រាជធានីភ្នំពេញ ៖ ក្រោយជោគជ័យក្នុងសិល្បៈ បន្ទាប់ពីមានឱកាសឈរជើងនៅក្នុងផលិតកម្មហង្សមាសរួចមក តារាចម្រៀងសំនៀងស្រាល លោកនៅ ស៊ីនឿន បានសម្រេចនូវក្តីស្រមៃរបស់ខ្លួនបន្ថែមទៀត ដោយក្លាយជាថៅកែហាងកាត់ដេរសម្លៀកបំពាក់តម្លៃជាង២ម៉ឺនដុល្លារ ។
តារាចម្រៀងរូបនេះ បានបើកសម្ពោធហាងរបស់ខ្លួន ស្ថិតនៅអគារលេខ៧០BEo ខាងក្រោយរោងកុនគីរីរម្យ កាលពីថ្ងៃទី៧ មីនា ២០១៤ ដោយមានការចូលរួមពីអ្នកសិល្បៈ និងតារាចម្រៀងរួមទ្រនំមួយចំនួនផងដែរ ។
បើទោះបីជាហាងនេះ ទើបចេញជារូបរាងក៏ដោយ ប៉ុន្តែតារាចម្រៀងដែលរសាត់ខ្លួនពីខេត្តព្រៃវែងរូបនេះ បានរំពឹងទុកជាមុនថា ហាងកាត់ដេររបស់ខ្លួននឹងទទួលបានការគាំទ្រពីអតិថិជន ដ្បិតអីរូបលោកបានកំណត់តម្លៃមួយដែលសមរម្យ ។
ម្ចាស់បទ «ប្តីគេទេអូន» លោកនៅ ស៊ីនឿន បានអះអាងប្រាប់កោះសន្តិភាពថា សម្រាប់មុខរបរមួយនេះ ចាត់ទុកថា ជាក្តីស្រមៃរបស់លោកដែលបានគិតអស់ជាច្រើនឆ្នាំមកហើយ ក្រៅពីអាជីពសិល្បៈ ។ ហាងកាត់ដេរសម្លៀកបំពាក់នេះ លេចចេញជារូបរាងឡើង ក្រោយពេលមិត្តភក្តិរបស់លោកដែលមានជំនាញកាត់ដេរ មានបំណងបើកមុខរបស់របរនេះដែរ ។
យ៉ាងណាក៏ដោយ លោកនៅមិនទាន់អាចសន្មត់បាននៅឡើយទេថា ហាងមួយនេះ បានប្រើដើមទុនអស់ប៉ុន្មាន ប៉ុន្តែបើគិតក្នុងជំហានដំបូង គឺប្រហែលជាង២ម៉ឺនដុល្លារ ហើយដើមទុននេះ មិនមែនតែរូបលោកម្នាក់ឡើយ ពោលគឺជាការចូលហ៊ុនគ្នាជាមួយមិត្តរបស់លោកដែលមានជំនាញកាត់ដេរនេះ ។
លោកបញ្ជាក់ថា ទុនដែលលោកយកមកបើកហាងមួយនេះ គឺជាការសន្សំមកជាច្រើនឆ្នាំនៅក្នុងអាជីពជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ។
ចែករំលែកព័តមាននេះ