រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១០ មីនា ឆ្នាំ២០១៤ បានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលជំនាញក្នុងតំបន់លើការងារបង្ការ និងស្រាវជ្រាវជំងឺឆ្លងតាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារស្រាវជ្រាវជំងឺឆ្លងប្រចាំតំបន់អាស៊ីនៅថ្ងៃទី១១ មីនា ។ អគារថ្មីៗទាំងនេះ នឹងអនុញ្ញាតឱ្យមានការទទួល និងបណ្តុះបណ្តាលអ្នកស្រាវជ្រាវកម្ពុជា ក៏ដូចជាអ្នកស្រាវជ្រាវអនុតំបន់ ដែលបំពេញការងារលើជំងឺឆ្លងថ្មី ឬជំងឺឆ្លងថ្មីដែលកើតឡើងវិញ ។
ដើម្បីអបអរពិធីសម្ពោធអគារទាំងនេះ និងដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បារាំងក្នុងការពង្រឹងសហប្រតិបត្តិការវិទ្យាសាស្រ្តនៅប្រទេសកម្ពុជា ជំនួបអន្តរជាតិមួយស្តីពីជំងឺឆ្លងរាលដាលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១១ និងថ្ងៃទី១២ មីនា នៅភ្នំពេញ។ ជំនួបនេះនឹងមានការចូលរួមពីអ្នកស្រាវជ្រាវកម្ពុជា អ្នកស្រាវជ្រាវតំបន់ រួមទាំងអ្នកជំនាញបារាំងនិងអន្តរជាតិនានា ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
អ្នកទទួលខុសត្រូវមូលនិធិ និងស្ថាប័នស្រាវជ្រាវបារាំងដ៏ឆ្នើមនានាដែលសកម្មក្នុងផ្នែកនេះជាច្រើនរូប ក៏នឹងចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ ជាពិសេសវត្តមានរបស់លោកស្រី បារ៉េ ស៊ីនូស៊ី(Barré-Sinoussi) ជ័យលាភីណូបែលវេជ្ជសាស្រ្តជនជាតិបារាំង ។
ចែករំលែកព័តមាននេះ