ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីជា​មាន​កំណើន​វិស័យ​មីក្រូហិរញ្ញវត្ថុ តែ​វិស័យ​រង​ការ​រិះគន់​ថា​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ធ្លាក់​ក្នុង​បំណុល​លើសលប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​បញ្ហា​មួយ​ចំនួន បើ​ទោះបីជា​វិស័យ​មាន​កំនើន​ជា​វិជ្ជមាន​ក្ដី ដែល​ទាមទារ​អោយ​មានការ​ដោះស្រាយ​រួម​គ្នា ដើម្បី​បន្ត​អភិវឌ្ឍន៍​វិស័យ​នេះ អោយ​កាន់តែ​មាន​សន្ទុះ ចូលរួម​លើក​ស្ទួយ​កំណើន​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ចជាតិ និង​ជៀស​ផុត​ពី​ការ​វាយប្រហារ​ថា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ធ្លាក់​ក្នុង​បំណុល​លើសលប់​នោះ​។…

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​បញ្ហា​មួយ​ចំនួន បើ​ទោះបីជា​វិស័យ​មាន​កំនើន​ជា​វិជ្ជមាន​ក្ដី ដែល​ទាមទារ​អោយ​មានការ​ដោះស្រាយ​រួម​គ្នា ដើម្បី​បន្ត​អភិវឌ្ឍន៍​វិស័យ​នេះ អោយ​កាន់តែ​មាន​សន្ទុះ ចូលរួម​លើក​ស្ទួយ​កំណើន​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ចជាតិ និង​ជៀស​ផុត​ពី​ការ​វាយប្រហារ​ថា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ធ្លាក់​ក្នុង​បំណុល​លើសលប់​នោះ​។

​លោក រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ទោះបីជា​សព្វថ្ងៃ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​កំនើន​គួរ​ឱ្យ​កត់សម្គាល់​ក្ដី តែវិស័យ​នេះ​ក៏​នៅ​តែ​ជួប​ប្រទះ​មួយ​ចំនួន​ផង​ដែរ ជាក់ស្ដែង​មាន​មតិ​មួយ​ចំនួន​នៅ​តែ​បន្ត​រិះគន់​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពុំ​បាន​ជួយ​អភិវឌ្ឍន៍​ជា​វិជ្ជមាន​ប៉ុន្មាន​ទេ ដោយសារ​តែ​វិស័យ​នេះ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ក្រីក្រ ធ្លាក់​ក្នុង​បំណុល​លើសលប់ ។ លោក​បាន​បន្ត​ថា ការ​ឃោសនា​អគតិ​នេះ បាន​ធ្វើ​ឱ្យ​មានការ​យល់​ច្រ​លំ មក​លើ​ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​បច្ចុប្បន្ន ។ ចំនុច​មួយទៀត​ដែល​ធ្វើ​ឱ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ជួប​បញ្ហា​ដែរ​នោះ គឺ​មាន​ជនខិលខូច​មួយ​ចំនួន បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​យក​ប្រាក់​ទៅ​ដាក់​ជាមួយ​ពួក​គេ ដើម្បី​បានការ​ប្រាក់​ច្រើន​លើស​ពី​មីក្រូហិរញ្ញវត្ថុ ។ ដោយ​នឹក​ចង់បាន​ប្រាក់​ចំណេញ​លឿន ពលរដ្ឋ​មួយ​ចំនួន​បាន​សន្សំ​ប្រាក់​របស់​ខ្លួន ហើយ​ខ្លះ​ទៀត​បាន​ខ្ចីប្រាក់​ពី​បងប្អូន ឬ​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​ទៅ​ដាក់​ជាមួយ​ជនខិលខូច​ទាំងនោះ ទីបំផុត​ជន​នោះ​ក៏​បោកប្រាស់​បងប្អូន និង​បាន​ធ្វើ​អោយ​ខូច​ឈ្មោះ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​អង្គការ​មួយ​ចំនួន ដើរតួ​នាទី​ជា​មីក្រូហិរញ្ញវត្ថុ និង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ប្រជាពលរដ្ឋ​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​ហួសហេតុ ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​បំណុល​វ័​ន្ត​ក និង​ងាយ​រង​គ្រោះ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ស្ថាប័ន​ទាំង​អស់នោះ ។ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត ក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​នេះ​ផង​ដែរ ។

​លោក រ័​ត្ន សុវណ្ណ​នរៈ បាន​បញ្ជាក់​ថា «​មាន​កត្តា​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​អោយ
វិស័យ​នេះ​នៅ​តែ​ជួប​បញ្ហា​ប្រឈម ដូច​ជា​ការ​ប្រើប្រាស់​កម្ចី​មិន​ចំ​ទិស​ដៅ ដែល​បង្ក​ឱ្យ​មាន​បំណុល​វ័​ន្ត​ក​ដល់​ប្រជាពលរដ្ឋ ព្រោះតែ​រក​ប្រាក់​សង​ត្រលប់​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​មិន​បាន និង​ត្រូវ​បាន​រឹបអូស​ទ្រព្យ​ជាដើម » ។

​លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា
វិស័យ​មីក្រូហិរញ្ញវត្ថុ​មានការ​រីក​ចម្រើន​លឿន​ចាប់តាំងពី​ឆ្នា ២០០៦ តែ​បាន​គាំង​បន្តិច​នៅ​ឆ្នាំ ២០០៨ និង​២០០៩ ដោយសារ​តែ​កម្ពុជា​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក តែ​ក្រោយមក​វិស័យ​នេះ​ក៏​បាន​រីក​លូតលាស់​បន្ត​ទៀត ក្នុង​នោះ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ អាច​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។ ​លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន នៅ​តែ​មិន​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដូច្នេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញ​ការ​ផ្ដល់​សេវាកម្ម​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​សេវាកម្ម​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។

សូម​បញ្ជាក់​ថា របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩ ទំហំ​ប្រាក់​កម្ចី​សរុប​មាន​ប្រមាណ ជាង ៦ ពាន់​ដុល្លារ​អា​មេ​រិ​ក ផ្តល់​ឲ្យ​អតិថិជន​ខ្ចី​ចំនួន​ជិត ២​លាន​នាក់​។ ក្នុង​នោះ​សម្រាប់​ប្រាក់​បញ្ញើ​មាន​ជាង ៣​ពាន់ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ជាង​២​លាន ៥​សែន​លាន​នាក់​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ