ជាធម្មតាយើងតែងតែប្រើម្រាមដៃរបស់យើងដើម្បីវាយអក្សរ (typing) តែបើតាមប្រភពពីបរទេសនាពេលថ្មីៗនេះបានបង្កនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលបុរសជនជាតិឥណ្ឌាម្នាក់បែរជាយកច្រមុះរបស់គាត់ ដើម្បីវាយអក្សរទៅវិញ។ សកម្មភាពប្រើច្រមុះចុចលើ Keyboard របស់បុរសម្នាក់នោះ ត្រូវបានគេបង្ហោះចេញនៅលើបណ្តាញហ្វេសប៊ុក គឺពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។ ជាពិសេសមានការផ្សព្វផ្សាយចែកចាយបន្តគ្នាៗជាច្រើនទៀត ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញសង្គមបណ្តាញហ្វេសប៊ុក។
ប្រភពព័ត៌មានបរទេសដដែលបានឱ្យដឹងទៀតថា «បុរសដែលប្រើសមត្ថភាពចម្លែកខុសពីអ្នកដទៃមានឈ្មោះ Mohammed Khurshid Hussain រស់នៅក្នុងប្រទេសឥណ្ឌា បានប្រើច្រមុះវាយអក្សរបង្ហាញដល់មហាជនជាច្រើនបានទស្សនាដោយផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។ លោក Hussain បានប្រើទេពកោសល្យដ៏អស្ចារ្យរបស់គាត់ធ្វើការសម្តែងជាសាធារណៈជូនដល់មហាជនចូលរួមទស្សនាដោយសេរី ។ អំឡុងពេលដែលលោក Hussain ប្រើច្រមុះដ៏ស្រួចរបស់គាត់ចុចនៅលើ Keyboard មនុស្សជាច្រើនបានចូលរួមទស្សនា ជាពិសេសជនជាតិបរទេស ។ លោក Hussain បានប្រើច្រមុះវាយអក្សរបាន១០៣ពាក្យ ដោយប្រើរយៈពេល៤៨,៦២វិនាទីតែប៉ុណ្ណោះ ។ ការបញ្ចេញនូវសមត្ថភាពខុសប្លែកពីអ្នកដទៃមិនត្រឹមធ្វើឱ្យលោក Hussain ក្លាយជាមនុស្សល្បីល្បាញប៉ុណ្ណោះទេ គឺគាត់ថែមទាំងបានជាប់ក្នុងកំណត់ត្រាពិភពលោក Gunniess នេះថែមទៀត» ។
សូមបញ្ជាក់ថា លោក Hussain ធ្លាប់បានជាប់ក្នុងកំណត់ត្រាពិភពលោក Gunniess ម្តងរួចមកហើយ ពោលគឺគាត់បានប្រើម្រាមដៃរបស់គាត់វាយអក្ខរក្រមអង់គ្លេសទាំង២៦តួ ដោយប្រើរយៈពេលខ្លីជាងគេបង្អស់ដោយប្រើរយៈពេលត្រឹមតែ៤.៤៣វិនាទីប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ