ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​ក្រុម​បច្ចេក​ទេសបក្ស​ទាំង2គ្មាន​លទ្ធផល​ដុំកំភួន ភាគី​ទាំង2​បាន​ត្រឹមតែ​ប្រកាស​បន្តជួប​គ្នានៅ​ថ្ងៃ17​មីនា​ទៀត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កិច្ច​ប្រជុំ​បិទ​ទ្វារ​អស់​រយៈ​ពេល​ប្រមាណ​ជាង​៣​ម៉ោង​ របស់​គណៈ​កម្ម​ការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​ទទួល​បាន​លទ្ធ​ផល​ និង​ចុះ​សម្រុង​គ្នា​ជា​ដុំ​កំភួន​ណាមួយ​នោះ​ទេ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ មីនា​ ។​ ទោះ​បី​ជា​បែប​ណា​ ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​២​ បាន​កំណត់​យក​ថ្ងៃ​ទី​១៧​ មីនា​ ជួប​គ្នា​បន្ត​ទៀត​ ។​

រាជធានីភ្នំពេញ​ ៖ កិច្ច​ប្រជុំ​បិទ​ទ្វារ​អស់​រយៈ​ពេល​ប្រមាណ​ជាង​៣​ម៉ោង​ របស់​គណៈ​កម្ម​ការ​ចម្រុះ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ មិន​ទទួល​បាន​លទ្ធ​ផល​ និង​ចុះ​សម្រុង​គ្នា​ជា​ដុំ​កំភួន​ណាមួយ​នោះ​ទេ​ នា​ព្រឹក​ថ្ងៃ​ទី​១០​ មីនា​ ។​ ទោះ​បី​ជា​បែប​ណា​ ក្រុម​ការ​ងារ​គណ​បក្ស​ទាំង​២​ បាន​កំណត់​យក​ថ្ងៃ​ទី​១៧​ មីនា​ ជួប​គ្នា​បន្ត​ទៀត​ ។​

លោក​ សុន​ ឆ័យ​ តំណាង​គណៈ​កម្ម​ការ​ចម្រុះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១០​ មីនា​ នោះ​ នៅ​វិមាន​ព្រឹទ្ធ​សភា​ថា​ ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្ម​ការ​ចម្រុះ​បាន​ជជែក​គ្នា​លើ​ប្រធាន​បទ​ចំនួន​ពីរ​ ក្នុង​នោះ​គឺ​ជជែក​ពី​អ្វី​ដែល​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៣​ មីនា​ កន្លង​ទៅ​ ។​ ចំណុច​ដែល​លើក​មក​ជជែក​គ្នា​គឺ​ មាន​ការ​ចុះ​ឈ្មោះ​ ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដើម្បី​ធានា​ និង​ការ​ពារ​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​ និង​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​របស់​គណ​បក្ស​នយោ​បាយ​។​
លោក​ សុន ឆ័យ​ បញ្ជាក់​ថា​ ថ្ងៃ​នេះ​ (១០​ មីនា)​ ក្រុម​ការ​ងារ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​យក​ចំណុច​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ គឺ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា​យើង​គួរ​រៀប​ចំ​ស្ថាប័ន​ គ.ជ.ប​ និង​ចំណុច​សំខាន់​ដែល​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ទទួល​បាន​យុត្តិ​ធម៌​ ទទួល​បាន​ការ​ទុក​ចិត្ត​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដូច​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​ឃើញ​នៅ​ពេល​បោះ​ឆ្នោត​កន្លង​មក​នេះ​ ។​

ការ​ដែល​លើក​យក​ប្រធាន​បទ​ពី​ការ​បោះ​ឆ្នោត​នោះ​ គឺ​ដើម្បី​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នេះ​ ។​ កិច្ច​ប្រជុំ​នេះ​មិន​ចេញ​លទ្ធ​ផល​រួម​នោះ​ទេ​ ព្រោះ​ថា​ បញ្ហា​ដែល​ជជែក​គ្នា​ពាក់​ព័ន្ធ​ដល់​ថ្នាក់​ដឹក​នាំ​ជា​អ្នក​សម្រេច​ ។​ ក្រុម​ការ​ងារ​គណៈ​កម្ម​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​១៧​ មីនា​ ខាង​មុខ​ទៀត​ ដើម្បី​ខិត​ខំ​ឱ្យ​ចំណុច​ដែល​មិន​ទាន់​ឯក​ភាព​គ្នា​នោះ​ ទៅ​ប្រាប់​ដល់​ថ្នាក់​ដឹក​នាំ​កំពូល​ និង​ឈាន​ដល់​ការ​ចេញ​ជា​ឯក​សារ​មួយ​ច្បាស់​លាស់​។​ ក្រុម​ការ​ងារ​គណៈ​កម្ម​ការ​ចម្រុះ​របស់​គណ​បក្ស​ទាំង​ពីរ​ នឹង​យក​ទៅ​ប្រាប់​ថ្នាក់​ដឹក​នាំ​កំពូល​ ហើយ​យើង​សង្ឃឹម​ថា​ ការ​ជួប​គ្នា​លើក​ក្រោយ​ចំណុច​ណា​មួយ​ដែល​គណៈ​កម្ម​ការ​ចម្រុះ​ដោះ​ស្រាយ​មិន​ចេញ​នោះ​ នឹង​ដោះ​ស្រាយ​រួច​ និង​រលូន​ ។​ ចំណែក​លោក​ ប៊ិន​ ឈិន​ តំណាង​គណៈ​កម្ម​ការ​ចម្រុះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រធាន​បទ​ដែល​គណៈ​កម្ម​ការ​ចម្រុះ​លើក​ឡើង​នោះ​ គឺ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដើម្បី​ធានា​ និង​ការ​ពារ​សិទ្ធិ​របស់​គណ​បក្ស​នយោ​បាយ​ ។​ ចំពោះ​កិច្ច​ពិភាក្សា​គ្នា​នៅ​ព្រឹក​នេះ​ មាន​ប្រធាន​បទ​ពីរ​គឺ​ កំណែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​អព្យា​ក្រឹត​ភាព​ និង​សុក្រឹត​ភាព​របស់​សង្គម​សុីវិល​ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ ។​ នៅ​មាន​ចំណុច​ផ្សេងៗ​ទៀត​ដែល​ត្រូវ​យក​ទៅ​ជជែក​គ្នា​នៅ​ថ្ងៃ​ទី​១៧​ មីនា​ បន្ត​ទៀត​ ។​ ក្នុង​ប្រធាន​បទ​ដែល​ក្រុម​ការ​ងារ​លើក​យក​មក​ពិភាក្សា​នេះ​ នឹង​លើក​យក​ទៅ​ជជែក​គ្នា​បន្ត​លើក​ក្រោយ​ទៀត​ ។​

លោក​ សុន​ ឆ័យ​ ថ្លែង​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​គ្នា​លើក​នេះ​ ចង់​ឱ្យ​មាន​អ្វី​ដែល​ទទួល​ស្គាល់​ពី​គណ​បក្ស​នយោ​បាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ ព្រោះ​ថា​ កន្លង​មក​ស្ថាប័ន​ ដែល​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ផ្តល់​សេចក្តី​ទុក​ចិត្ត​មាន​ការ​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​ ដូច​ជា​ការ​ទទួល​តំណែង​ពី​គណ​បក្ស​នយោ​បាយ​ផ្តល់​ឱ្យ​វា​ជា​ការ​មិន​ត្រឹម​ត្រូវ​ ។ ចំណុច​ដែល​ក្រុម​ការ​ងារ​គណៈ​កម្ម​ការ​មិន​ទាន់​អារ​កាត់​នោះ​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​ ដែល​តម្រូវ​ឱ្យ​ថ្នាក់​ដឹក​នាំ​កំពូល​ដោះ​ស្រាយ​ ។​ ចំពោះ​អ្វី​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​នោះ​ សុទ្ធ​តែ​ជា​គំនិត​ពី​អ្នក​ឯក​ទេស​ដែល​ទាក់​ទង​នឹង​ការ​ងារ​បោះ​ឆ្នោត​ និង​មាន​សង្គម​សុីវិល​ និង​អង្គ​ការ​ផ្សេងៗ​ និង​ប្រជា​ពល​រដ្ឋ​ បាន​ផ្តល់​អនុសាសន៍​ក្នុង​សិក្ខា​សាលា​មុន​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ សុន​ ឆ័យ​ មិន​បាន​បញ្ជាក់​ថា​ គោល​ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ចង់​ប្តូរ​សមាស​ភាព​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) នោះ​  ទេ ។​ លោក​បាន​លើក​ឡើង​ថា​ បញ្ហា​នេះ​ជាប់​ទាក់​ទង​នឹង​ស្ថាន​ភាព​នយោ​បាយ​ ហើយ​ជា​រឿង​រសើប​មួយ​សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​ បញ្ហា​ប្តូរ​សមាស​ភាព​ គ.ជ.ប​ គឺ​ជា​ការ​សម្រេច​របស់​ថ្នាក់​ដឹក​នាំ​ និង​និយាយ​គ្នា​ថា​ រក​វិធី​ណា​កុំ​ឱ្យ​មាន​បញ្ហា​បន្ត​នៅ​ពេល​ខាង​មុខ​ទៀត​ ។​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ចង់​បាន​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ឱ្យ​បាន​លឿន​ ដោយ​មិន​ចាំ​អូស​បន្លាយ​ពេល​យូរ​នោះ​ទេ​ ។​

កន្លង​មក​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លក្ខខណ្ឌ​ចំនួន​៧​ ហើយ​លក្ខខណ្ឌ​ទាំង​នោះ​មាន​ជាប់​នឹង​ការ​រៀប​ចំ​ គ.ជ.ប​ ឡើង​វិញ​ និង​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ ។​ ក្នុង​សន្និ​សីទ​សារ​​ព័ត៌​មាន​នោះ​ដែរ​ លោក​ ប៊ិន​ ឈិន​ បាន​បញ្ជាក់​ថា​ ក្រុម​ការ​ងារ​មិន​បាន​ពិភាក្សា​គ្នា​លើ​ការ​កំណត់​សញ្ជាតិ​នាយក​រដ្ឋ​មន្ត្រី​ សមា​ជិក​សភា​ ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​វិទ្យុ​បារាំង​ RFI ដែល​ផ្សាយ​ជា​ខេមរ​ភាសា​នោះ​ទេ​។​ ទាក់​ទង​នឹង​ការ​កំណត់​សញ្ជាតិ​នាយក​រដ្ឋ​មន្ត្រី​ និង​សមា​ជិក​រដ្ឋ​សភា​នោះ​ លោក​ សុន​ ឆ័យ​ បាន​ឆ្លើយ​តប​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ស្វាគមន៍​ និង​បាន​លើក​ឡើង​ថា​ គោល​ការណ៍​ដើម្បី​ប្រយោជន៍​ជាតិ​ ព្រោះ​យើង​ជា​ពល​រដ្ឋ​ខ្មែរ​ ដែល​បំពេញ​តួនាទី​ជា​អ្នក​នយោ​បាយ​ ។​ ដូច្នេះ​ពាក់​ព័ន្ធ​នឹង​សញ្ជាតិ​ ជា​ប្រធាន​បទ​មួយ​ បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្នើ​ យើង​អាច​ទទួល​យក​មក​ពិភាក្សា​រាល់​ចំណុច​នៃ​សំណើ​នេះ​ ប៉ុន្តែ​យើង​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​ស្នើ​សុំ​ម្តង​មួយៗ​ ព្រោះ​វា​ជា​រូប​ភាព​ចង់​ពន្យារ​ពេល​ គឺ​យើង​ឱ្យ​ដាក់​ម្តង​ទាំង​អស់​មក​ពិភាក្សា​គ្នា​តែ​ម្តង​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ សុន​ ឆ័យ​ ថ្លែង​ទៀត​ថា​ ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦​ និង​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ​ សម្តេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ សម​ រង្សុី​ បាន​ជជែក​គ្នា​ពី​ការ​បង្កើត​ឱ្យ​មាន​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​ ។​ ការ​កំណត់​ថា​មាន​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ ជា​ផ្លូវ​ការ​នោះ​ ទាល់​តែ​មាន​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​ ។​

មាន​ការ​កត់​សម្គាល់​ថា​ មុន​នឹង​បើក​កិច្ច​ចរចា​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រកាស​ចេញ​នូវ​របៀប​វារៈ​ថ្មី​មួយ​ គឺ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចង់​កំណត់​ថា​ នាយក​រដ្ឋ​មន្ត្រី​ និង​សមា​ជិក​សភា​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ ដែល​បញ្ហា​បាន​សំដៅ​ទៅ​ដល់​គូ​ប្រជែង​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​ ជាម​ យៀប​ សមា​ជិក​ជាន់​ខ្ពស់​ និង​ជា​សមា​ជិក​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​វិទ្យុ​បារាំង​ RFI ផ្សាយ​ជា​ខេមរ​ភាសា​ ។​

ការ​ប្រកាស​ជំហរ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខាង​លើ​ គឺ​ច្បាស់​ណាស់​ថា​ ជា​របៀប​វារៈ​ដ៏​សំខាន់​មួយ​ ទល់​នឹង​ការ​ទាម​ទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ ។​ ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ក៏​សំដៅ​លើ​លោក​ សម​ រង្សុី​ ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ហើយ​លោក​ សម​ រង្សុី​ មាន​សញ្ជាតិ​ពីរ​ គឺ​សញ្ជាតិ​បារាំង​ផង​ និង​ខ្មែរ​ផង​ ៕​