រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់ម៉ូតូប្រុស ស្រី៣នាក់ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ មីនា ២០១៤ ខណៈពេលពួកគេជិះម៉ូតូម៉ាកស្គូពីពណ៌ខ្មៅមួយគ្រឿងដែលប្លន់បានពីជនរងគ្រោះនៅសង្កាត់ផ្សារថ្មីទី១យកទៅលក់នៅម្តុំផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះសន សត្យាត្រាពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះរឿន ដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅប្លុកបឹងកក់ សង្កាត់ស្រះចក និង៣-ឈ្មោះហង្ស ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ស៊េរី២០១១ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះរុន ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងភ្លើង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ មីនា ២០១៤ នៅសង្កាត់ផ្សារថ្មីទី១បានសម្រេច ហើយគេចខ្លួនបាត់មួយរយៈ ទើបតែនៅវេលាម៉ោង១រសៀល ថ្ងៃទី១១ មីនា នេះទើបសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈពួកគេកំពុងជិះម៉ូតូនេះបម្រុងយកមកលក់នៅផ្សារឃ្លាំងរំសេវ៕
ចែករំលែកព័តមាននេះ