ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានបិទច្រករបៀងខ្លាងាប់ជាឯកតោភាគី ស្ថិតក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ តាំងពីព្រឹកថ្ងៃទី៩ មីនា មកទល់ព្រឹកថ្ងៃទី១០ មីនា នៅមិនទាន់ឱ្យប្រជាពលរដ្ឋបានឆ្លងកាត់ព្រំដែននៅឡើយ បន្ទាប់ពីខឹងរឿងប៉េអឹមខ្មែរម្នាក់កាប់ដើមឈើទាល១ដើមមានទំហំមួយឱបដែលដុះនៅមាត់អូរព្រំដែនខាងកម្ពុជា កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៨ មីនា។
ប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ ម៉ាន់ ហេន មេប៉ុស្ដិ៍ខ្លាងាប់នគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រចាំការនៅចំណុចកើតហេតុបានឱ្យដឹងថា ភាគីថៃបានបិទច្រករបៀងខ្លាងាប់ បន្ទាប់ពីមានការកាប់ដើមឈើទាលមួយដើមនៅមាត់អូរព្រំដែន នាល្ងាចថ្ងៃទី៨ មីនា ។
លោកមេប៉ុស្ដិ៍បន្ដថា ក្រោយពេលកាប់ដើមឈើនេះ កម្លាំងជួរមុខរបស់ថៃបានចុះមកចំណុចកើតហេតុ ហើយបានបង្ហាញឥរិយាថខឹងសម្បា ព្រមទាំងនិយាយថា ពួកគេបានហាមប្រាមមិនឱ្យកាប់ទេ ប៉ុន្ដែបែរជានៅលួចកាប់ទៀត ។
ដោយសារបញ្ហាដើមឈើមួយដើមនេះ លោកថា សមត្ថកិច្ចថៃក៏ឈានដល់ការបិទច្រកព្រំដែនអស់រយៈពេល២ថ្ងៃមកហើយ និងមិនទាន់បើកឱ្យដំណើរការនៅឡើយទេ សូម្បីតែពលរដ្ឋធ្លាប់ចេញចូលទៅធ្វើការព្រឹកវិលល្ងាច ពិសេសអ្នកចូលទៅទិញម្ហូបអាហារដូចសព្វដង ក៏ភាគីថៃមិនអនុញ្ញាតដែរ ដោយគេនិយាយថា ដរាបណាជួបនិយាយគ្នាឱ្យដាច់ស្រេចសិន ។
មេប៉ុស្ដិ៍ខាងលើបន្ដថា ជនដែលកាប់ដើមឈើទាលនោះឈ្មោះ ពៅ តែមិនស្គាល់ត្រកូល ជាកងរាជអាវុធហត្ថ ស្នាក់ការសន្ដិសុខលេខ៩៩៩ ប្រចាំការនៅស្រុកម៉ាឡៃ ។
ជុំវិញការកាប់ឈើទាលមួយដើមនេះ ត្រូវបានលោកមេប៉ុស្ដិ៍ប្រាប់ថា ពេលកើតហេតុលោកមិនបាននៅកន្លែងទេ រវល់ទៅចូលរួមមង្គលការគេ ប៉ុន្ដែលោកប្រាប់ថា ឈ្មោះ ពៅ បានទូរស័ព្ទទៅសុំកាប់ដើមឈើទាលនោះដែរ តែលោកមិនអនុញ្ញាតដោយនិយាយថា វាជាសម្បត្ដិធម្មជាតិព្រំដែន លោកមិនហ៊ានទេ ខ្លាចមានរឿង ។ លោកមេប៉ុស្ដិ៍បានប្រាប់ថា ក្រោយហេតុការណ៍កើតឡើង ភាគីថៃក៏បានប្រាប់លោកតាមទូរស័ព្ទថា ឈ្មោះពៅ បានទៅសុំពួកគេដើម្បីកាប់ដើមឈើទាលនោះដែរ តែពួកគេមិនអនុញ្ញាតទេ បែរជាជននោះនៅតែបន្ដលួចកាប់ទៀត ។
ឈើទាលមួយដើមនេះ លោកមេប៉ុស្ដិ៍ប្រាប់ថា ក្រោយពីឈ្មោះពៅ កាប់រួចបានដឹកចេញយ៉ាងប្រញាប់ប្រញាល់ គឺវាយរហ័សដករហ័ស តាមគោយន្ដកន្ដ្រៃទៅបាត់ ។ មន្ដ្រីកងរាជអាវុធហត្ថឈ្មោះពៅ ដែលរងការចោទប្រកាន់ថា បានកាប់ឈើទាលមួយដើម ធ្វើឱ្យភាគីថៃបិទព្រំដែន កោះសន្ដិភាពមិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ខណៈធ្វើការទាក់ទងទៅលោក គឹម ចំរើន មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសុំលេខទូរស័ព្ទទាក់ទងទៅឈ្មោះពៅ តែគាត់ប្រាប់ថា កំពុងជាប់ប្រជុំ បន្ទាប់មកក៏បិទទូរស័ព្ទទៅហាក់ដូចជាគ្នាគេ ។
ជុំវិញព័ត៌មានខាងលើនេះ លោក ខាត់ យីម អភិបាលស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ មីនា ថា បញ្ហាហ្នឹងលោកមិនទាន់បានដឹងនោះទេ ព្រោះគ្មានអ្នករាយការណ៍ជូន ។ ទោះជាយ៉ាងណា លោក ម៉ាន់ ហេន មេប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកលេខ៨១៥ និយាយថា ពេលនេះកម្លាំងជួរមុខកម្ពុជា-ថៃកំពុងណាត់ជួបចរចាគ្នា ដើម្បីបន្ធូរភាពតានតឹងនេះហើយ ៕
ចែករំលែកព័តមាននេះ