ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​កោះ​សន្តិភាព​​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ឈឺ​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​អ្នក​សារព័ត៌មាន​​ជើង​ចាស់​ម្នាក់ ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព​​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ស្ពឺ ​​និង​ភ្នាក់​ងារ​​​​យក​ព័ត៌មាន​នៅ​មជ្ឈ​មណ្ឌលដើមអម្ពិល​ កំពុង​ជួប​ការ​លំបាក​ដោយ​សារ​គាត់​មានជំងឺ​​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ​កំពុង​សម្រាក​ព្យាបាល​​​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​​បង្អែក​​ខេត្ត​កំពង់ស្ពឺ ​​ហើយ​សូមអំពាវ​នាវ​​ស្វែង​រក​​ជំនួយ​សង្គ្រោះ​ផង​ដែរ ។

ខេត្តកំពង់ស្ពឺ ៖ ​អ្នក​សារព័ត៌មាន​​ជើង​ចាស់​ម្នាក់ ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព​​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ស្ពឺ ​​និង​ភ្នាក់​ងារ​​​​យក​ព័ត៌មាន​នៅ​មជ្ឈ​មណ្ឌលដើមអម្ពិល​ កំពុង​ជួប​ការ​លំបាក​ដោយ​សារ​គាត់​មានជំងឺ​​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ​កំពុង​សម្រាក​ព្យាបាល​​​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​​បង្អែក​​ខេត្ត​កំពង់ស្ពឺ ​​ហើយ​សូមអំពាវ​នាវ​​ស្វែង​រក​​ជំនួយ​សង្គ្រោះ​ផង​ដែរ ។

​លោកនៅ ចំរើន ​អាយុ​៦៥​ឆ្នាំ ​មានតួនាទី​ជា​​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​កាសែត​កោះសន្តិភាព​​​ជើង​ចាស់​ម្នាក់​ប្រចាំ​ខេត្ត​​​កំពង់ស្ពឺ ​​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​តា​មាន់ ឃុំព្នាយ​​ ស្រុកសំរោង​ទង ​​កំពុង​តែ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​​ជាច្រើន​ប្រភេទ​​​ ហើយបច្ចុប្បន្ន​​បាន​សម្រាកព្យា​បាល​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​ ខេត្ត​កំពង់ស្ពឺ ​ ពេលនេះ​កំពុង​​​ជួប​ការ​លំបាក​​​ខ្វះ​ខាត​​ប្រាក់កាស ដើម្បី​​ព្យាបាល ​​ព្រោះ​​ក្រុមគ្រួសារ​​របស់​គាត់​ពុំ​មានជីវភាព​​ធូរ​ធា​ប៉ុន្មានឡើយ ទើប​អំពាវនាវ​ដល់​សប្បុរសជន​នានា​ និង​មិត្តភក្តិ​​អ្នក​សារព័ត៌មាន​​​ មេត្តា​ជួយ​​ឧបត្ថម្ភ​​ទៅ​តាមលទ្ធ​
ភាព ។

​លោកនៅ ចំរើន ​ពី​អតីត​​​លោក​ធ្លាប់​​ជា​​​មន្ត្រី​រាជ​ការ​​បម្រើ​ការងារ​ក្នុង​មន្ទីរ​ឃោសនា​ការ​ខេត្ត​កំពង់ស្ពឺ ​ប៉ុន្តែ​បាន​បោះ​បង់​ចោល​ ហើយ​ងាក​មក​ចាប់​អាជីព​ជា​អ្នក​កាសែត​​រហូត​ដល់​សព្វ​ថ្ងៃនេះ​តែម្តង ។

 សូមបញ្ជាក់​​ថា ​លោកនៅ​ ចំរើន ​​ជា​អ្ន​ក​សារព័ត៌មាន​ជើង​ចាស់​ម្នាក់​​​ ជាអ្នក​និពន្ធ​​សៀវភៅ​ប្រលោម​លោក ដែល​បាន​ចូល​រួម​ចំណែក​សរ​សេរ​អត្ថបទ​​យ៉ាង​ច្រើន ដើម្បី​រួម​ចំណែក​​​លើកស្ទួយ​​វិស័យ​សារព័ត៌​មាន​​​ និង​ជួយ​​កែលំអ​សង្គម​ផងដែរ ។ លោក​បាន​ចូល​បម្រើ​ការងារ​​ក្នុង​អង្គភាព​​​កាសែត​កោះសន្តិភាព​ចាប់តាំង​ពី​កាសែត​មួយនេះ​កកើត​​​ដំបូង​ម្ល៉េះ រហូតដល់បច្ចុប្បន្ន​ចំពោះ​​មន្ត្រី​រាជ​ការ​​ ប្រជា​ពលរដ្ឋ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​​​ចូល​ចិត្ត​រាប់​អាន​លោកណាស់ ព្រោះ​លោក​ជា​មនុស្សស្លូត​បំ​ផុត និង​ឆាប់រាប់​អាន ។

ភរិយា​​លោកនៅ​ ចំរើន ​បាន​ប្រាប់​​ឱ្យ​ដឹង​កាលពីព្រឹកថ្ងៃទី​៦ មីនា ២០១៤ ​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ​ពេល​នេះ​​ប្តី​របស់​គាត់​​ធូរ​ខ្លះ​ហើយ​អាច​និយាយ​បាន ​និង​ហុត​ទឹកបបរ​បាន​តិចៗ ។ គាត់​ចាប់​ផ្តើម​ឈឺ​ធ្ងន់​​​កាលពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៤ កន្លងមកនេះ ​​ដោយ​មាន​អាការ​ខ្សោយ​​អស់កម្លាំង វិល​មុខ​​ បន្ទាប់​មក​ធ្លាក់​ឈាម​យ៉ាង​ច្រើន​​ ទើបប្រញាប់​​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ខេត្ត​ចូល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ភ្លាមៗ ហើយ​ដាក់​បញ្ចូល​​ឈាម​អស់​ចំនួន​២ប្លោក ទើប​បានធូរ​​ស្រាលបន្តិច ។​​ លោកស្រីបន្តថា ​​ក្រោយពី​​គ្រូពេទ្យ​​ពិនិត្យ​រួចរាល់បានប្រាប់ថា ប្តី​របស់គាត់​​មាន​ជំងឺ​ច្រើន​ប្រភេទណាស់ ត្រូវ​ការ​ពេលវេលា​​ព្យា​បាល​​យូរ ម្តង​មួយ​មុខៗ ។

​ក្រុម​គ្រូពេទ្យ​​បាន​និយាយ​ថា ​អ្នកជំងឺ​ឈ្មោះនៅ​ ចំរើន ​គាត់​មាន​បញ្ហា​រលាក​សួត​ធ្ងន់ធ្ងរ​បំផុត ​រហូត​​ធ្លាក់ឈាម​ធ្វើឱ្យ​មាន​ការ​បាត់​បង់​ឈាមច្រើន ។ គាត់​មាន​ជំងឺ​ច្រើន​ទៀត​ដូចជា​ រលាកក្រពះ ពោះ​វៀន ​និងថ្លើម​ ដូច្នេះ​ត្រូវ​ការ​ពេលវេលា​​ច្រើន​សម្រាប់​ព្យា​បាល​​ រីឯ​​​ថវិកា​​​ក៏ត្រូវ​ចំណាយ​​ច្រើន​ដែរ ។ ដោយ​សារ​តែ​ជីវភាព​​គ្រួសារ​របស់​លោកនៅ ចំរើន ​មានជីវភាព​​មិន​សូវ​​ធូរធា​នោះទេ ម្យ៉ាង​ទៀត​​​គ្មាន​អ្ន​ក​គោល​ជំហរ​​ផង​នោះ ​និង​សូម​អំពាវនាវ​​ដល់សប្បុរសជន​នានា មិត្តភក្តិ ជាអ្នក​សារព័ត៌មាន​​ មេត្តា​​ចែករំលែក​ទុក្ខ​លំបាក​ជួយ​ឧបត្ថម្ភ​​​ទៅតាម​លទ្ធភាពរៀងៗខ្លួន ។

ចំពោះ​​អង្គ​ភាព​សារព័ត៌មាន​ ដែលលោក​​បានបម្រើ​​ បាន​​ផ្តល់​នូវការឧបត្ថម្ភ​​ក៏​មាន​កម្រិត​ដែរ ។ ដើម្បី​ជួយ​​​ដោះស្រាយ​ការ​ខ្វះ​ខាត​​ដ៏ធំ​នេះ ​មានតែ​សូម​អំពាវនាវ​​ដល់​មិត្តភក្តិ​ជិតឆ្ងាយ ​ដល់​​អ្នក​​សារព័ត៌មាន​​រួម​​វិជ្ជា​ជីវៈ​​ មេត្តា​​ឧបត្ថម្ភ​​ និង​ជួយ​​លើក​ទឹក​ចិត្ត​​ក្នុង​គ្រា​លំបាក​​នេះ​ដោយ​ក្តី​មេត្តា​ផង ។​