រាជធានីភ្នំពេញ ៖ សំឡេងស្រែកឡូឡារបស់ស្ត្រីម្នាក់ បានលាន់ឮចេញតាមចម្រឹងទ្វារដែកដែលបិទ ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៩ មីនា ។ ដោយសារតែការស្រែកឡូឡានោះ ទើបគេដឹងថា ស្ត្រីរូបនេះបានព្រមព្រៀងរួមភេទជាមួយបុរសអូស្ត្រាលីម្នាក់ក្នុងតម្លៃមួយចម្អែត៤០ដុល្លារ តែក្រោយពេលដល់ត្រើយហើយនោះ បែរជាមិនទូទាត់ថ្លៃឡើងឋានសួគ៌ តាមការសន្យាទេ ទើបមានការភ្ញាក់ផ្អើលបែបនេះ ។
បុរសអូស្ត្រាលីម្នាក់នេះឈ្មោះ ទ្រីវ៉ូ យ៉ូសស៊ីភីត ពីទ័រ អាយុ៥០ឆ្នាំ បាននាំស្ត្រីរកស៊ីផ្លូវភេទជាជនជាតិខ្មែរម្នាក់អាយុ២៩ឆ្នាំ មករួមភេទក្នុងតម្លៃ៤០ដុល្លារ ។ ក្រោយពេលរួមភេទរួចមិនឱ្យប្រាក់ និងជាប់សោរបងក្នុងផ្ទះចេញមិនរួចទៀត ទើបស្ត្រីរូបនេះឡូឡាស្រែកឱ្យគេជួយ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី៩ មីនា នៅផ្ទះជួលលេខ៥៥D ផ្លូវលេខ៤៥៦ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន និងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចោមរោមមើល ព្រមទាំងកម្លាំងនគរបាលផង ជួយគាស់ទ្វារដើម្បីឱ្យស្ត្រីនេះចេញពីក្នុងផ្ទះល្វែងនោះ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ឱ្យដឹងថា បុរសជនជាតិអូស្ត្រាលីនេះ បាននាំស្ត្រីរកស៊ីផ្លូវភេទម្នាក់នេះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ មីនា ពីក្នុងហាងបារាំងមួយនៅជិតផ្សារធំថ្មី មករួមភេទ ដោយព្រមព្រៀងក្នុងតម្លៃ៤០ដុល្លារ ។ លុះពេលរួមភេទរួចហើយមិនឱ្យប្រាក់ ហើយនៅវេលាម៉ោង៤ និង៥០នាទីរសៀល ស្ត្រីនោះក៏ទៅទារប្រាក់ពីបុរសនោះ ប៉ុន្តែបុរសអូស្ត្រាលីនោះមិនព្រមឱ្យប្រាក់ទេ ព្រមទាំងចាក់សោទ្វាររបងជាប់ទៀត និងនៅក្នុងផ្ទះជាមួយ គ្នា ។ ដោយសារតែទារប្រាក់មិនបាន ហើយចេញទៅក្រៅក៏មិនរួច ស្ត្រីនោះក៏ស្រែកឡូឡា ធ្វើឱ្យមានការភ្ញាក់ផ្អើល និងត្រូវកម្លាំងនគរបាលជួយគាស់ទ្វារឱ្យស្ត្រីនោះចេញ ។
បន្ទាប់ពីគាស់ទ្វារឱ្យស្ត្រីនោះចេញក្រៅរួចហើយ គេឃើញបុរសជនជាតិអូស្ត្រាលីនៅទីនោះដែរ ហើយនគរបាលក៏នាំពួកគេទាំង២នាក់ មកសាកសួរ និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលទួលទំពូងទី១ រួចហើយបញ្ជូនទៅការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបន្តទៀត ៕
ចែករំលែកព័តមាននេះ