រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ធ្វើការបណ្តុះបណ្តាលបន្ថែមដល់សិស្សនៃវិទ្យាស្ថាននេះ ឱ្យទទួលបានចំណេះដឹងបន្ថែម ទាក់ទងនឹងបច្ចេកវិទ្យាទំនើបនៃទូរស័ព្ទដៃស្មាតហ្វូន ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃទី៥ មីនា ដោយមានការអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលពីសំណាក់តំណាងក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា-ឡាវ និងនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនោះដែរ លោក Gwihan Lee នាយកគ្រប់គ្រងក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា-ឡាវ បានមានប្រសាសន៍ថា ក្រុមហ៊ុន Samsung មានការយល់ឃើញផ្សេងពីក្រុមហ៊ុនដទៃទៀត ដែលមានន័យថា ក្រុមហ៊ុន Samsung មិនមែនគ្រាន់តែជាក្រុមហ៊ុនរកប្រាក់ចំណូលនោះទេ ប៉ុន្តែក៏បានគិតអំពីការផ្តល់ជូននូវអត្ថប្រយោជន៍នានាដល់សង្គមផងដែរ ។ ហើយចំពោះការបង្កើតវគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើគោលគំនិត២ គឺការពង្រឹងលើកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការពង្រឹងខ្លួនឯងផ្ទាល់ក្នុងនាមជាម៉ាកផលិតផលបច្ចេកវិទ្យាក្នុងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិ និងគោលគំនិតមួយទៀត គឺការជួយពង្រឹងសក្តានុពលនៃសមត្ថភាពនិយោជិតសម្រាប់បេក្ខភាពការងារដោយផ្តោតលើក្រុមសិស្សជំនាន់ខ្ពស់ ។
លោកបន្តថា Samsung Electronics សន្យាថា នឹងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលយ៉ាងមានប្រសិទ្ធភាពដែលគ្រូទទួលបានការបណ្តុះបណ្តាលយ៉ាងដិតដល់ពីសំណាក់ក្រុមជំនាញ Samsung ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាមួយសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ហើយម៉្យាងនៅពេលដែលប្អូនៗមានចំណេះដឹងផ្នែកនេះហើយ ប្អូនៗក៏អាចយកចំណេះជំនាញនេះ ទៅប្រកបរបរសម្រាប់ចិញ្ចឹមខ្លួនឯង ជួយគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ ។ ការបង្រៀនមនុស្សឱ្យចេះនូវជំនាញអ្វីមួយប្រសើរជាងការឱ្យលុយមនុស្សនោះដោយគ្មានធ្វើអ្វី ។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាពេលនេះ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុន Samsung សម្រាប់បណ្តុះបណ្តាលដល់និស្សិតមហាវិទ្យាល័យអេឡិចត្រូនិកនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ក្នុងគោលបំណងបង្កើននូវការយល់ដឹងមួយកម្រិតទៀត ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Samsung ជាពិសេសលើវិស័យ Samsung Smart-Phone ៕
ចែករំលែកព័តមាននេះ