ខេត្តកំពត ៖ គួរឱ្យអាណោចអាធ័មនិងសង្វេគបំផុតចំពោះក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ ដែលរស់នៅជាមួយឪពុកជាបុរសពោះម៉ាយ ដោយសារតែម្តាយបានឈឺស្លាប់កាលពីឆ្នាំ២០១៣ កន្លងមកទើបតែបានមួយឆ្នាំ ។ ការរស់នៅជាមួយឪពុកដែលមានជំងឺប្រចាំកាយផង ពេលនេះឪពុកដេកស្លាប់នៅលើគ្រែមួយក្រោមផ្ទះ ជាកន្លែងដែលឪពុកនិងកូនប្រុសតូចធ្លាប់ដេកជាប្រចាំ ។
កុមារាតូចជាកូនពុំបានដឹងថា ឪពុករបស់ខ្លួនស្លាប់តាំងពីកាលណាមកនោះទេ ពីព្រោះតាំងពីបងប្រុសម្នាក់រៀបការប្រពន្ធហើយ កុមារារូបនេះ មិនដែលបានហូបបាយនៅផ្ទះជាមួយឪពុកទេ គឺទៅដើរលេងជាមួយក្មេងប្រុសតូចប៉ុនគ្នានៅជិតខាង រួចហូបបាយជាមួយកូនគេ អ្នកជិតខាងរហូត លុះពេលល្ងាចទើបចូលដេកក្នុងមុងជាមួយឪពុក ។ នៅល្ងាចថ្ងៃទី១០ មីនា ក៏មានការភ្ញាក់ផ្អើលបានកើតឡើង ក្រោយពីកូនប្រុសដេកឱបខ្មោចឪពុកមិនបានដោយសារធុំក្លិនស្អុយពេក ទើបទៅប្រាប់ក្មេងៗដែលរត់លេងជាមួយគ្នាព្រមទាំងសុំគេដេកជាមួយផង ដោយខ្លួនដេកជាមួយឪពុកលែងបាន ព្រោះឪពុកដេកអត់ព្រមងើប ហើយក្លិនគាត់ធុំស្អុយទៀត ។ ក្រោយពីឮក្មេងប្រុសនេះ និយាយប្រាប់បែបនេះកុមារផ្សេងទៀត ដែលរត់លេងជាមួយគ្នាក៏យករឿងនេះទៅប្រាប់ដល់ឪពុកម្តាយរបស់គេ ទើបឪពុកម្តាយរបស់កុមារទាំងនោះមកពិនិត្យដល់ផ្ទះ ទើបដឹងថាបុរសឈ្មោះម៉ាប់ អាយុជាង៥០ឆ្នាំ ដែលជាឪពុករបស់កុមារានេះមិនដឹងស្លាប់តាំងពីថ្ងៃណាមកទេ សពបានហើមប៉ោង និងធុំក្លិនទៅហើយ ក៏អ្នកខ្លះទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកពិនិត្យសពទាំងយប់ ។
លំនៅឋានកន្លែងកើតហេតុស្ថិតនៅចំណុចលើចង្កេះភ្នំទឹកឈូ ជាប់ផ្លូវឡើងទៅវត្តគិរីទឹកជប់ ស្ថិតក្នុងភូមិ ស្នំប្រាប់ពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ។ លោកឧត្តមសេនីយ៍ម៉ៅ ច័ន្ទមៈធុរិទ្ធ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីយប់ថ្ងៃទី១០ មីនា នេះថា សពបុរសឈ្មោះម៉ាប់នេះ គឺក្រោយពីមានការភ្ញាក់ផ្អើលពីអ្នកស្រុកថា ដេកស្លាប់មិនដឹងមូលហេតុនោះ លោកបានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យផ្ទាល់ដល់ផ្ទះសពហើយ គឺបុរសពោះម៉ាយរូបនេះគាត់មានជំងឺប្រចាំកាយជាយូរមកហើយ ជំងឺឫសដូងបាត ។ គ្រួសារនេះក្រីក្រណាស់ រស់នៅដោយជីវភាពខ្វះខាតបំផុត ។ បើតាមប្រភពពីអ្នកស្រុកបានឱ្យដឹងថា បុរសរូបនេះធ្លាប់មានប្រពន្ធពីររួចមកហើយ ប្រពន្ធទី១បានកូនប្រុសមួយ ក៏ឈឺស្លាប់ទៅ ក្រោយមកក៏មានប្រពន្ធក្រោយទៀត ។ បន្ទាប់ពីបានកូនប្រុសមួយមានអាយុបីឆ្នាំ ប្រពន្ធក៏ឈឺស្លាប់ទៀតកាលពីឆ្នាំទៅ ។
ប្រភពដដែលបានឱ្យដឹងថា កូនប្រុសមុនទើបតែរៀបការប្រពន្ធបានមួយសប្តាហ៍ ដោយសារជំពាក់បំណុលគេច្រើននៅពេលរៀបការនោះ ពួកគេពីរនាក់ប្តីប្រពន្ធក៏នាំគ្នាទៅធ្វើការនៅខេត្តព្រះសីហនុបាត់ទៅ ហើយបុរសនេះ ក៏រស់នៅតែ២នាក់កូនប្រុសតូច អាយុ៤ឆ្នាំ ។ ដោយសារស្ថានភាពជំងឺកាន់តែដុនដាប ហើយបុរសរូបនេះពុំសូវរវីរវល់នឹងបាយទឹក ដោយចូលចិត្តពិសាស្រាជាប់ជាប្រចាំទៀត ។ ចំណែកកូនតូចដែលរស់នៅជាមួយក៏ពុំដែលហូបបាយជាមួយឪពុកដែរ ព្រោះឪពុកហូបមិនទៀង ច្រើនតែអ្នកជិតខាងឱ្យហូបបាយជាមួយគេ ពេលយប់ទើបទៅដេកជាមួយឪពុក ទើបមិនដឹងថា ឪពុកស្លាប់តាំងពីពេលណាទេ ចេះតែដេកអោបសបឪពុកទៅ ។ លុះដេកឱបខ្មោចឪពុករហូតធុំក្លិន ទើបទៅប្រាប់អ្នកស្រុកជិតខាងឱ្យមកមើលទើបដឹងថា ឪពុកស្លាប់ ពីព្រោះកន្លងមកធ្លាប់ដឹងថា បុរសស្រវឹងស្រាដេកមិនដែលនិយាយជាមួយខ្លួនជាកូនទេ ទើបឪពុកស្លាប់កុមាររូបនេះស្មានតែគាត់ស្រវឹងដេកលង់លក់ដូចសព្វដង ។
លោកស្នងការរងឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ មីនា នេះ លោកនឹងដឹកនាំកម្លាំងក្នុងអង្គភាពនាំអំណោយនិងសម្ភារមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់ពិធីបុណ្យសព បុរសពោះម៉ាយខាងលើ ដើម្បីឱ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ គេនៅមិនទាន់ដឹងថា ក្មេងប្រុសតូចបន្ទាប់ពីឪពុកស្លាប់ទៅតើគេនឹងទៅរស់នៅជាមួយនរណានោះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ