡើង​ពី​សង្គម​ស៊ីវិល​វា​មិន​ត្រូវ​ទាល់​តែ​សោះ ​ព្រោះ​ថា​មាន​សង្គម​ស៊ីវិល​ខ្លះ​ធ្វើ​ការ​ទាក់​ទង​នឹង​កិច្ច​ការ​បោះ​ឆ្នោ​ត និ​ង​សង្គម​ស៊ី​វិល​ខ្លះ​ទៀត​ធ្វើ​​ការ​​ទាក់​ទងនឹង​សង្គម​ ​ដូច្នេះ​វា​មិន​ត្រូវ ​។ រឿង​អ្វី​បាន​ជា​គាត់​លើក​យក​បញ្ហា​សង្គម​ស៊ី​វិល​មក​ជជែក​គ្នា​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក យ៉ែម ​បុញ្ញឫទ្ធិ លើក​ឡើង​ថា​ ជំហរ​របស់​គណប​ក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​រក្សា​ក្នុង​ការ​ចរចា ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដដែ​លនៅ​ថ្ងៃទី​១៧ មីនា ប៉ុន្តែ​គណ​ប​ក្ស​​សង្គ្រោះ​ជា​តិ​​នឹង​ពិនិត្យ​មើល​​​ថាមាន​ការ​វិវត្ត​ទេ សម្រាប់​ការ​ចរចា​គ្នា​ជា​ច្រើន​លើក​មកនេះ ។

សូម​បញ្ជាក់​ថា ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​​​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​អស់​រយៈ​ពេ​លជាង​៣​ម៉ោង កា​លពី​ថ្ងៃទី​១០ មីនា ​ដែល​​​មិន​បាន​ឯក​​ភាព​​គ្នា និង​ចេញ​សេ​ចក្តី​ថ្លែង​ការណ៍​​ណា​មួយ​នោះ​ទេ ។ ប៉ុន្តែ​គណ​បក្ស​ទំាង​២​​​បាន​កំណត់​ជួប​គ្នា​ជា​ថ្មី​នា​ថ្ងៃ​ទី១៧ មីនា ​ខាង​មុខ​នេះ​​នៅ​វិមាន​ព្រឹទ្ធ​សភា​​​​​បន្ត​ទៀត​ ៕