រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាចោរឆក់ទូរស័ព្ទដៃពីជនបរទេសខណៈកំពុងធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់៣ ត្រូវប្រជាពលរដ្ឋចាប់បានភ្លាមៗវាយឡើងទ្រោមខ្លួន កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី១០ មីនា ២០១៤ ស្ថិតនៅបណ្តោយផ្លូវព្រះសីហនុ
ក្បែរវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះមាស ឧត្តម អាយុ២៧ឆ្នាំ ជាអ្នកបើក និងម្នាក់ទៀតឈ្មោះណុប សឹបប្រីយ៍ អាយុ២៤ឆ្នាំ ជាអ្នកធ្វើសកម្មភាពឆក់ ពួកគេទាំង២នាក់ ស្នាក់នៅផ្ទះជួលក្បែរគ្នា តាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ។
តាមសម្តីអ្នកបើករ៉ឺម៉កម៉ូតូកង់៣បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅមួយគ្រឿង ពីជនបរទេសម្នាក់ក្នុងចំណោម៣នាក់ ដែលកាន់ទូរស័ព្ទនៅក្នុងដៃ ដើម្បីថតរូប ។ ប្រភពបានបន្តទៀតថា បុរសជាភ្ញៀវទេសចរទាំង៣នាក់នេះ ជាជនជាតិកាណាដាបានធ្វើដំណើរកម្សាន្តនៅជុំវិញវិមានឯករាជ្យ លុះដល់កន្លែងកើតហេតុក៏ត្រូវជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូមកក្បែរហើយឆក់យកទូរស័ព្ទពីដៃពួកគាត់តែម្តង ។
ពេលដែលឆក់ទូរស័ព្ទដៃនោះ ត្រូវជនបរទេសទាង៣នាក់បានស្រែក ហើយរូបគាត់ក៏បើកម៉ូតូរ៉ឺម៉កដេញតាមពីក្រោយនិងជួយស្រែកថា ចោរៗឱ្យគេជួយដេញតាមចាប់ដែរ ។ លុះដល់ខាងមុខក្រសួងបរិស្ថាន ជនសង្ស័យទាំង២នាក់នេះ ដួលម៉ូតូហើយក៏ត្រូវប្រជាពលរដ្ឋជួយចាប់បាន និងប្រគល់ខ្លួនឱ្យទៅនគរបាលប៉ុស្តិ៍តែម្តង ។
ចែករំលែកព័តមាននេះ