ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជាង១០០នាក់ មកពីភូមិដូននំ ភូមិជៀស្មន់ និង ភូមិកំពុងថ្កូវ ស្ថិតក្នុងឃុំមានជ័យ ស្រុកបា្រសាទបាគង នៅព្រឹកថ្ងៃទី០៧ មីនា ២០១៤ បានប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវលំក្រាលក្រួសក្រហមមួយកន្លែង ប្រយោជន៏ដើម្បីទាមទារឲ្យក្រុមហ៊ុន ស៊ីផាក អ៊ិនវេសមេន ជួសជុលផ្លូវ១ខ្សែប្រវែងប្រមាណ៣គីឡូម៉ែត្រឡើងវិញ ។
ការតវ៉ាបិទផ្លួវនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានចោទថា ក្រុមហ៊ុនខាងលើ ដឹកជញ្ជូនភ្ញៀវទេសចរចេញចូលនៅរម្មណីយដ្ឋានកំពុងភ្លុកតាមមាត់ទន្លេសាបបណ្តាលឲ្យខូចផ្លូវនោះខូច ហើយដីហុយចូលផ្ទះសម្បែង និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគាត់នោះថែមទៀត ។
ក្រុមប្រជាពលរដ្ឋបានធ្វើការព្រមាននៅព្រឹកថ្ងៃសុក្រដដែលនេះថា ការតវ៉ារបស់ពួកគាត់នឹងធ្វើគ្មានថ្ងៃកំណត់ដោយបិទផ្លូវរាល់ថ្ងៃ ប្រសិនបើគ្មានដំណោះស្រាយ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចំាខេត្តសៀមរាបបានឲ្យដឹងថា មកដល់ម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០៧មីនានេះ ក្រុមប្រជាពលរដ្ឋនៅមិនទាន់បើកផ្លូវនៅឡើយទេ ហើយក៏មិនទាន់មានអាជ្ញាធរ ឬ តំណាងក្រុមហ៊ុនចេញមកចរចារកដំណោះស្រាយនោះដែរ ៕
ចែករំលែកព័តមាននេះ