រាជធានីភ្នំពេញ ៖ អ្នកចម្រៀងម្នាក់ប្រចាំក្លិបកម្សាន្តថោន កាលពីព្រឹកថ្ងៃទី៦ មីនា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ថា បានរួមភេទជាមួយអនីតិជនអាយុក្រោម១៥ ឆ្នាំ ។ អ្នកចម្រៀងប្រចាំក្លិបថោនរូបនេះឈ្មោះ ជុំ សម្ផស្ស ហៅចេស្តា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
ចំណែកក្មេងស្រីអាយុ១៤ឆ្នាំ មានទីលំនៅក្នុងបុរីពិភពថ្មី ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ អង្គហេតុដែលបណ្តាលឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនអ្នកចម្រៀងរូបនេះ គឺកាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៤ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ដែលជាម្តាយក្មេងស្រីតាមរយៈអង្គការសម្ព័ន្ធចាប់ដៃសម្រាប់អនីតិជននៅកម្ពុជា បានប្តឹងពីឈ្មោះ ជុំ សម្ផស្ស ហៅចេស្តា ជាអ្នកចម្រៀងប្រចាំក្លិបកម្សាន្តថោន ដែលមានទីតាំងនៅខាងក្រោយក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ប្រភពព័ត៌មានឱ្យដឹងថា ពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី បានចោទប្រកាន់អ្នកចម្រៀងរូបនេះថា កាលពីយប់ថ្ងៃទី១ មករា ឈ្មោះចេស្តា បានទៅនាំកូនស្រីគាត់ចេញពីផ្ទះបាត់១យប់ លុះស្អែកឡើង កូនស្រីគាត់មកដល់ផ្ទះវិញ សួរនាំទៅប្រាប់ថាឈ្មោះចេស្តា យកនាងទៅរួមភេទនៅផ្ទះសំណាក់ ។ ជាមួយនេះនាងបានប្រាប់ម្តាយទៀតថា មិនមែនតែម្តងនេះទេដែលឈ្មោះ ជុំ សម្ផស្ស ហៅចេស្តា លួងលោមនាងទៅរួមរ័កនៅផ្ទះសំណាក់នោះ គឺសរុបទៅ៤លើកមកហើយ ។
ក្មេងស្រីនិយាយទៀតថា បានជាចាញ់បោកអស់ព្រហ្មចារីជាមួយអ្នកចម្រៀងម្នាក់នោះ ព្រោះនាងចង់ក្លាយជាតារាចម្រៀងដែរ ដូច្នេះដើម្បីឱ្យបានធ្វើជាតារា នាងសុខចិត្តលះបង់អ្វីៗដែលគេត្រូវការ ទីបំផុតបានត្រឹមខកខ្លួនជាមួយអ្នកចម្រៀងតាមក្លិបបោកយកព្រហ្មចារី ។ ក្រោយពីមានពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រី និងតាមការបំភ្លឺរបស់សាមីខ្លួន សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានសុំបើកសវនាការស៊ើបអង្កេតពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី៤ មីនា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកចម្រៀងឈ្មោះ ជុំ សម្ផស្ស ហៅចេស្តា ទៅសាកសួរ ។
ពេលសួរចម្លើយ ជនឈ្មោះ ជុំ សម្ផស្ស គឺមានការសុីសង្វាក់គ្នាទៅនឹងពាក្យបណ្តឹងដែលបង្ហាញថា ពិតជាជាប់ពាក់ព័ន្ធនឹងបទល្មើសដូចការចោទប្រកាន់មែន ទើបនគរបាលកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ