ខេត្តកំពង់ចាម ៖ ជាងសំណង់ម្នាក់ឈ្មោះ តុម ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដោយសារតូចចិត្តសង្សារបែកចិត្តទៅមានប្រុសថ្មី ក៏បានផឹកស្រាស្រវឹងស្រឿងៗ រួចប៉ងមកលោតទឹកធ្វើអត្តឃាតពីលើស្ពានគីហ្សុ៊ណា ។ ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៥ មីនា ត្រង់ចន្លោះសសរស្ពានប៉េ៩ និងប៉េ១០ ប៉ុន្តែគ្រាន់តែបានតោងបង្កាន់ដៃស្ពានបម្រុងនឹងលោត ក៏ត្រូវកម្លាំងសមត្ថកិច្ចយាមប្រចាំការលើស្ពានឃាត់ទាន់ហើយដឹកមកកាន់ស្នាក់ការគោលដៅយាមស្ពាន ស្ថិតនៅត្រើយខាងកើតទន្លេបិទដើម្បីសួរនាំ ។
លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារស្ពានគីហ្សុ៊ណា បានឱ្យដឹងថា ពេលកម្លាំងនគរបាលកំពុងយាមប្រចាំការនៅប៉ុស្តិ៍លើស្ពាន ត្រង់ចំណុចកណ្តាល ក៏ឃើញយុវជនម្នាក់ដើរទ្បើងពីត្រើយខាងកើត ដោយពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងពណ៌ខ្មៅ ។ ខណៈពេលមកដល់លើស្ពាន ក៏បានអង្គុយតោងបង្កាន់ដៃស្ពាន ទាំងយំបង្ហូរទឹកភ្នែកផងដែរ និងបម្រុងលោតទឹកក៏ត្រូវកម្លាំងសមត្ថកិច្ចដែលយាមប្រចាំការនៅក្បែរនោះ ស្ទុះរត់ទៅចាប់ទាន់ពេលរួចផុតពីសេចក្តីស្លាប់ ។ យុវជនដែលបរាជ័យនឹងស្នេហា ហើយមកសម្លាប់ខ្លួនបែបនេះ ចាត់ទុកថាជាជនកំសាកញី។សួរថា តើខ្វះណាស់ទៅឬនារីពេញនគរ ? លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារស្ពានគីហ្សុ៊ណា ប្រាប់បន្តថា ក្នុងពេលដែលនាំយកមកដល់ស្នាក់ការប៉ុស្តិ៍យាម នៅត្រើយខាងកើតឃុំទន្លេបិទ ពេលសួរនាំរកហេតុផលត្រូវបានយុវជនរូបនេះឆ្លើយថា មូលហេតុដែលធ្វើឱ្យរូបគេគិតខ្លីចង់ប្រល័យសង្ខារយា៉ងដូច្នេះ ព្រោះតែតូចចិត្តនឹងសង្សារឈ្មោះ ស៊ីណា នៅស្រុកមេមត់ ដែលរូបគេខំស្រទ្បាញ់ជាច្រើនខែមកហើយ បែរជាទៅមានប្រុសថ្មីសោះ ។ ពេលដឹងរឿងនេះ ធ្វើឱ្យគេមានចិត្តខឹងសម្បាយ៉ាងខ្លាំង ក៏បានជិះរថយន្តឈ្មួញចេញពីស្រុកមេមត់ មកកាន់ក្រុងកំពង់ចាម នៅ ថ្ងៃទី៤ មីនា និងបានផឹកស្រាដើម្បីបំបាត់ក្តីកង្វល់ ។ លុះមកដល់យប់ថ្ងៃទី៥ មីនា គេក៏មកលោតទឹកធ្វើអត្តឃាត ពីលើស្ពានគីហ្សុ៊ណា ដើម្បីគេចឱ្យផុតពីវិបត្តិផ្លូវចិត្តនេះ តែត្រូវបានសមត្ថកិច្ចរារាំងទាន់ពេលវេលា ព្រមទាំងបានទូរស័ព្ទហៅឱ្យក្រុមសាច់ញាតិ មកទទួលយកត្រទ្បប់ទៅផ្ទះវិញ ។
លោកអនុសេនីយ៍ឯក បានបញ្ជាក់ថា រូបលោកបានទូរស័ព្ទទៅជួបនឹងស្ត្រីជាសង្សារដោយផ្ទាល់ ដើម្បីបញ្ជាក់ការពិតតើអ្វីដែលបានកើតទ្បើងពិតដែរឬទេ ? ហើយត្រូវបាននារីរូបនោះ ប្រាប់ថា នាងពិតជាសង្សារមែន តែនាងបានព្រមានពីការផ្តាច់ការទាក់ទង បន្ទាប់ពីដឹងថា ឈ្មោះ តុម ភារម្យ ហៅភាព ជិះរថយន្តចេញពីស្រុកមេមត់ មកនាងបានផ្ញើខ្នុរជាច្រើនផ្លែមកឱ្យម្តាយរបស់គេ តែគេបែរជាយកខ្នុរទាំងនោះ ទៅលក់កាលពីថ្ងៃទី៤ មីនា ជាហេតុធ្វើឱ្យនាងមានការអាក់អន់ចិត្ត ក៏ប្រាប់ពីការផ្តាច់និស្ស័យនឹងគ្នា ហើយឈ្មោះភាព តូចចិត្តក៏ចង់ប្រល័យសង្ខារខ្លួនឯង ដោយការលោតទឹកពីលើស្ពានគីហ្សុ៊ណាតែម្តង ៕
ចែករំលែកព័តមាននេះ