រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននគរបាលអន្តរាគមន៍ខណ្ឌសែនសុខ ឃាត់ខ្លួនភ្លាមៗ ខណៈពេលកំពុងចាប់បោចសក់ និងវាយធ្វើបាបស្រីស្នេហ៍របស់ខ្លួន ដោយសារតែចោទនាងថា ចង់បែកចិត្តមានប្រុសថ្មី ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ មីនា នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសរូបនេះឈ្មោះ រ៉ុង ភារម្យ អាយុ៣១ឆ្នាំ ជាអ្នកលេងភ្លេងសម័យនៅក្នុងភោជនីយដ្ឋានមួយ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកនារីជាស្រីស្នេហ៍ឈ្មោះ សៀវ លក្ខណ៍ធីតា អាយុ៣០ឆ្នាំ ជាអ្នកចម្រៀងនៅក្នុងភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលក្នុងភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នៅចំពោះមុខសមត្ថកិច្ច នារីខាងលើរៀបរាប់ទាំងទឹកភ្នែកថា នាង និងបុរសម្នាក់នេះ បានទាក់ទងគ្នា និងរួមរស់ជាមួយគ្នាជាង១ឆ្នាំមកហើយ និងធ្លាប់បែកបាក់គ្នា២ ទៅ៣លើកមកហើយដែរ ក្នុងជីវិតជាគូសង្សារ រហូតដល់យប់កើតហេតុ បុរសជាប្រុសស្នេហ៍ បានទូរស័ព្ទមកសុំនាងត្រូវរ៉ូវគ្នាវិញ ហើយរូបនាងក៏យល់ព្រម ។ នៅពេលត្រូវគ្នាវិញនោះ បុរសនេះបានជិះម៉ូតូមកដឹកនាងចេញពីច្រៀងនៅក្នុងភោជនីយដ្ឋានម្តុំពោធិចិនតុង ដើម្បីត្រឡប់ទៅផ្ទះរបស់គេនៅឯភូមិឫស្សី ។
ខណៈមកដល់ផ្លូវលេខ២០០៤ ក៏ឈប់ម៉ូតូចូលចាក់សាំង ពេលនោះស្រាប់តែទូរស័ព្ទរបស់ឈ្មោះ រ៉ុង ភារម្យ បានរោទ៍ឡើង ហើយរូបគេក៏លើកទូរស័ព្ទ ឮសំឡេងមនុស្សស្រីនិយាយ ។ ដោយឮដូច្នេះ នាងក៏ចុចបិទចោល ហើយសួរប្រុសស្នេហ៍ថា នរណាគេទូរស័ព្ទមក តែគេមិនព្រមឆ្លើយទេ ថែមទាំងសម្លុតចង់រករឿងនាងទៀតផង ។
ដោយខ្ជិលឈ្លោះគ្នាច្រើន នាងក៏សុំជិះរ៉ឺម៉កម៉ូតូទៅដេកផ្ទះមិត្តភក្តិនៅម្តុំព្រែកលៀប ស្រាប់តែប្រុសស្នេហ៍នោះស្រែកគំរាមនាងថា មិនឱ្យទៅដេកផ្ទះនរណាទេ បើហ៊ានហៅរ៉ឺម៉កម៉ូតូមកជិះ គេនឹងបើកម៉ូតូបំបុកឱ្យស្លាប់ ។ និយាយមិនទាន់ចប់ផង ស្រាប់តែរូបគេស្ទុះមកចាប់បោចសក់នាង ហើយវាយ៣ទៅ៤ដៃ ចំកណ្តាលមុខនាង បណ្តាលឱ្យប៉ោងមុខ ហើយបែកមាត់ហូរឈាមកក្លាក់ ។
នាងនិយាយទៀតថា ពេលនោះក៏មាននគរបាលអន្តរាគមន៍ខណ្ឌសែនសុខ៣នាក់ ជិះម៉ូតូមកឃើញក៏ចូលឃាត់ ហើយនាំឈ្មោះ រ៉ុង ភារម្យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីដោះស្រាយ ។ ចំណែកបុរសជាប្រុសស្នេហ៍ និយាយថា ខ្លួនវាយស្រីស្នេហ៍នោះ មកពីខឹងនាងចង់បែកចិត្តពីរូបគេ ហើយទៅស្រវាប្រុសថ្មី ៕
ចែករំលែកព័តមាននេះ