ខេត្តកំពង់ចាម ៖ រថយន្តកែច្នៃដឹកដំឡូងមីមួយគ្រឿង បានបើកក្នុងល្បឿនលឿនទៅបុករថយន្តកូរ៉េចំណុះ១តោនកន្លះពីក្រោយ ធ្វើឱ្យមនុស្សធ្លាក់ពីលើរថយន្ត ហើយកិនស្លាប់២នាក់ភ្លាមៗ និងរងរបួសធ្ងន់-ស្រាល៨នាក់ ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី៩ មីនា ២០១៤ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចំណុចទល់មុខស្ថានីយលក់សាំងយីហោ លឹម ស៊ីម៉ៅ ក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ អ្នករបួសត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់២នាក់នោះ មាន ១-ឈ្មោះនិល ពែក អាយុ៦៤ឆ្នាំ រស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ២-ឈ្មោះពៅ រស្មី អាយុ១ឆ្នាំកន្លះ រស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ។ ចំណែក៦នាក់ទៀតរងរបួសធ្ងន់មាន ១-ឈ្មោះពៅ សុផាត ភេទស្រី អាយុ៦៧ឆ្នាំ ២-ឈ្មោះសាក់ សំអុល ភេទស្រី អាយុ៥១ឆ្នាំ ៣-ឈ្មោះចន គោ ភេទប្រុស អាយុ១៣ឆ្នាំ ៤-ឈ្មោះនិល ពិសី ភេទស្រី អាយុ១២ឆ្នាំ ៥-ឈ្មោះពៅ ស្រីឡាយ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង៥រស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ និង៦-ឈ្មោះសុខ ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នកបើកបររថយន្តរងគ្រោះ រស់នៅភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ។ ក្រោយពីបានបញ្ជូនមកដល់ពេទ្យ អ្នករងគ្រោះបានស្លាប់២នាក់ទៀត ក្នុងនោះមានអ្នកទី២ និងអ្នកទី៣ ។
ប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តកែច្នៃដឹកដំឡូងមីមួយគ្រឿងបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានបើកជែងរថយន្តរងគ្រោះនៅពីមុខ តែមិនផុតក៏ជ្រុលទៅបុកគូទរថយន្តកូរ៉េ ពាក់ស្លាកលេខ ដ០៧២៨ ភព២ ពណ៌ខៀវនោះតែម្តង ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េក្រឡាប់ជះមនុស្សដែលជិះលើរថយន្តមកលើផ្លូវ ហើយកិនស្លាប់ និងរងរបួសធ្ងន់ ។ ភ្លាមៗនោះរថយន្តបង្កក៏បើករត់គេចខ្លួនទៅទិសខាងលិចបាត់ស្រមោលឈឹងតែម្តង ហើយអ្នកដែលរងរបួសត្រូវបានរថយន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ភ្លាមៗផងដែរ ។
បន្ទាប់ពីកើតហេតុ ក៏មានមន្ត្រីសមត្ថកិច្ចចរាចរណ៍ស្រុកមេមត់ ចុះមកវាស់វែង និងបានប្រគល់សាកសពទាំងពីរនាក់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកមេមត់។
ចែករំលែកព័តមាននេះ