ខេត្តពោធិ៍សាត់ ៖ មានករណីក្មេងប្រុសស្រី០២នាក់បានស្លាប់ ក្នុងពេលតែមួយ កាលពីថ្ងៃទី០៦ មីនា ២០១៤ វេលាម៉ោង២និង២០នាទីរសៀល នៅស្រុកបាកាន ប៉ុន្តែកន្លែងផ្សេងគ្នា ដែលម្នាក់ស្លាប់ដោយគោយន្តដឹកទឹកថយក្រោយកិន និងម្នាក់ទៀតលង់ទឹកស្រះ។
តាមការផ្ដល់ព៌ត័មានពីនគរបាលស្រុកបាកានឲ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះ រ៉េត ធូ អាយុ៧ឆ្នាំ ត្រូវគោយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង នៅភូមិសាមគ្គី ឃុំស្នាមព្រះ ។ នៅរសៀលនោះប្រជាពលរដ្ឋឈ្មោះមេន ជឿន ភេទប្រុស អាយុ៣៧ឆ្នាំ បានដឹកទឹកទៅលក់ឲ្យគេ។ ពេលដាក់ទឹករួចក៍បើកមកឈប់ចំងាយប្រហែល៥០ម៉ែត្រ ប៉ុន្តែមិនទាន់ពន្លត់ទេ។ ខណៈនោះក្មេងប្រុសខាងលើដែលមានផ្ទះនៅក្បែរបានឡើងតោងលេងពីក្រោយ។ ដោយសារបាំងស៊ីទែនទឹកមើលមិនឃើញ អ្នកបើកបរបានបើកថយក្រោយរាងកញ្ឆក់ម៉ាស៊ីនបន្តិចស្រាប់តែធ្លាក់ក្មេងប្រុសកិនស្លាប់តែម្ដង។
នៅថ្ងៃដដែលនោះ ក្នុងពេលជាមួយគ្នានៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល មានក្មេងស្រីម្នាក់ឈ្មោះផៃ ពក អាយុ១៣ឆ្នាំ បានលង់ទឹកស្រះស្លាប់ នៅខាងលិចអនុវិទ្យាល័យដូងជ្រុំចំងាយប្រហែល៥០ម៉ែត្រ។ តាមការផ្ដល់ព៌ត័មានពីនគរបាលប៉ុស្តិ៍ឲ្យដឹងថា នៅរសៀលនោះក្មេងស្រីរងគ្រោះរួមជាមួយក្មេងប្រុសស្រី៦ទៅ៧នាក់ បាននាំគ្នាចុះងូតទឹកស្រះលេងដែលមានជំរៅជាង០២ម៉ែត្រឯណោះ។ ខណៈពេលដែលពួកគេកំពុងងូតទឹកប្រលែងគ្នាលេងនោះ ក្មេងស្រីរងគ្រោះបានរសាត់ទៅកណ្ដាលស្រះដែលមានទឹកជ្រៅផុតដៃផុតជើងហើយដោយសារអត់ចេះហែលក៍លិចបាត់ទៅ។ ឃើញដូច្នេះក្មេងៗដែលងូតទឹកជាមួយមិនមានអ្នកណាហ៊ានជួយទេក៍នាំគ្នាទៅប្រាប់ម៉ែឪនៅឯផ្ទះ ប៉ុន្តែទម្រាំមកដល់រាវរកឃើញ លុះស្រង់ចេញមកបានស្លាប់បាត់ទៅហើយ៕
ចែករំលែកព័តមាននេះ