ខេត្តកំពង់ចាម ៖ ស្ត្រីសង្ស័យជាមេខ្យល់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ១៩២ព.ស របស់លោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៦ មីនា ២០១៤ ពីបទនាំមនុស្សចេញទៅកាន់ប្រទេសចិនរៀបការមិនស្របច្បាប់។
ស្ត្រីសង្ស័យឈ្មោះកើត គឹមយាង អាយុ៥០ឆ្នាំ រស់នៅភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស។ តាមលោកវរសេនីយ៍ត្រីថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ស្ត្រីជាមេខ្យល់នេះបានមកដល់ផ្ទះស្ត្រីរងគ្រោះឈ្មោះសុខទៀង អាយុ២៦ឆ្នាំ ក្នុងអំឡុងខែកក្កដា ២០១៣ ហើយលួងលោមអូសទាញនាងឱ្យទៅយកប្តីជាជនជាតិចិនដីគោក ដោយអះអាងថា បុរសចិននោះជាអ្នកមានជីវភាពធូរធារទៀតផង ចំណែកថ្លៃធ្វើដំណើររូបគេជាអ្នកចេញទាំងអស់ ព្រមទាំងឱ្យថ្លៃទឹកដោះ៤៥០ដុល្លារថែមទៀត។
លោកវរសេនីយ៍ត្រីថុល ម៉េង បន្តឱ្យដឹងទៀតថា ក្រោយពីបញ្ចុះបញ្ចូលហើយធ្វើឱ្យស្ត្រីរងគ្រោះមានជំនឿលើមេខ្យល់នោះទាំងស្រុងតែម្តង។ លុះនៅថ្ងៃទី៧ សីហា ២០១៣ មេខ្យល់បាននាំស្ត្រីរងគ្រោះទៅរាជធានីភ្នំពេញប្រគល់ឱ្យមេខ្យល់ម្នាក់ទៀតមិនស្គាល់ឈ្មោះបញ្ជូនតាមរថយន្តឈ្នួលទៅកាន់ច្រកទ្វារអន្តរជាតិបាវិតក្នុងខេត្តស្វាយរៀងទៅកាន់ប្រទេសវៀតណាម រួចបង្ហួសទៅប្រទេសចិនតែម្តង។ ស្រាប់តែនៅយប់ថ្ងៃទី២៦ កញ្ញា ២០១៣ ស្ត្រីរងគ្រោះបានទូរស័ព្ទមកប្រាប់បងស្រីរបស់នាងថា ប្តីចិននោះបានបង្ខំរួមភេទលើរូបនាងទាំងមានជំងឺ ព្រមទាំងបិទសេរីភាពមិនឱ្យចេញទៅណាទៀតផង។
លោកវរសេនីយ៍ត្រីថុល ម៉េង បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី៥ មីនា ២០១៤ ពេលទទួលដំណឹងថា មេខ្យល់ឈ្មោះកើត គឹមយាង បានវិលត្រឡប់មកពីចិនវិញ សមត្ថកិច្ចបានកោះហៅទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលឃុំកងតាណឹងដឹងការពិតក៏ឃាត់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ