រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩ មីនា កន្លងទៅក្លិបសិល្បៈឌីភីដែលជាក្លិបសិល្បៈមានបង្រៀនផ្នែកចម្រៀងសម័យរបាំបង្ហាញម៉ូដសម្តែង និងពិធីករដែលទទួលបានការហាត់រៀនពីយុវជនច្រើនបានប្រារព្ធពិធីប្រលងចម្រៀងទ្រង់ទ្រាយធំមួយដោយសារតែមានអ្នកចូលរួមច្រើនទៅទស្សនា។ ក្នុងកម្មវិធីនោះត្រូវបានគេផ្តល់ឈ្មោះថា«ប្រលងចម្រៀងសំនៀងឯកក្លិបសិល្បៈឌីភី» ដែលរៀបចំឡើងនៅក្នុងបរិវេណផ្សារទំនើបស្ទឹងមានជ័យថ្មី និងមានតារាល្បីឈ្មោះមួយចំនួនទៀតចូលរួមសម្តែងកំដរកម្មវិធីជាកិត្តិយសទៀតផង។
នាឱកាសប្រលងចម្រៀងប្រចាំសិស្សសិល្បៈក្លិបឌីភីគេឃើញមានតារាចម្រៀងតារាកំប្លែងមួយចំនួនចូលរួមសម្តែងនាគ្រានោះរួមមានតារាកំប្លែងជើងចាស់លោកម៉ារីសុនហៅនាយសង់ស៊ីស នាងឆយ លោកឯក ស៊ីដេរ លោកយីឌីស្កូ កញ្ញាឆៃលី ដាឡែន លោកកុយ ស៊ីឌឿន ប្រធានក្លិបឌីភី និងតារារះថ្មី ព្រមទាំងបេក្ខជនប្រលងចម្រៀងផងដែរ។ លោកកុយ ស៊ីឌឿន ដែលជាប្រធានក្លិបសិល្បៈ និងជាម្ចាស់ហាងរក្សាសម្ជស្សបុរសនារីឌីភីបានឲ្យដឹងថា កម្មវិធីប្រលងចម្រៀងសំនៀងឯករបស់សិស្សក្លិបឌីភីនេះធ្វើឡើងចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំទើបបញ្ចប់។ កម្មវិធីប្រលងនេះត្រូវធ្វើឡើងរៀងរាល់សប្តាហ៍ចំថ្ងៃអាទិត្យនៅទីតាំងផ្សារទំនើបស្ទឹងមានជ័យថ្មីដើម្បីស្វែងរកបេក្ខជនជើងខ្លាំងដែលមានទេពកោសល្យទាំងច្រៀងសំឡេងពិរោះ និងមានសមត្ថភាពគ្រប់ផ្នែកទាំងអស់ទាក់ទិននិងសិល្បៈ។ យើងរៀបចំកម្មវិធីនេះឡើងដើម្បីចង់ផ្តល់ឱកាសដល់ប្អូនៗជំនាន់ក្រោយដែលស្រលាញ់ផ្នែកវិស័យសិល្បៈទាំងច្រៀងសម្តែងនិងពិធីករ។ ណាមួយទៀតចង់ឲ្យពួកគេមានភាពជឿជាក់ថា ការមកហាត់រៀននៅក្លិបសិល្បៈឌីភីគឺក្លិបមិនបោះបង់ចោលប្អូនៗទេតែងតែរំលេចរូបភាពល្អៗឲ្យពួកគេមានឱកាសលើដងវិថីសិល្បៈដែលពួកគេស្រលាញ់ចូលចិត្ត។ ជាក់ស្តែងពេលនេះប្អូនបានបញ្ចេញឱកាសហើយត្រូវខិតខំធ្វើយ៉ាងណាធ្វើការទាក់ទាញពីគណៈកម្មការដាក់ពិន្ទុ និងមហាជនអ្នកទស្សនាឲ្យបានច្រើនក្នុងពេលដែលកម្មវិធីបានផ្តល់ជូន។
លោកស៊ីឌឿនបានបន្តទៀតថា បេក្ខជនដែលចូលរួមប្រលងជាច្រើនដំណាក់កាលពេញមួយឆ្នាំនេះប្រសិនជាជាប់លេខ១ពួកគេនឹងទទួលបានការងារល្អៗដែលក្លិបលោកអាចរកកន្លែងប្រឡូកសិល្បៈបានទាំងមានឱកាសសម្តែងតាមផលិតកម្ម និងមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មឌីភីនាពេលខាងមុខសំខាន់ចាំបាច់ត្រូវហាត់ពុតសំឡេងឲ្យបានពីរោះកុំភិតភ័យកំសាកឲ្យសោះត្រូវក្លាហានហ៊ានសម្តែងនោះពិតជាអាចទទួលបានការចាប់អារម្មណ៍។ ម្ល៉ោះហើយអ្នកដែលមានសំឡេងល្អដែលមិនទាន់បានដាក់ពាក្យប្រលងចម្រៀងប្រចាំក្លិបឌីភីអាចមកទិញពាក្យនៅក្លិបឌីភីខាងត្បូងជាប់របងសារមន្ទីរជាតិទួលស្លែង និងអាចមកកាន់កន្លែងឆាកតន្ត្រីផ្ទាល់រាល់ចុងសប្តាហ៍ពេលប្រលងនោះនៅផ្សារស្ទឹងមានជ័យថ្មីក៍បានដើម្បីកុំឲ្យឱកាសរំលងទៅដើម្បីលើកស្ទួយសិល្បៈ និងរករលកសិល្បៈឆ្នើមៗជាបន្តទៀតក្នុងវិស័យសិល្បៈទី៧។ដោយឡែកលោកឯក ស៊ីដេរ ដែលជាគណៈកម្មការផ្តល់ពិន្ទុដល់ប្អូនៗប្រលងបានផ្តល់ការយល់ឃើញថា ប្អូនៗដែលមកប្រលងក្រៅពីមានសំឡេងល្អអាចច្រៀងបានចាំបាច់ត្រូវពឹងផ្អែកលើចំណុចផ្សេងទៀតមិនចេះតែច្រៀងទេ ដូចជាត្រូវច្រៀងឲ្យច្បាស់ផ្នែកអក្ខរាវិរុទ្ឋ ចង្វាក់ភ្លេង កាយវិការបើគ្រាន់តែច្រៀងគ្មានកាយវិការ គឺមិនកើតទេ។ម្យ៉ាងទៀតការប្រើពាក្យពេចន៍ក៏ត្រូវឲ្យចំមិនបន្លំ ព្រោះជាភាសាជាតិខ្មែរបើច្រៀងបន្លំៗគេមិនចេះស្តាប់ទេ។
លោកសូមកោតសរសើរដល់ក្លិបសិល្បៈឌីភីដែលមានបង្រៀនសិស្សផ្នែកសិល្បៈទាំងបុរាណ និងសម័យដែលមានគំនិតបង្កើតកម្មវិធីនេះឡើងក្នុងន័យស្វែងរកតារាថ្មីៗបន្តទៀតធ្វើឲ្យវិស័យសិល្បៈកាន់តែផុសឡើង ហើយប្អូនៗដែលមិនទាន់ដាក់ពាក្យសូមរួសរាន់ទាន់ឱកាសមកដល់៕
ចែករំលែកព័តមាននេះ