ខេត្តបាត់ដំបង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះបានបញ្ជាក់ថា ក្នុងនាមសម្តេច ជា ស៊ីម សម្តេច ហេង សំរិន ក្នុងនាមគណបក្សប្រជាជន ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា កាលពីសម័យបោះឆ្នោតកន្លងទៅ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី១០ មីនា ២០១៤ នៅស្រុកបវេស ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៧បេ ដែលមានប្រវែងសរុប១៧៦,៣៥គីឡូម៉ែត្រ កំណាត់ថ្មគោល-បវេស-សំពៅលូន-កំណាត់បវេស-ភូមិសាមសឹប-ភ្នំព្រឹក្ស និងកំណាត់ភូមិសមាសឹប-កំរៀង-អូរដា ក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកជំទាវ ប៊ូ ជឿនគ័រ អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះបានប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យបវេស ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការគាំទ្រនោះហើយបានផ្តល់ឱកាសឱ្យខ្ញុំបានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ៥៧បេ នេះ ថ្ងៃនេះ និងជាបន្តទៀត ។ នយោបាយហេដ្ឋារចនាសម្ព័ន្ធដែលដោះស្រាយបញ្ហាទឹក បញ្ហាផ្លូវ បញ្ហាភ្លើង បញ្ហាមនុស្សឱ្យប្រជាពលរដ្ឋកម្ពុជា គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនជាបន្តទៀត។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ពុំមាននយោបាយប្រជាភិថុណាមួយនោះទេ នយោបាយរបស់យើងជាក់ស្តែង ហើយនយោបាយផ្លូវថ្នល់ដែលបាននិងកំពុងធ្វើបច្ចុប្បន្ន គឺបានសម្រួល អត់មានការលំបាកអ្វីទៀតទេ ផ្លូវក៏ល្អស្អាត ។
នយោបាយហេដ្ឋារចនាសម្ព័ន្ធនៅតែជានយោបាយអាទិភាពរបស់គណបក្សប្រជាជន ។ ទន្ទឹមនឹងការយកចិត្តទុកដាក់ទៅលើវិស័យសង្គម និងវិស័យដទៃទៀត ដែលទាក់ទងនឹងការកសាងប្រទេស ប៉ុន្តែបើគ្មានផ្លូវ គ្មានស្ពាន គ្មានប្រឡាយទឹក គ្មានអគ្គិសនី និងគ្មានធនធានមនុស្សទេ យើងក៏មិនអាចធ្វើអ្វីបានទេ ។
តែចំពោះអ្នកបោកប្រាស់យ៉ាងណានោះ គឺនយោបាយរបស់គេដោយឡែក… ។ ប្រជាពលរដ្ឋបានបោះឆ្នោតបញ្ជាក់អំពីការជ្រើសរើសនយោបាយរបស់ខ្លួនសម្រាប់បណ្តាបក្សនយោបាយកន្លងទៅហើយ ក្នុងនោះនយោបាយរបស់គណបក្សប្រជាជនព្រមគ្នា និងការដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាអប់រំ និងវិស័យដទៃទៀត គឺផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលបាននិងកំពុងធ្វើ ហើយនឹងបន្តធ្វើតទៅទៀត ដែលជានយោបាយអាទិភាព ដែលស្របទៅនឹងចរន្តជាទូទៅនៃការចង់បានរបស់ប្រជាជននៅក្នុងប្រទេស ក៏ដូចជាការចង់បាននៃសហគមន៍ តំបន់ ទាំងមេគង្គ និងតំបន់អាស៊ានដែលត្រូវធ្វើការតភ្ជាប់ជាមួយគ្នា ។
បើតាមលោកត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិលេខ៥៧បេ សរុបប្រវែង១៧៦,៣៥គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ដែលចំណុចចាប់ផ្តើមនៅទីរួមស្រុកថ្មគោល (ផ្លូវជាតិលេខ៥) ខេត្តបាត់ដំបង និងបែកចេញជាផ្លូវខ្វែង មាន៣កំណាត់ តភ្ជាប់ទៅព្រំដែនថៃទាំងអស់ ។ កំណាត់ទី១ ថ្មគោល-បវេស-សំពៅលូន ប្រវែង៩០,២០គីឡូម៉ែត្រ ។ កំណាត់ទី២ បវេស-ភូមិសាមសឹប-ភ្នំព្រឹក្ស ប្រវែង៦៩,៧៥គីឡូម៉ែត្រ និងកំណាត់ទី៣ ភូមិសាមសឹប-តំរៀង-អូរដា ប្រវែង១៦,៤០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានជាផ្លូវការ ថ្ងៃទី២១ មីនា ២០១១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៦ ធ្នូ ២០១៣ ដែលចំណាយថវិកាអស់ប្រមាណ៨៩,៩៨លានដុល្លារអាមេរិក និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ