ខេត្តសៀមរាប ៖ ព្រឹទ្ធបុរសមួយរូបនៃសាកលវិទ្យាល័យ សៅស៍អីុសថ៍អេសសៀ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ចេញដីកាសម្រេចឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីការប្តឹងសុំលែងលះប្រពន្ធ និងបដិសេធមិនទទួលស្គាល់កូនស្រីចំនួន៣នាក់ រួមទាំងឱ្យប្រពន្ធរំលូតកូនក្នុងផ្ទៃបានសម្រេច ។
ការសម្រេចឃុំខ្លួនព្រឹទ្ធបុរសខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី៦ មីនា ដោយចៅក្រមសើុបសួរ គឺលោកឈុន ច័ន្ទសីហា បន្ទាប់ពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បើកការចោទប្រកាន់ទៅលើរូបគាត់ពីបទ «បង្ខិតបង្ខំឱ្យស្ត្រីមានគភ៌រំលូតកូនដោយចេតនា» ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងនៅក្នុងមាត្រា១៤ នៃច្បាប់ស្តីពីការរំលូតកូន ។ ចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើ គឺលោកឈុន ច័ន្ទសីហា បានមានប្រសាសន៍ថា ការឃុំខ្លួនជនជាប់ចោទឈ្មោះ យឿន សុថន ធ្វើឡើងដោយមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ដូច្នេះតុលាការសម្រេចឃុំខ្លួនគាត់ជាបណ្តោះអាសន្ន ដើម្បីរក្សាបាននូវដំណើរការសើុបអង្កេត។ លោកឈុន ច័ន្ទសីហា បានបញ្ជាក់ពីអង្គហេតុយ៉ាងដូច្នេះថា «ជនជាប់ចោទរៀបការរួមរស់ជាប្តីប្រពន្ធជាមួយស្ត្រីឈ្មោះគង់ រស្មី មានទាំងកូនស្រី៣នាក់ហើយ បុ៉ន្តែនៅថ្ងៃមួយគាត់បាននាំប្រពន្ធទៅពិនិត្យសុខភាព លុះដឹងថា ប្រពន្ធមានផ្ទៃពោះកូនទី៤ ក៏ទៅទិញឱសថនៅឱសថស្ថានមួយកន្លែងដើម្បីឱ្យប្រពន្ធរំលូតកូនចេញ ។ ទោះជាយ៉ាងនេះក្តី នៅគ្រាសមត្ថកិច្ចនាំខ្លួនទៅកាន់មន្ទីរឃុំឃាំង ជនជាប់ចោទឈ្មោះ យឿន សុថន បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ឯមេធាវីរបស់គាត់ក៏មិនបានបំភ្លឺដល់អ្នកយកព័ត៌មានដូចគ្នា ។
ចំណែកលោកទី សុវិនថាល់ បានថ្លែងនៅក្រៅបន្ទប់នៅមុនចៅក្រមសម្រេចឃុំខ្លួនជនជាប់ចោទថា «ខ្ញុំបានធ្វើការចោទប្រកាន់ទៅលើរូបគាត់ ហើយថែមទាំងស្នើឱ្យតុលាការឃុំខ្លួនទៀត ដោយសារគាត់ជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ និងទុកជាការព្រមានកុំឱ្យយុវជនឯទៀតធ្លាក់ចុះនូវសីលធម៌សម្បើមពេក» ។ ជាមួយគ្នានេះ អ្នកស្រីគង់ រស្មី ជាភរិយា ហើយក៏ជាដើមបណ្តឹងក្នុងសំណុំរឿងខាងលើនិយាយថា មូលហេតុដែលគាត់សម្រេចចិត្តដាក់ពាក្យប្តឹងប្តីបែបហ្នឹង ដោយសារគាត់ឆ្អែតចិត្តនឹងប្តីដែលដាច់ចិត្តបង្ខំឱ្យគាត់រំលូតកូនចេញ ហើយថែមទាំងបដិសេធមិនទទួលស្គាល់កូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ ព្រមទាំងទៅដាក់ពាក្យប្តឹងនៅតុលាការសុំលែងលះដោយចោទប្រកាន់ថា គាត់មានសហាយស្មន់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ ព្រមទាំងក្រុមគ្រួសារគាត់ផងដែរ ។ អ្នកស្រីបាននិយាយទាំងអួលដើមក ដោយភ្លែកសម្លឹងមើលទៅកូនស្រីតូចៗចំនួន៣នាក់ដែលនៅមិនទាន់ដឹងថា ឪពុកម្តាយពួកគេកំពុងចម្រូងចម្រាសគ្នានោះទេ ។ អ្នកស្រីនិយាយថា «ខ្ញុំបានរៀបការជាមួយប្តីនេះតាំងពីឆ្នាំ២០០៧ មកម៉្លេះ ដោយមានមេបាចាស់ទុំទាំងសងខាងដឹងឮ និងមានកូនស្រីបីនាក់ជាចំណងអាពាហ៍ពិពាហ៍ផងដែរ លុះដល់កំណើតកូនទី៤ ស្រាប់តែនិស្ស័យស្នេហ៍ពួកគាត់ទាំងពីរនាក់ដល់ផ្លូវបំបែក» ។
អ្នកស្រី គង់ រស្មី បានបន្តយា៉ងដូច្នេះថា «កាលពីដើមខែធ្នូ ឆ្នាំ២០១២ ប្តីគាត់ បាននាំរូបគាត់ទៅពិនិត្យសុខភាព លុះដឹងថាមានគភ៌កូនទី៤ ប្តីដែលមានចំណេះដឹងខ្ពង់ខ្ពស់ដល់ថ្នាក់បណ្ឌិតនោះ បែរជាទៅទិញថ្នាំបង្ខំឱ្យគាត់រំលូតកូននោះចេញ ដោយគំរាមថាបើមិនធ្វើដូច្នេះមិនទទួលស្គាល់កូននោះទេ ។ ដោយសារតែខ្លាចប្តីមិនទទួលស្គាល់ នៅថ្ងៃទី១៤ ធ្នូ ទើបគាត់បានសម្រេចលេបថ្នាំនោះទាំងបង្ខំ និងក្តីអាណិតកូនដែលទើបតែចាប់កំណើតជាមនុស្ស ហើយរហូតដល់ថ្ងៃទី២៧ ធ្នូ ទើបកូននោះ
រលូត ។
អ្នកស្រីបន្តថា ខណៈបានដឹងថាគភ៌នៅក្នុងផ្ទៃនោះត្រូវរំលូតហើយ នៅយប់នោះប្ដីគាត់ក៏បានវេចបង្វេចទាំងយប់ ដោយប្រាប់ថាទៅបំពេញការងារនៅភ្នំពេញ ហើយក៏បាត់ដំណឹងឈឹង ។ លុះបីថ្ងៃក្រោយមកស្រាប់តែមានដីកាកោះហៅឱ្យចូលបំភ្លឺនៅតុលាការជុំវិញប្តីប្តឹងសុំលែងលះទៅវិញ ដោយចោទប្រកាន់ថា រូបគាត់មានសហាយ គឺព័ត៌មាននោះមិនខុសអីពីយកកាំបិតចុងស្រួចមកបុកទម្លុះដើមទ្រូងអ្នកស្រីនោះឡើយ ៕
ចែករំលែកព័តមាននេះ