ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដដែល​ដូច​គ្នា សម្តេច​តេជោ ៖ គេ​ថា​មុខ​ដដែល ចុះ​បក្ស​ប្រឆាំង​មុខដដែល​ដែរ ម៉េច​មិនថា?

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា ​​មាន​ប្រសាសន៍​ទៅ​កាន់​​​ប្រជា​ពល​​រដ្ឋ​​​​​ថា ​​​ក្នុងនាម​​​សម្តេច ជា​ ស៊ីម ​សម្តេច​ ហេង សំរិន ​​ក្នុង​នាម​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក៏​ដូច​​ជា​ខ្លួន​​ខ្ញុំផ្ទាល់ ​សូម​ថ្លែង​​អំណរ​គុណ​​ចំពោះ​ប្រជា​ពលរដ្ឋ​ទាំង​​អស់​ ​ដែល​បាន​បោះឆ្នោតគាំ​ទ្រ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ​កាល​ពី​សម័យ​បោះ​ឆ្នោត​កន្លង​ទៅ​ ។

ខេត្ត​បាត់​ដំបង​ ៖ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជា​ណាចក្រកម្ពុជា ​​មាន​ប្រសាសន៍​ទៅ​កាន់​​​ប្រជា​ពល​​រដ្ឋ​​​​​ថា ​​​ក្នុងនាម​​​សម្តេច ជា​ ស៊ីម ​សម្តេច​ ហេង សំរិន ​​ក្នុង​នាម​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក៏​ដូច​​ជា​ខ្លួន​​ខ្ញុំផ្ទាល់ ​សូម​ថ្លែង​​អំណរ​គុណ​​ចំពោះ​ប្រជា​ពលរដ្ឋ​ទាំង​​អស់​ ​ដែល​បាន​បោះឆ្នោតគាំ​ទ្រ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ​កាល​ពី​សម័យ​បោះ​ឆ្នោត​កន្លង​ទៅ​ ។

​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី ​បានមាន​ប្រសាសន៍​​​​​បែប​នេះ ​នា​ព្រឹក​ថ្ងៃទី​១០ ​មីនា ​ ​នៅ​​វិទ្យា​ល័យ​​​បវេល​​ ក្នុង​​ស្រុក​​​បវេល ​ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិប​តី​​ភាព ​​ក្នុង​​ពិធី​​សម្ពោធ​បើក​ឱ្យ​​ប្រើ​ប្រាស់​​ផ្លូវ​​ជាតិ​​លេខ​​៥៧​B ដែល​​មាន​ប្រវែង​សរុប​​១៧៦,៣៥គីឡូ​ម៉ែត្រ ​។ ​ផ្លូវ​នេះ​ចែក​ចេញ​​ជា​​៣កំណាត់​ គឺ​​កំណាត់ថ្ម​គោល-បវេល-សំពៅ​លូន ​កំណាត់​​បវេល-ភូមិ​សាម​​​សិប-ភ្នំព្រឹក ​និង​កំណាត់​​ភូមិ​សាម​សិប-កំរៀង -អូរដា ​ក្រោម​កម្ចី​​សម្ប​ទាន​​ពី​​​​រដ្ឋា​ភិបាល​​​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​​​ចិន ​។ ​​នៅ​ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​​ផងដែរ ​លោក​ជំទាវ​ប៊ូ​ ជៀ​ន​គ័រ ​ឯ​​ក​​អគ្គ​​រដ្ឋ​ទូត​​​​នៃ​​​​សាធារណ​រដ្ឋ​​ប្រជាមានិត​​ចិន​ប្រចាំ​​ព្រះ​រា​ជា​​ណា​ចក្រក​ម្ពុជា​ ​​​។ ​

​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​មានប្រសាសន៍​បន្តថា ​ការគាំ​ទ្រ​នោះ​ហើយ​​ដែល​​បាន​ផ្តល់​ឱកាស​​ឱ្យ​ខ្ញុំ​​​បាន​មក​​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​​​​ផ្លូវ​ជាតិ​​លេខ​៥៧B​​​នៅ​​ថ្ងៃ​នេះ​និង​ជាបន្ត​ទៀត ​។ ​នយោ​បាយ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ដោះ​ស្រាយ​​​បញ្ហា​ទឹក ​បញ្ហា​ផ្លូវ ​បញ្ហា​​​ភ្លើង ​បញ្ហា​មនុស្ស ឱ្យ​ប្រជា​ពលរដ្ឋ​​កម្ពុជា គឺ​ជា​នយោ​បាយ​​អាទិភាព​​របស់​រាជរដ្ឋា​ភិបាល​​​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជា​ជន​​ជាបន្ត​ទៀត ​។ ពាក់​ព័ន្ធ​​​​នឹង​​បញ្ហា​នេះ​​ សម្តេច​តេជោ​​បាន​គូស​បញ្ជាក់​ថា ​ពុំ​មាន​​នយោ​បាយ​​ប្រជា​ភិថុតិ​​ណា​មួយ​ទេ ​នយោ​បាយ​របស់​យើង​​ជាក់​ស្តែង​ ហើយ​នយោបាយ​​​ផ្លូវ​ថ្នល់ ​ដែល​បាន​​និងកំពុង​ធ្វើ​បច្ចុប្បន្ន​​​​គឺ​បាន​សម្រួល​ អត់​មាន​ការ​លំបាក​​អ្វីទៀត​ទេ ​​ផ្លូវក៏​ល្អស្អាត ។

​​ទន្ទឹម​នឹង​នេះ សម្តេច​​តេជោ ​បាន​លើក​​សម្តី​​របស់​គណ​បក្ស​​ផ្សេង​ដែល​គេ​​និយាយ​​​​ថា ​មុខ​​តែ​ដដែល ។ សម្តេច​​​បញ្ជាក់​​ថា​ មិន​ដូរ​យ៉ាង​ម៉េច​កើត​ តើ​ឥឡូវ​មាន​ហាង​កែ​សម្ផស្ស​ ឬ​អត់​ ?​ គិត​កែ​​មុខ​ខ្លះ​…ប៉ុន្តែ​បើ​សិន​ជា​កែ​មុខ​ទៅ​ក៏​នៅ​តែ​ឈ្មោះ​ដដែល​ កែ​សម្ផស្ស​ទៅ​ ហ៊ុន​ សែន​ នៅ​តែ​ ហ៊ុន​ សែន, ស ខេង​ នៅ​តែ​ ស​ ខេង​​, កែ​ គឹម​យ៉ាន​ នៅ​តែ​ កែ​ គឹម​យ៉ាន​, យឹម​ ឆៃលី​ នៅ​តែ​ យឹម​ ឆៃលី​​ , សេរី​ កុសល​ នៅ​តែ​ សេរី​ កុសល​ , ត្រាំ​ អីុវ​តឹក​ នៅ​តែ​ ត្រាំ​ អុីវ​តឹក​ ដូច​គ្នា​ ។​ គេ​ថា​មុខ​ដដែល​…។​ ហើយ​ខ្លួន​ឯង​ធ្វើ​បក្ស​ប្រឆាំង​ក៏​មុខ​ដដែល​ដែរ​ ម៉េច​ក៏​មិន​ព្រម​ថា​ផង​ ទៅ​ជា​អីុ​ចេះ​ ។ ប៉ុន្តែ​អត់​អី​ទេ​ យូរៗ​គេ​ក៏​ត្រូវ​ការ​អ្នក​មុខ​ដដែល​ហ្នឹង​ដោះ​ស្រាយ​ឱ្យ​ ព្រោះ​មុខ​ដដែល​ហ្នឹង​មិន​មែន​ទើប​តែ​ឥឡូវ​​​ទេ​​ណ៎ា​ បើ​គិត​ទៅ​១០​ឆ្នាំ​ហើយ​ មុខ​ដដែល​ហ្នឹង​២០០៣​គេ​ប្រកាស​ថា​មុខ​ដដែល​ ដល់​២០១៣​ គឺ​​១០​ឆ្នាំ​ក្រោយ​ នៅ​មុខ​ដដែល​ទៀត​ ។​ បើ​អ្នក​ប្រកាស​ហ្នឹង​មុខ​នៅ​តែ​ដដែល​ ហើយ​អ្នក​ដែល​និយាយ​ហ្នឹង​នៅ​តែ​មុខ​ដដែល​ដែរ​ វា​មិន​ដឹង​ធ្វើ​ម៉េច​ ។​

សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ បើ​ឱ្យ​ខ្ញុំ​កែ​សម្ផស្ស​ ខ្ញុំ​មិន​កែ​ទេ​ ខ្លាច​ប្រពន្ធ​ខ្ញុំ​អត់​ស្រឡាញ់​ ព្រោះ​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​ គឺ​ស្រឡាញ់​រូប​អីុចឹង​ មុខ​អីុចឹង​ ។​ បើ​សិន​កែ​សម្ផស្ស​ទៅ​ផ្សេង​ គាត់​ថា​ទេ​មិន​មែន​ប្តី​របស់​គាត់​ទេ​…ចោល​លុយ​​បណ្តោយ​….។​

​លោក​ ត្រាំ​ អីុតឹក​ រដ្ឋ​មន្ត្រី​​ក្រសួង​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ថ្លែងថា សមិទ្ធ​ផល​ដែល​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​នេះ​ គឺ​ជា​គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ​៥៧​B​ សរុប​ប្រវែង​១៧៦,៣៥​គីឡូ​ម៉ែត្រ​ ទទឹង​១១​ម៉ែត្រ​ ដែល​ចំណុច​ចាប់​ផ្តើម​នៅ​​ទី​រួម​ស្រុក​ថ្ម​គោល​ (ផ្លូវ​ជាតិ​លេខ​៥) ខេត្ត​បាត់​ដំបង​ និង​បែក​ចេញ​ជា​ផ្លូវ​ខ្នែង​ មាន​៣​កំណាត់​ តភ្ជាប់​​​​​ទៅ​​​ព្រំ​ដែន​ថៃ​ទាំង​អស់​ ។ កំណាត់​ទី​១​ ថ្ម​គោល​-បវេល​ សំពៅ​លូន​ ប្រវែង​៩០,២០​គី​ឡូ​ម៉ែត្រ​ ។ ​​ទី​២-​បវេល-ភូមិ​សាម​សិប-ភ្នំព្រឹក​​ ​ប្រវែង​​៦៩,៧៥​​គីឡូ​ម៉ែត្រ​ ។ ​​​ទី​៣ -​ភូមិ​សាម​សិប​-កំរៀង-អូរ​ដា ​ប្រវែង​​១៦,៤០​ គីឡូ​ម៉ែត្រ ​។ កំណាត់​​ផ្លូវ​​ទាំង​​៣​នេះ​​​បាន​​បើក​ការ​​ដ្ឋាន​​​ស្ថាប​នា​​ជា​ផ្លូវ​ការ​​កាល​ពី​​ថ្ងៃ​ទី​​២១ មីនា ​ឆ្នាំ​២០១១ ​​និង​បញ្ចប់​ការ​ស្ថាប​នា​​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ​ឆ្នាំ​២០១៣ ​ដែល​ចំណាយ​​ថវិកា​​អស់​ប្រមាណ​​៨៩,៩៨​លាន​​ដុល្លារ​អាមេរិក​​ និង​ថវិកា​​បដិ​ភាគ​មួយ​ចំនួន​​រប​ស់​រាជ​រដ្ឋាភិបាល ​។ ​

​លោក​រដ្ឋមន្ត្រី​បន្ត​​ថា ​​​ផ្លូវ​ជាតិ​លេខ​៥៧B ​ដែល​ត្រូវ​បា​ន​សាង​សង់​ឡើងនេះ គឺ​ជា​​​ផ្លូវ​​យុទ្ធ​​សាស្ត្រ​​សំខាន់​តភ្ជាប់​ពី​ផ្លូវ​​​ជាតិលេខ​៥ ​រហូត​ដល់​​ព្រំដែន ​កម្ពុជា​-ថៃ ​តាម​ទីតាំង​ផ្សេង​ៗ​គ្នា​ដែល​មាន​​ប្រជា​ពលរដ្ឋ​​​រស់​នៅ​​សងខាង​ផ្លូវ​ដ៏​ច្រើន​កុះ​ករ ​​ភាគ​ច្រើន​​រក​ទទួល​ទាន ​និង​ប្រកប​របរ​​កសិ​​កម្ម ​ដោយ​សារដី​​នៅតំបន់​​នេះមាន​​ជី​​ជាតិ​ល្អ ​​​​​ការ​​​ធ្វើ​​ពាណិជ្ជ​កម្ម​និង​ពល​កម្ម​ឆ្លង​ដែន ។ ​បន្ទាប់​ពីសាង​សង់​​រួច​​​ផ្លូវជាតិ​​លេខ​៥៧B​នេះ​នឹង​ធ្វើ​សមា​ហ​​រណ​កម្ម​​ផ្ទៃ​ក្នុ​ង​បន្ថែម ​ព្រម​ទាំង​​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ក្នុង​​ទំនាក់​ទំនង​និងការ​​ធ្វើ​ដំណើរ​​រវាង​ខេត្តបាត់​ដំបង​​ឆ្ពោះ​​ទៅ​ព្រំ​​ប្រទល់​កម្ពុជា ​-ថៃ ​​និង​​តាម​រយៈ​ផ្លូវជាតិ​លេខ​៥៩ ឆ្ពោះ​​ទៅ​ប៉ៃ​លិន​​​ដែល​ត​ភ្ជាប់​គ្នា​ទៅតំបន់​​ប៉ៃ​លិន​​ កំរៀង ​ភ្នំព្រឹក ​សំពៅ​លូន ​ម៉ាឡៃ​​ទៅនឹង​ច្រក​ទ្វារ​​ព្រំដែន​ប៉ោយ​ប៉ែត ​អារញ្ញ​ប្រា​ថេត​ព្រំ​ប្រទល់​​កម្ពុជា​-ថៃ ​។ ​​

ផ្លូវ​ជាតិ​លេខ​​៥៧​B ​នេះ​នឹង​ជួយ​​សម្រួល​បន្ថែម​​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​​​ឆ្លងកាត់​​ព្រំដែន​​​ ទេស​ចរណ៍ ​​និងការ​អភិវឌ្ឍ​ដាំដុះ​​ដំណាំ​កសិ​កម្ម​ និង​កសិ​-ឧស្សា​ហ​កម្ម​​ដ៏​មាន​​សក្តា​នុ​ពល​​។ ពិសេ​ស​​​ដំណាំ​ស្រូវ ​​ដំឡូង​មី ពោត ​សណ្តែក​ ​របស់​ខេត្ត​​បាត់​ដំបង ​និង​តំបន់​​តាម​បណ្តោយ​​ព្រំដែន ​​កម្ពុជា​-ថៃ ​​ជា​ការ​រួម​​ចំណែក​យ៉ាងធំ ​ក្នុងការ​ជំរុញ​​ល្បឿន​​នៃ​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ជាតិ​​ និងកាត់​បន្ថយ​​ភាព​ក្រី​ក្រ ​​របស់​ប្រជា​ជន​កម្ពុជា ​បាន​យ៉ាងឆាប់រហ័ស​​​ផង​ដែរ ​។ ​ផ្លូវ​​ជាតិ​លេខ​៥៧​B​នេះ ​នឹងរួម​ចំណែក​​​យ៉ាង​ច្រើន​​ដល់​​គោល​នយោ​បាយ​​របស់​​​រាជរដ្ឋាភិបាល​​សម្រាប់​​អភិវឌ្ឍន៍​​​វិស័យ​​ដឹក​ជញ្ជូន​​ ការ​ផ្គត់​ផ្គង់​​ទំនិញ​និងភ័ស្តុ​ភារ ​ពិសេស​​គាំ​ទ្រ​​ការ​ផលិត​​និងនាំចេញ​អង្ករ​១លាន​តោន​នៅ​ឆ្នាំ​​២០១៥​​ខាងមុខ ។

លោក​ជំទាវ​ ប៊ូ ជៀនគ័រ​ ឯក​អគ្គ​រដ្ឋ​ទូត​​នៃ​​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ឆ្នាំ​២០១៤​នេះ​ គណៈកម្មាធិការ​សម្រប​សម្រួល​អន្ដររដ្ឋាភិបាល​ចិន​ និង​កម្ពុជា ​បាន​រៀប​ចំ​កិច្ច​ប្រជុំលើកដំបូង​នៅ​ទីក្រុង​ប៉េកាំង​ ។​ ភាគី​ទាំងសង​ខាង​បាន​ឯកភាព​យ៉ាង​ទូលំ​ទូលាយចំពោះការ​ពង្រឹង​កិច្ច​សហ​​ប្រតិ​បត្ដិការ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ដ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​​​ទាំង​ពីរ​ ដោយ​បាន​កំណត់​យ៉ាង​ច្បាស់​នូវ​ទិស​ដៅ​ខិត​ខំ​និង​វិធាន​ការ​លម្អិត​ដើម្បី​បន្ដ​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​លើ​គ្រប់​វិស័យ​ក្នុង​ដំណើរ​ការ​បន្ទាប់​ទៀត​ ។​

លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បន្ដ​ថា​ ភាគី​ចិន​នឹង​បន្ដ​ប្រកាន់​ខ្ជាប់​គំនិត​រាប់​អាន​ជា​មួយ​ប្រទេស​​ជិត​ខាង​ ប្រទេស​ចិន​ចាត់​ទុក​ប្រទេស​ជិត​ខាង​ជា​ដៃ​គូ បន្ដ​ប្រកាន់​ខ្ជាប់គំនិត​រស់​នៅ​ជា​មួយ​ប្រទេស​ជិត​ខាង​ ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​មាន​សុខ​សន្ដិភាព​ ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​មាន​បាន​ ប្រកាន់​ខ្ជាប់ភាព​ស្និទ្ធស្នាល ស្មោះ​ត្រង់​​ អនុគ្រោះ​អត់​ឱន​ ពង្រឹង​ថែម​មួយ​កម្រិត​ទៀត​នូវ​កិច្ច​សហប្រតិបត្ដិ​ការ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ កសិកម្ម​ ទេស​ចរណ៍​ និង​វប្បធម៌​ជា​ដើម​ជា​មួយ​ភាគី​កម្ពុជា​ ។​

ភាគី​ចិន​សង្ឃឹម​ថា​ ប្រទេស​កម្ពុជា​មាន​ស្ថិរ​ភាព​នយោបាយ​ សេដ្ឋកិច្ច​រីក​ចម្រើន​ ជីវភាព​រស់​នៅ​​របស់​ប្រជាជន​ត្រូវ​បាន​កែ​លម្អ​ជា​បន្ដ​
​បន្ទាប់ ។ លើក​ទឹក​ចិត្ដ​​ឱ្យ​​សហគ្រាស​ចិន​កាន់​តែ​​ច្រើន​​​មក​វិនិយោគ​ទុន​ និ​ងធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​​ ដើម្បី​រួម​ចំណែកដល់កិច្ច​អភិ​វឌ្ឍ​ន៍​​​ប្រទេស​កម្ពុជា​ ។​

លោក​ជំទាវ​គូស​បញ្ជាក់​ថា​ ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់​ថា​ កិច្ច​ខិត​ខំ​ប្រឹងប្រែង​រួម​កិច្ច​សហប្រតិបត្ដិ​ការ​ ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ដ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​កម្ពុជា​ មុខ​​ជា​​​នឹង​ឈាន​ទៅ​ដល់​កម្រិត​មួយ​ទៀត​ ។​ ប្រទេស​យើង​ទាំង​ពីរ​ចិន​-កម្ពុជា​ ធ្វើ​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ដ​ភក្ដិ​ល្អ​ បងប្អូន​​ល្អ​ និង​ដៃ​គូ​ល្អ​ជា​រៀង​រហូត​ ៕​