រាជធានីភ្នំពេញ ៖ លោកម៉ិច ស៊ីម បានចាប់យកអាជីពជាតន្ត្រីករតាំងពីនៅក្មេង និងបានជួយបណ្តុះបណ្តាលអ្នកជំនាន់ក្រោយបានជាច្រើនរូប ។ តន្ត្រីកររូបនេះមានជំនាញកាន់ឧបករណ៍អ៊័ក ហ្គីតា និងព្យ៉ាណូ ។
លោកម៉ិច ស៊ីម កាលពីថ្ងៃទី២ មីនា ឆ្នាំ២០១៤ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា ការរៀនតន្ត្រីសម័យ ត្រូវមានមូលដ្ឋាន៣ គឺថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម និងចុងក្រោយថ្នាក់ឧត្តម និងថ្នាក់បណ្ឌិត ។ ថ្នាក់បណ្ឌិតនៅមានភាពខ្វះខាតច្រើនណាស់ ទាល់តែយើងទាក់ទងស្នើគ្រូភ្លេងផ្នែកបណ្ឌិតពីស្រុកគេ ។ បច្ចុប្បន្ន រូបលោកបើកបង្រៀនតន្ត្រី និងនិពន្ធបទភ្លេង ព្រមទាំងទទួលប្រគំតន្ត្រីសម័យគ្រប់កម្មវិធី ។ មុខរបរនេះលោកចាប់ផ្តើមបើកតាំងពីឆ្នាំ២០០០មក ដោយពីដំបូងមានសិស្សតិចតួចទេ តែបានកើនឡើងជាលំដាប់ ។ ដោយសារតែសិស្សដែលមករៀនផ្សព្វផ្សាយបន្ត ទើបមានសិស្សកើនឡើងជាបន្តបន្ទាប់ ។ សិស្សភាគច្រើនរៀនហ្គីតា តែបើរៀនយកអាជីព រៀនផ្នែកព្យ៉ាណូវិញល្អជាង ព្រោះណោតភ្លេងចេញពីព្យ៉ាណូ ។
ដោយមានចំណូលចិត្តសិល្បៈ តែកាលពីសម័យលន់ នល់ អត់បានរៀន ទើបក្រោយឆ្នាំ១៩៧៩ លោកម៉ិច ស៊ីម ស្វែងរកអ្នកសល់ពីស្លាប់សុំហាត់រៀន ។ កាលនោះលោករៀនជាមួយលោកគ្រូពៅ វ៉ាន់ចន និងបន្ទាប់មកទៀតរៀនជាមួយលោកគ្រូម៉ម ប៊ុណ្ណារ៉ាយ ។ ពីដំបូងលោករៀនព្យ៉ាណូ និងហ្គីតា ។
តាមការកត់សម្គាល់របស់លោកម៉ិច ស៊ីម ក្មេងៗសម័យនេះមានចំណាប់អារម្មណ៍ច្រើនខាងលេងតន្ត្រី ដោយសារតែទទួលឥទ្ធិពលភ្លេងតាមប្រព័ន្ធអុីនធើរណេត ប៉ុន្តែអ្នករៀនភ្លេងត្រូវតែមានគ្រូត្រឹមត្រូវ ។ ជំនាន់នេះ ក្មេងៗរៀនមានគ្រូគឺខ្លាំងជាងកាលពីជំនាន់លោករៀន ដោយសារតែមានឧបករណ៍ទំនើប ។ កាលពីលោកហាត់រៀនចេះណោតភ្លេងអស់ហើយ ត្រូវរកគ្រូមកបង្ហាត់ពីរបៀបធ្វើស្តាយទៀត ។ ឥឡូវនេះមានគ្រូល្អកម្រិតអន្តរជាតិខុសកាលពីជំនាន់លោក គឺមិនងាយមានគ្រូបង្ហាត់ភ្លេងទេ ។ អ្នករៀនតន្ត្រីសម័យនេះខ្លាំងជាងអ្នកសម័យមុន តែទាល់តែសិស្សនោះរៀនមានគ្រូជំនាញចេះណោតភ្លេងទើបមានគ្រឹះល្អ ។
លោកគ្រូភ្លេងរូបនេះនិយាយថា ជាការកត់សម្គាល់សម្រាប់អ្នកតន្ត្រីឡើងសម្តែងតាមទូរទស្សន៍រវាងអ្នករៀនមានគ្រូត្រឹមត្រូវ និងអ្នករៀនតិចតួចតាមគ្នា គឺមើលទៅដឹងតែម្តង ។ នេះដោយសារតែខ្វះសមាជិក តែទោះជាយ៉ាងណាក្តី ពួកគេភាគច្រើនរៀនមានគ្រូគឺអាចទទួលយកបាន ។
តន្ត្រីករដែលលេងល្អបំផុតលោកម៉ិច ស៊ីម អះអាងថា ពឹងផ្អែកទៅលើផ្នែកបច្ចេកទេស ហៅថាអក្សរភ្លេង ណោតភ្លេង បើគ្មានប្រព័ន្ធបច្ចេកទេសអត់បានសិក្សាផ្នែកនេះទេគឺទៅមិនរួចទេ ។ មួយទៀតគឺទេពកោសល្យរបស់មនុស្ស ម្នាក់ៗអាចធ្វើបាន ហើយទាំងនេះហៅថាអ្នកភ្លេងឆ្នើម ។
សិស្សរៀនជាមួយលោកម៉ិច ស៊ីម មានជាង១០០នាក់ ។ ក្នុងចំណោមសិស្សទាំងនោះ ខ្លះចាប់យកអាជីពជាអ្នកសិល្បៈតាមក្លឹបកម្សាន្តនានា មានទាំងអ្នកច្រៀងផង អ្នកលេងភ្លេងផង ដោយទទួលប្រាក់ខែពីកន្លែងធ្វើការច្រើនគួរសម។
លោកម៉ិច ស៊ីម និយាយថា «ខ្ញុំនៅតែផ្តល់ចំណេះដឹងផ្នែកភ្លេងដល់សិស្សបន្តទៀត មិនបោះបង់ទេ ។ ខ្ញុំមានវប្បធម៌ចែករំលែកចំណេះដឹង បើកំណាញ់លាក់ចំណេះ គឺអត់មានអ្នកបន្តវេនទេ។ ខ្ញុំផ្ទេរបទពិសោធន៍ដើម្បីឱ្យក្មេងជំនាន់ក្រោយសម្តែង កុំឱ្យមានការខ្វះខាត ។ អ្នកភ្លេងរកលុយបានតែមួយរស់ តែទឹកចិត្តចែករំលែកចំណេះដល់អ្នកជំនាន់ក្រោយគឺនៅតែមាន មិនចោលជាដាច់ខាត ដើម្បីលើកស្ទួយសិល្បៈតន្ត្រីសម័យខ្មែរយើង» ៕
ចែករំលែកព័តមាននេះ